Connect with us

ស្ពាន ស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានរាជរដ្ឋាភិបាលសម្រេចដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានមិត្តភាពកម្ពុជា-ចិន តភ្ជាប់ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននេះ គឺដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ជាពិសេស សម្រាប់ការធ្វើចរាចរណ៍ នៅឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ខណៈស្ពាននេះ បានសាងសង់រួចមុនកាលកំណត់ប្រមាណ២ខែ។

លោកទេសរដ្ឋមន្ត្រី បន្ថែមថា នៅពេលដែលមានពេលវេលាសមស្របណាមួយសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាននេះជាផ្លូវការ ហើយនឹងបើកការដ្ឋានសាងសង់ផ្លូវលេខ៧១C ដែលតភ្ជាប់ពីស្ពាន់មិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារនេះ ទៅចំការលើ និងទៅកាន់ផ្លូវលេខ៧។

ស្ពាននេះ មានប្រវែងសរុប ១១៣១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋាន កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយចំណាយថវិកាសរុបជាង ៥៦លានដុល្លារសហរដ្ឋអាមេរិក។

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារនេះ មានទីតាំងស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើតស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម