Connect with us

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើឲ្យចិនបង្កើនការទិញអង្ករ និងកសិផលពីកម្ពុជាបន្ថែមទៀត

ប្រទេសចិន ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើប្រទេសចិន បង្កើនការនាំចូលអង្ករ និង កសិផលពីកម្ពុជាថែមទៀត ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី។
ការស្នើរនេះ ធ្វើឡើងក្នុងឳកាសដែលឯកឧត្តម ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជា ទៅចូលរួមពិព័រណ៍អន្តរជាតិនាំចូលចិន China International Import Export Welcoming Banquet ដែលបានប្រព្រឹតិ្តទៅ កាលពីម្សិលមិញ។
បើតាមក្រសួងពាណិជ្ជកម្ម កាលពីកន្លងទៅនេះ កម្ពុជា-ចិន បានចុះកិច្ចព្រមព្រៀងលើពាណិជ្ជកម្មអង្ករ ដោយភាគីចិន សន្យាបង្កើនការទិញអង្ករពីកម្ពុជាយ៉ាងតិច ២០ម៉ឺនតោនឡើងទៅ សម្រាប់ឆ្នាំ ២០១៨នេះ ។
ថ្លែងក្នុងពិធីបើកពិព័រណ៌ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានអះអាងថា ប្រទេសចិន ស្វាគមន៍ប្រទេសទាំងអស់ ហើយចិន នឹងខិតខំកាត់បន្ថយអត្រាពន្ធគយថែមទៀត ដើម្បីសម្រួលការធ្វើពាណិជ្ជកម្មឱ្យមានលក្ខណៈកាន់តែល្អប្រសើរ ។ លោក ប្រធានាធិបតីចិន បានថ្លែងថា ក្នុងរយៈពេល១៥ឆ្នាំខាងមុខ ការនាំចូលផលិតផលពីប្រទេសដៃគូ នឹងកើនឡើងរហូតដល់ ៣០ទ្រីលានដុល្លារអាមេរិក ហើយសេវាកម្ម ក៏នឹងមានការកើនឡើងដល់ ១០ទ្រីលានដុល្លារ ។


លោក ស៊ី ជីនពីង បានបញ្ជាក់ថា ប្រទេសចិន គឺជាមហាអំណាចសេដ្ឋកិច្ចទី២ លើពិភពលោក និង ជាទីផ្សារដ៏ធំដែលមានសក្តានុពលអតិថិជន ១៣០០លាននាក់ ។ ដូច្នេះចិន នឹងពង្រឹងគោលនយោបាយបើកចំហរ ហើយបន្តរៀបចំពិព័រណ៍នាំចូលអន្តរជាតិចិននេះ ឱ្យកាន់តែធំឡើងៗ រៀងរាល់ឆ្នាំ ។
សូមជម្រាបថា ព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិនឆ្នាំនេះ បានរៀបចំនៅលើផ្ទៃក្រឡា ៣០ម៉ឺនម៉ែត្រការ៉េ ដែលមានការចូលរួមពីប្រទេស និងអង្គការអន្តរជាតិសរុប ចំនួន ១៧២ នៅក្នុងនោះមានក្រុមហ៊ុនសហគ្រាសចំនួន ៣៦០០ក្រុមហ៊ុន ដែលមានអ្នកបញ្ជាទិញធំៗក្នុងពិភពលោកជាង ៤០ម៉ឺននាក់។
សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក៏មានការចូលរួមពីតំណាងក្រុមហ៊ុនចំនួន ១០ និងមានការរៀបចំពន្លាជាតិតាមរចនាបទខ្មែរទំហំ ១៣៦ម៉ែត្រការ៉េ ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ជាតិ ផងដែរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម