Connect with us

រដ្ឋមន្រ្តីសុខាភិបាល ចង់អោយមានរោងចក្រផលិតថ្នាំពេទ្យនៅកម្ពុជា បន្ថែមទៀត ក្រោយក្រុមហ៊ុនមួយ សម្រេចចិត្តនឹងបង្កើតរោងចក្រផលិតថ្នាំពេទ្យនៅភ្នំពេញ

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា CDC បានសម្រេចអនុម័តលើគម្រោងបង្កើតរោងចក្រផលិតថ្នាំពេទ្យរបស់ក្រុមហ៊ុន Cath Phama Co., Ltd ដែលមានទីតាំងវិនិយោគស្ថិតនៅសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៦,៣ លានដុល្លារអាមេរិក ។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្វាគមន៍ចំពោះគម្រោងវិនិយោគនេះ ហើយរំពឹងថា ការវិនិយោគនេះ នឹងជួយរួមចំណែកលើកស្ទួយផលិតកម្មថ្នាំពេទ្យនៅកម្ពុជា ព្រមទាំងកាត់បន្ថយការនាំចូលមួយកម្រិតផងដែរ ។
ឯកឧត្តម បញ្ជាក់ថា ក្រសួងសុខាភិបាល បន្តលើកទឹកចិត្តឲ្យមានការវិនិយោគបង្កើតរោងចក្រ ផលិតថ្នាំពេទ្យនៅកម្ពុជាឲ្យបានច្រើន ប៉ុន្តែការវិនិយោគនេះ ក៏ត្រូវគិតគូរអំពីគុណភាពឳសថ ដែលធានាប្រសិទ្ធភាពនៃការព្យាលជំងឺ និងមិនបង្កផលប៉ះពាល់ដល់សុខ ភាពអ្នកប្រើប្រាស់។
បើតាមរបាយការណ៍ពីក្រសួងសុខាភិបាល បានអោយដឹងថា ជម្ងឺដែលប្រជាពលរដ្ឋកម្ពុជាកំពុងតែប្រឈមច្រើននាពេលសព្វថ្ងៃនេះ គឺមានដូចជា ជម្ងឺរលាកផ្លូវដង្ហើម ដែលកើតនៅលើកុមារ និងជំងឺរាករូស ជំងឺក្រពះ-ពោះវៀន ។ ចំណែកជម្ងឺរ៉ាំរ៉ៃ ដូចជា ជម្ងឺលើសសម្ពាធឈាម ជម្ងឺទឹកនោមផ្អែម និង ជម្ងឺមហារីកជាដើម។

បច្ចុប្បន្ន ឳសថនៅប្រទេសកម្ពុជាប្រមាណពី ៨០ ទៅ ៨៥ភាគរយ ត្រូវបានគេនាំចូលពីបរទេស ហើយភាគច្រើនគឺមក ពីប្រទេសឥណ្ឌា កូរ៉េខាងត្បូង អូស្ត្រាលី ថៃ និងជប៉ុន។ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រទេសឥណ្ឌា គឺជាប្រភពឳសថធំបំផុតដែលកម្ពុជាធ្វើការនាំចូល ខណៈការផលិត ក្នុងស្រុកផ្គត់ផ្គង់បានប្រមាណ ១៥ទៅ ២០ភាគរយ។
យោងតាមការស្ទង់មិតិរបស់សភាពាណិជ្ជកម្មឥណ្ឌា នាពេលកន្លងមក បានព្យាករណ៍ ថា ប្រទេស កម្ពុជាបានចំណាយទៅលើការប្រើប្រាស់ឳសថប្រមាណ ៣០០លានដុល្លារ នៅក្នុងឆ្នាំ២០១៤ និងជាង ៥០០លានដុល្លារនៅឆ្នាំ ២០១៩ ។ តួរលេខនៃតម្រូវការប្រើប្រាស់ថ្នាំពេទ្យនឹងកើនឡើងពីរខ្ទង់ ក្នុងមួយឆ្នាំៗ ក្នុងរយៈពេលមធ្យម។
យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម បង្ហាញថា ប្រទេសកម្ពុជាបានចំណាយប្រមាណ ១៧៨លាន ដុល្លារអាមេរិក ដើម្បីនាំចូលឳសថ និងបរិក្ខាពេទ្យពីបរទេសសម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក ក្នុងឆ្នាំ ២០១៤ កើនឡើង ៩ភាគរយ បើធៀបក្នុងឆ្នាំ ២០១៣៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម