Connect with us

មហោស្រពភាពយន្តខ្លីចតុមុខឆ្នាំទី១០ ប្រកាសពីការប្រកួតរឿង និងតន្ត្រីសម្រាប់ឆ្នាំ២០២១នេះហើយ

ភ្នំពេញ៖ នេះជាឆ្នាំទី១០ ហើយដែលមហោស្រពភាពយន្តខ្លី CSFF បានប្រកាសពីការប្រកួតរឿងសម្រាប់ឆ្នាំ២០២១ ចាប់ពីខែមីនានេះទៅ និងជ្រើសរើសភាពយន្តខ្នាតខ្លីដែលលេចធ្លោជាងគេនៅពាក់កណ្តាលខែកក្កដាខាងមុខនេះ ដោយជ័យលាភីត្រូវបានបែងចែកជា ៤ ប្រភេទដូចជា៖

• ភាពយន្តខ្លីឆ្នើមរបស់កម្ពុជា
• ភាពយន្តខ្លីឆ្នើមបន្ទាប់របស់កម្ពុជា
• រង្វាន់ទស្សនិកជនដល់ភាពយន្តខ្លីក្នុងស្រុក
• រង្វាន់ទស្សនិកជនដល់ភាពយន្តខ្លីអន្តរជាតិ

លោក ស៊ុ ស៊ីថែន ជាប្រធានមហោស្រពឆ្នាំទី១០ នេះថ្លែងថា៖ “ឆ្នាំ២០២១ នេះជាឆ្នាំដែលយើងចង់បន្តលើកទឹកចិត្តយុវជនកម្ពុជាឱ្យចូលរួមចែករំលែករឿងរ៉ាវជីវិតតាមរយៈស្នាដៃភាពយន្តខ្លី មិនត្រឹមតែប៉ុណ្ណោះ នេះគឺជាឆ្នាំដែលមហោស្រពនឹងបើកទទួលវីដេអូតន្ត្រីសម្រាប់ការប្រកួតអមជាមួយប្រភេទភាពយន្តឯកសារ និងប្រឌិតដែលមានតាំងពីជំនាន់មុន”។

មហោស្រពភាពយន្តខ្លីចតុមុខ ឆ្នាំទី១០ នេះត្រូវបានរៀបចំឡើងដោយក្រុមភាពយន្តឈូករ័ត្ន ដោយបូកបញ្ចូលភាពយន្តខ្លីដែលដាក់មកពីឆ្នាំ២០២០ ដែលខកខានប្រកួតដោយសារវិបត្តិកូវីដ១៩ ប៉ុន្តែសម្រាប់មហោស្រពធំ នឹងមានគម្រោងប្រព្រឹត្តិទៅចុងខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ប្រសិនជាស្ថានភាពអំណោយផល។

សូមរំឭកថា ភាពយន្តខ្លីឆ្នើមកាលពីឆ្នាំ២០១៩ មានចំណងជើងថា “មុនមេឃភ្លៀង” ដឹកនាំរឿងដោយ លោក នេត ឥន្ទនរាសុទ្ធីដ្ឋេព ដែលសាច់រឿងនិយាយពីយុវតីជាសិស្សរួមថ្នាក់២រូប ទទួលរងអំពើហិង្សា ក្នុងគ្រួសាររហូតមានម្នាក់ត្រូវបាត់បង់ជីវិត។ អ្វីដែលគួរឱ្យកត់សម្គាល់គឺស្នាដៃនេះ ត្រូវបានចាក់បញ្ចាំងនៅ មហោស្រពជាដៃគូនៅក្រៅប្រទេសដូចជា Busan Arthouse International Film Festival និង Asia for Peace Film Festival ជាដើម៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម