Connect with us

ចូលដឹកនាំភ្លាម គ្រូបង្គោលថ្មីរបស់ក្រុមជម្រើសជាតិ បាននិយាយបែបនេះ

ភ្នំពេញ៖ លោក Ryu Hirose គ្រូបង្គោលថ្មី ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែងតាំងឱ្យដឹកនាំក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនជាលើកដំបូង។

គ្រូបង្គោលជនជាតិជប៉ុននេះ បានរៀបរាប់ថា លោកនឹងជួយអភិវឌ្ឍសមត្ថភាពកីឡាករកម្ពុជា ដើម្បីឈានដល់កម្រិតមួយ ដែលអាចប្រកួតប្រជែងជាមួយក្រុមនៅក្នុងតំបន់ និងពិភពលោក។

“ក្នុងនាមជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ខ្ញុំនឹងទទួលខុសត្រូវលើគ្រប់បញ្ហាដែលកើតមានឡើង បើទោះបីមានភាពលំបាក ស្មុគស្មាញយ៉ាងណាក៏ដោយ។

ចាប់ពីពេលនេះតទៅ ខ្ញុំនឹងលះបង់កម្លាំងកាយ ឆន្ទៈរបស់ខ្ញុំ និងយកបទពិសោធន៍ដែលបានពីអាជីពជាគ្រូបង្វឹកបាល់ទាត់របស់ខ្ញុំទាំងប៉ុន្មាន ដើម្បីជួយបណ្ដុះបណ្ដាលឱ្យកីឡាករមានការអភិវឌ្ឍ រីកចម្រើនទៅមុខ និងកសាងក្រុមមួយដែលខ្លាំងសម្រាប់ប្រកួតប្រជែងជាមួយក្រុមនៅក្នុងតំបន់អាស៊ី និងពិភពលោកផងដែរ”។ នេះជាសម្ដីដំបូងរបស់លោកគ្រូបង្គោលថ្មីនៃក្រុមជម្រើសជាតិកម្ពុជា។

សូមជម្រាបថា លោក Ryu Hirose ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហៅកាត់ FFC តែងតាំងជាគ្រូបង្គោលថ្មី បន្ទាប់ពីលោក Felix Dalmas អតីតគ្រូបង្គោលរបស់ក្រុមជម្រើសជាតិ បានផុតកុងត្រាក្រោយដឹកនាំបានរយៈពេលជិត៣ឆ្នាំ។

ដោយឡែកលោក Keisuke Honda តារាបាល់ទាត់ឆ្នើមរបស់ប្រទេសជប៉ុន បានបន្តកុងត្រាជាមួយសហព័ន្ធរហូតដល់ឆ្នាំ២០២៣ ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា៕

ប្រភពរូបថត៖ FFC

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម