Connect with us

គោលនយោបាយសេដ្ឋកិច្ចថ្មីរបស់រដ្ឋាភិបាលកូរ៉េ នឹងជំរុញអោយទំហំពាណិជ្ជកម្មកូរ៉េ និងអាស៊ាន ជាពិសេសកម្ពុជា នឹងកាន់តែកើនឡើង

ភ្នំពេញ ៖ អ្នកជំនាញផ្នែកគោលនយោបាយសេដ្ឋកិច្ចអន្តរជាតិនៃសាធារណៈរដ្ឋកូរ៉េ បានគូសបញ្ជាក់ថា គោលនយោបាយភាគខាងត្បូងថ្មី របស់រដ្ឋាភិបាលកូរ៉េ មានគោលដៅក្នុងការកសាង នូវសហគមន៍សន្តិភាពមួយ ដែលធ្វើអោយមានការរស់នៅកាន់តែល្អប្រសើររវាងកូរ៉េ ជាមួយនិង អាស៊ាន ក៏ដូចជាជាមួយនឹងប្រទេសឥណ្ឌា ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានមកពីតំបន់អាស៊ាន នៅទីស្នាក់ការកណ្តាលនាទីក្រុងសេជុង កាលពីពេលថ្មីៗនេះ លោក ក្វាក ស៊ុងអ៊ីល នាយកប្រតិបត្តិនៃវិទ្យាស្ថានកូរ៉េ សម្រាប់គោលនយោបាយសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើង ថា គោលនយោបាយថ្មីរបស់កូរ៉េនេះ មិនមានចរិតអនុត្តរភាពលើបណ្តាប្រទេសណានោះទេ គឺ ជាគោលនយោបាយក្នុងការកសាងសហគមន៍មួយ ដែលធ្វើអោយជីវភាពរស់នៅរបស់ប្រជាជន កាន់តែមានភាពល្អប្រសើរ ។
លោក ក្វាក ស៊ុងអ៊ីល បានបញ្ជាក់ថា តាមរយៈគោលនយោបាយថ្មីនេះ បង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលកូរ៉េ នាពេលបច្ចុប្បន្ន បានកំពុងសម្លឹងមើលមកប្រទេសឥណ្ឌា និង តំបន់អាស៊ាន ជាពិសេស ប្រទេសកម្ពុជា ជាដៃគូរសហប្រតិបត្តិការកាន់តែខ្លាំងជាងមុនលើផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដើម្បីភាពរុងរឿងនៃភាគីទាំងពីរ ។


តាមរយៈ គោលនយោបាយថ្មីនេះ រដ្ឋាភិបាលកូរ៉េ កំពុងពិនិត្យលទ្ធភាពគ្រប់បែបយ៉ាង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសឥណ្ឌា ដើម្បីផលប្រយោជន៍នៃប្រជាជនទាំងពីរ ។ ដូចនេះ វាជាឪកាសសម្រាប់ប្រទេសកម្ពុជា រួមនឹងប្រទេសជា សមាជិកអាស៊ានផ្សេងៗទៀត ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយនឹងកូរ៉េ ។
បើតាមរបាយការណ៍ឆ្នាំ២០១៧ ពីវិទ្យាស្ថានកូរ៉េ សម្រាប់គោលនយោបាយសេដ្ឋកិច្ចអន្តរជាតិ នេះ បានបង្ហាញ ថា វិនិយោគិនកូរ៉េ បានបោះទុនវិនិយោគនៅកម្ពុជាប្រមាណ ៤ពាន់ ៥០០ លានដុល្លាអាមេរិក លើវិស័យវាយនភ័ណ្ឌកាត់ដេរ អចលនៈទ្រព្យ និង កសិកម្ម ខណៈដែលទំហំ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនដល់ ៩០០លានដុល្លាអាមេរិក ។
សូមរំលឹកថា លោកប្រធានាធិបតី ម៉ូន ជេអ៊ីន បានប្រកាសពីគោលនយោបាយថ្មីនៃ រដ្ឋាភិបាលលោក គឺគោលនយោបាយភាគខាងត្បូងថ្មី (New Southern Policy) កាលពីថ្ងៃទី ២០ វិច្ឆិកា ២០១៧ ។ ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី បានបំពេញទស្សនៈកិច្ចការងារទៅកាន់ប្រទេសវៀតណាម សីង្ហបុរី និងប្រទេសឥណ្ឌា និងការមកបំពេញទស្សនៈកិច្ចរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី នៅសាធារណៈរដ្ឋកូរ៉េ ។
តាមរយៈគោលនយោបាយថ្មី សាធារណៈរដ្ឋកូរ៉េ រំពឹងថា នឹងអាចពង្រីកទំហំពាណិជ្ជកម្មរវាងកូរ៉េ និង អាស៊ាន អោយបានដល់ ២០០ពាន់លានដុល្លា នៅឆ្នាំ២០២១ ខណៈដែល កាលពីឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងកូរ៉េ បានឈានដល់ ១២០ពាន់លានដុល្លា សហរដ្ឋអាមេរិក ។ ចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ចកម្មសេរីរវាងកូរ៉េ និង អាស៊ាន កាលពីឆ្នាំ២០១៧មក ទំហំពាណិជ្ជកម្មរវាងប្រទេសកូរ៉េ និង អាស៊ាន មានការកើនឡើង ជាលំដាប់ ៕ 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម