Connect with us

អ្នករចនាម៉ូដ ផ្តល់ជីវិតឡើងវិញ ដល់ម៉ូដសម្លៀកបំពាក់ពីសម័យដើមរបស់ចិន ក្នុងទិវាសប្តាហ៍បង្ហាញម៉ូដសម្លៀកបំពាក់

ប្រទេសចិន ៖ អ្នករចនាម៉ូតសម្លៀកបំពាក់ បានផ្តល់ជីវិតថ្មីដល់ម៉ូតសម្លៀកបំពាក់ចាស់ៗ នៅក្នុងកម្មវិធីបង្ហាញម៉ូតមួយ ដែលបង្ហាញម៉ូតសម្លៀកបំពាក់សម្រាប់រដូវផ្ការីក និង រដូវក្តៅ នាពេលខាងមុខនេះ។ សម្លៀកបំពាក់ ដែលបានបង្ហាញ បានបង្កើតចេញពីការលាយគ្នារវាងវប្បធម៌និងបច្ចេកវិទ្យា ដោយរក្សាផ្នែកខ្លះនៃម៉ូតដែលពេញនិយមនាសម័យឆ្នាំ១៩៨០របស់ប្រទេសចិន ។

ក្នុងចំណោមការបង្ហាញម៉ូតទាំងនោះ មានការបង្ហាញមួយដែលធ្វើឱ្យម៉ូតសម្លៀកបំពាក់ចិន ពីមុន បានរស់ឡើងវិញ ដោយប្រើបច្ចេកវិទ្យា ។ អ្នករចនាម៉ូត បានរៀបចំ រ៉ូប ដែលផលិតចេញពីក្រណាត់សូត្របែបប្រពៃណី ដែលមានគុណភាពល្អបំផុត ក្នុងន័យចង់ធ្វើឱ្យវប្បធ៌មដែលសល់ពីបុរាណនេះ រស់រានមានជីវិតឡើងវិញ ។ អ្នករចនាម៉ូត បានបញ្ចូលភាពទាន់សម័យទៅក្នុងម៉ូតរចនាសម្លៀកបំពាក់របស់ពួកគេ ដោយប្រើវិធីព្រីនរូបតាមឌីជីថល និងបច្ចេកវិទ្យាណាណូ។

អ្នកស្រី ជីន ហួយ អ្នករចនាម៉ូតសម្លៀកបំពាក់ បាននិយាយថា “ខ្ញុំយល់ថា វាអាចផ្លាស់ប្តូរការយល់ឃើញរបស់មនុស្ស អំពីវប្បធម៌អរូបិយ និង ក្រណាត់សូត្របុរាណរបស់ចិន។ យើង បានបញ្ចូល បច្ចេកវិទ្យា ទៅក្នុងម៉ូដសម្លៀកបំពាក់របស់យើង ហើយក៏បានប្រើក្រណាត់សម័យបច្ចុប្បន្នច្រើនដែរ ដូចជាក្រណាត់ថ្លា និង គ្រឿងផ្លេកៗជាដើម។ វា បន្ថែមភាពទាន់សម័យដល់សម្លៀកបំពាក់របស់ យើង។ ប្រធានបទរបស់យើង មានចំណងជើងថា “ជួបជុំគ្នា” ដែលបង្ហាញថា យើងចង់ឱ្យវប្បធម៌អរូបិយ អាចបន្តមានវត្តមាននៅតាមកន្លែងផ្សេងទៀត ដែលលើសពីសារៈមន្ទីរ ។ ”

ការបង្ហាញម៉ូដមួយទៀត បានរំលឹកដល់ម៉ូដសម្លៀកបំពាក់ពីសម័យដើម នាជំនាន់ទស្សវត្សឆ្នាំ១៩៨០ ។ អ្នករចនាម៉ូត ដែលបានកើតនៅជំនាន់ឆ្នាំ៨០និង៩០ បានរំជួលចិត្ត នឹងម៉ូតសម្លៀកបំ ពាក់នាសម័យនោះ ហើយក៏ចង់ធ្វើឱ្យម៉ូតសម្លៀកបំពាក់ចំនួន១៨ម៉ូតរបស់សម័យនោះ មានជីវិតរស់ឡើងវិញ ដោយបន្ថែមភាពទាន់សម័យបន្តិចបន្តួច។

លោក អ៊ូ លីង អ្នកគ្រប់គ្រងកម្មវិធីបង្ហាញម៉ូដ បានលើកឡើងថា “មែនទែនទៅ ការបង្ហាញម៉ូដនេះ គឺជាអ្វីដែលមនុស្សដែលកើតជំនាន់ខ្ញុំ បានទន្ទឹងរង់ចាំ ។ ម៉ូដនេះ មានចំនុចស្រដៀងនឹងពួកយើង ត្រង់ផ្នែកអត្តសញ្ញាញប្រចាំខ្លួន ភាពច្នៃប្រឌិត ចំនង់ចំនូលចិត្ត និងការត្រៀមខ្លួនដើម្បីរ៉ាប់រងការទទួលខុសត្រូវ ដែលយើងមានក្នុងសម័យនេះ។ ”

ម៉ូដសម្លៀកបំពាក់រាប់សិប ដែលបានបង្ហាញក្នុងកម្មវិធីនេះ បានច្របាច់បញ្ចូលគ្នានូវម៉ូដនិងធាតុផ្សំផ្នែកវប្បធម៌ ដោយបង្ហាញនូវភាពប្លែកខុសពីគេ ភាពសំខាន់ ឆន្ទៈ និងភាពច្នៃប្រឌិតរបស់អ្នករចនាម៉ូតនាជំនាន់បច្ចុប្បន្ន នៅក្នុងប្រទេសចិន។

ទិវាបង្ហាញម៉ូដដែលមានរយៈពេល៩ថ្ងៃ នាទីក្រុងប៉េកាំងនេះ បានទាក់ទាញអ្នករចនាម៉ូដប្រហែល១៥០នាក់ មកពីប្រទេសចិននិងទូទាំងពិភពលោក ដោយមានការបង្ហាញម៉ូដចំនួន៩៦លើក និងការប្រកួតម៉ូដសម្លៀកបំពាក់ចំនួន២ផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម