Connect with us

រាជរដ្ឋាភិបាល នឹងចេញប្រកាស ស្តីពីការកំណត់កម្រៃអតិបរមានៃសេវាគ្រប់គ្រងសំរាម និងសំណល់រឹង នៅទីប្រជុំជន

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានផ្តើមផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីការកំណត់កម្រៃអតិបរមា នៃសេវាគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន ក្នុងគោលបំណងពង្រឹងប្រតិបត្តិការសេវាគ្រប់ គ្រងសំរាម សំណល់រឹង ទីប្រជុំជនប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងនិរន្តរភាព សំដៅធានាបានសោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន។
គោលដៅនៃប្រកាសនេះ គឺកំណត់អំពីកម្រៃសេវាអតិបរមា ដើម្បីជាមូលដ្ឋានសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការកំណត់កម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
ក្នុងកិច្ចប្រជុំ នៅថ្ងៃម្សិលម៉ិញនេះ ក៏បានធ្វើការផ្សព្វផ្សាយខ្លឹមសារសំខាន់ៗនៃអនុក្រឹត្យលេខ១១៣ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមទីប្រជុំជន ដើម្បីធានាបាននូវសុវត្ថិភាព សុខភាពសាធារណៈ សោភ័ណភាព និងគុណភាពបរិស្ថាន។
បើតាមអនុក្រឹត្យនេះ គឺបានប្រគល់មុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនទៅឱ្យរដ្ឋបាលរាធានី ក្រុង ស្រុក, កំណត់វិធានការចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពនៃការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រួមនឹងលើកកម្ពស់ការយល់ដឹងសាធារណៈ និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមទីប្រជុំជន ។
ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ ស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមពង្រឹងការងារគ្រប់គ្រង និងការកែច្នៃសំណល់រឹង ព្រមទាំងការកែសម្រួលលើការគ្រប់គ្រងមូលនិធិបរិស្ថាន និងសង្គម ដើម្បីជំរុញដល់ការរៀបចំក្រុង ពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល មានតម្លាភា និងសុវត្ថិភាពបរិស្ថាន។
តាមការប៉ាន់ប្រមាណ ការប្រើប្រាស់ថង់ប្លាស្ទិកនៅទូទាំងប្រទសកម្ពុជា នាពេលបច្ចុប្បន្ននេះ គិតជាមធ្យមប្រមាណជា ២០តោនក្នុងមួយថ្ងៃ ហើយថង់ភាគច្រើនត្រូវបានគេនាំចូលពីប្រ ទេសវៀតណាម និងថៃ។ ចំណែកនៅរាជធានីភ្នំពេញ សំណល់រឹងសំរាមប្រមាណ ២៧០០តោន ត្រូវបានបង្កើតឡើងក្នុងមួយថ្ងៃៗ។
ទាក់ទិនបញ្ហាការគ្រប់គ្រង និងកែច្នៃសំរាមនេះដែរ មានប្រទេសជាច្រើនកំពុងរៀនសូត្រតាមប្រទេសស្វីស ខណៈសព្វថ្ងៃនេះប្រទេសស្វីស គឺជាប្រទេសទី១ដែលមានអាត្រានៃការកែច្នៃសំរាមឡើងវិញខ្ពស់ជាងគេបំផុតនៅអ៊ឺរ៉ុប ។ សហភាពអ៊ឺរ៉ុប ចង់អោយរដ្ឋជាសមាជិករបស់ខ្លួនមានការកែច្នៃសំរាមឡើងវិញអោយបានលើស ៥០%នៃការប្រមូលសំរាមនៅឆ្នាំ ២០២០៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម