Connect with us

មន្ត្រីស្តង់ដារ ស្នើរអោយពលរដ្ឋ ប្រុងប្រយ័ត្នចំពោះផលិតផលនាំចូល ដោយប្រើស្តង់ដារពីរ

ភ្នំពេញ ៖ មន្ត្រីនៃវិទ្យាស្ថានស្តង់ដារកម្ពុជា ជឿជាក់ថា ផលិតផលទាំងស្រស់ និងផលិតកែច្នៃក្នុងស្រុក នៅតែមានសុវត្ថិភាពជាងផលិតផលកែច្នៃមួយចំនួន ដែលនាំចូលពីបរទេស ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងវេទិកាលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ដែលរៀបចំឡើងដោយស្ថាប័នមានសមត្ថកិច្ចត្រួតពិនិត្យគុណភាពម្ហូបអាហារ លោក លី ទីន អនុប្រធាននាយកដ្ឋានវិញ្ញាបនបត្រកម្ម នៃវិទ្យាស្ថានស្តង់ដារកម្ពុជា បានលើកឡើងថា ផលិតផលនាំចូលមកកាន់ទីផ្សារកម្ពុជា ជាពិសេសគ្រឿងកំប៉ុង អាចមានស្តង់ដារពីរ ។
លោក បានកត់សំគាល់ថា នៅតាមទីផ្សារ ផលិតផលកែច្នៃមួយចំនួន ជាពិសេសផលិតផលគ្រឿងកំប៉ុង ត្រូវបានគេកំណត់នៅលើសំបកកេស ឬ កំប៉ុងផលិតផលនោះផ្ទាល់ ដោយដាក់ថា «សម្រាប់តែការនាំចេញ ឬហៅជាភាសាអង់គ្លេសថា «For export only» ។
លោក បានឲ្យដឹងថា ការកំណត់ឃ្លានេះ បង្ហាញឲ្យឃើញថា អ្នកបញ្ជាទិញ ឬ ក្រុមហ៊ុននាំចូល ផលិតផលនោះ អាចស្នើទៅរោងចក្រផលិតផលិតផល ដើម្បីផលិតនូវផលិតផលដែលមានស្តង់ដារទាបជាងស្តង់ដារ ដែលត្រូវចែកចាយនៅក្នុងស្រុករបស់គេ ដែលជាហេតុធ្វើឲ្យរោងចក្រ កំណត់នូវផលិតនោះ សម្រាប់តែការនាំចេញមួយមុខប៉ុណ្ណោះ ដោយមិនតម្រូវឲ្យចែកចាយក្នុងស្រុកទេ ព្រោះកាលណាចែកចាយក្នុងស្រុក គឺខុសស្តង់ដារក្នុងស្រុកផលិតនោះ ។
លោក បានបញ្ជាក់ថា ការបញ្ជាទិញបែបនេះ អាចទទួលផលិតផលដែលមានតម្លៃថោកជាង ផលិតផលមានស្តង់ដារ ដែលរោងចក្រនោះផលិត។
ទោះបីជាការលើកឡើងបែបនេះក្តី លោក ឌឹម ថេង អគ្គនាយករងកាំកុងត្រូល ហាក់មិនទាន់ឯកភាពទាំងស្រុងនោះទេ ព្រោះផលិតផលនាំចូល ត្រូវឆ្លងកាត់ការត្រួតពិនិត្យ ។ ចំពោះផលិតផលដែលត្រូវបាននាំចូលតាមច្រកដែលមានបានទទួលការត្រួតពិនិត្យត្រឹមត្រូវ គឺសុទ្ធតែធានាបាននូវសុវត្ថិភាពដល់អ្នកប្រើប្រាស់ ប៉ុន្តែសម្រាប់ផលិតផលដែលលួចនាំចូលតាមច្រករបៀងផ្សេងៗ អាចបង្កហានិភ័យដល់សុវត្ថិភាពអ្នកប្រើប្រាស់ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម