Connect with us

អ្នកជំនាញ៖ សហគ្រាសធុនតូចនិងមធ្យម ជាច្រើន មិនមានឯកសាររបាយការណ៍ហិរញ្ញវត្ថុ ទើបពិបាកក្នុងការទទួលបានកម្ចី ពីធនាគារ

ភ្នំពេញ៖ ធនាគារកាណាឌីយ៉ាង បានផ្តើមជួយផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ដោយទម្លាក់កញ្ចប់ថវិកាហិរញ្ញប្បទានចំនួន ១៥០លានដុល្លាអាមេរិក នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន ។
ការទម្លាក់កញ្ចប់ថវិកានេះ គឺដើម្បីជួយទ្រង់ទ្រង់ផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម ដែលមានបំណងពង្រីកអាជីវកម្មរបស់ខ្លួន តែខ្វះទុនសម្រាប់ពង្រីក ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅពេលថ្មីៗនេះ លោក ហុង សុខឡេង នាយកឥណទានខ្នាតតូច និងមធ្យម នៃធនាគារកាណាឌីយ៉ា បានស្នើរអោយម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម (SME) ដែលចង់ទទួលបានកម្ចីពីធនាគារ ដើម្បីយកទៅពង្រីកអាជីវកម្ម គួរតែគត់ត្រានូវចំណូល ចំណាយ ឬ មានរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ ងាយស្រួលដល់ធនាគារធ្វើការវិនិច្ឆ័យ ។
តាមបទពិសោធន៍ លោក ហុង សុខឡេង បានលើកឡើងថា SME ជាច្រើន ចង់បានថវិកាដើម្បីពង្រីកអាជីកម្ម តែបែគ្មានរបាយការណ៍ច្បាស់លាស់ ។ លោក ថា របាយការណ៍ហិរញ្ញវត្ថុ ជាឧបករណ៍មួយ ក្នុងការកំណត់ត្រាអាជីវកម្ម ។ របាយការណ៍ហិរញ្ញវត្ថុនេះ គឺ ចាំបាច់បំផុត ដើម្បីឲ្យពួកគេស្វែងយល់ពីអាជីវកម្មរបស់ខ្លួន ។ ដូច្នេះដើម្បីឲ្យអាជីវកម្ម និង ផលិតផលរបស់ខ្មែរឈានជើងចូលទីផ្សារអន្ដរជាតិបាន លុះត្រាតែមានរបាយការណ៍ហិរញ្ញវត្ថុនេះ ជាចាំបាច់ និងច្បាស់លាស់ ។ ដូច្នេះ ម្ចាស់អាជីវកម្ម គួរចាប់ផ្ដើម មានរបាយការណ៍ហិរញ្ញវត្ថុកំណត់ត្រា ចាប់ពីពេលនេះតទៅ។
លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធ សមាគមសហគ្រាសធុនតូច និង មធ្យម បានថ្លែងថា វិ ស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានភាពរីកចម្រើនខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែសហគ្រាសភាគច្រើន នៅជួបបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ដើម្បីពង្រីកមូលដ្ឋានផលិតកម្មរបស់ពួកគេ ដោយសារស្ថាប័នហិរញ្ញវត្ថុនានា នៅតែដាក់លក្ខខណ្ឌតឹងរ៉ឹង ចំពោះការផ្តល់ឥណទានដល់សហគ្រាសទាំងនោះ ។
បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអោយដឹងថា សហគ្រាសធុនតូច និង ធម្យម នៅទូទាំងប្រទេស ដែលបានចុះបញ្ជីរួច មានចំនួន ជាង៥១ម៉ឺន ហើយចំនួន នេះ អាចមានការកើនឡើង ដោយសារតែសហគ្រាសមួយចំនួន នៅមិនទាន់ចុះបញ្ជីរ ។
ជាមួយគ្នានេះ សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា បានជួយផ្ដល់ការងារប្រមាណ ពី៤០ទៅ៥០ភាគរយ នៃចំនួនអ្នកមានការងារសរុបនៅកម្ពុជា ។ ដូច្នេះវាបានផ្ដល់នូវប្រយោជន៍ខ្ពស់ សម្រាប់សេដ្ឋកិច្ចជាតិ ប៉ុន្តែវិស័យនេះ នៅតែជួបបញ្ហាប្រឈមជាច្រើន ។
គួររំលឹកថា ប្រមុខរដ្ឋាភិបាល កាលពីដើមឆ្នាំនេះ បានប្រកាសវិនិយោគទឹកប្រាក់ ១០០លានដុល្លារអាមេរិក ដើម្បីបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម ប៉ុន្តែរហូតមកទល់ពេលនេះ ធនាគារទាំងនេះ មិនទាន់បើកដំណើរការនៅឡើយទេ ៕

លោក ហុង សុខឡេង នាយកឥណទាន

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម