Connect with us

ការជួសជុលបណ្តាញផ្លូវនានា ក្នុងខេត្តសៀមរាប ត្រូវការថវិកាជាង ១៥លានុដល្លាអាមេរិក

ភ្នំពេញ ៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន គ្រោងស្នើរថវិកាប្រមាណ ១៥លានដុល្លាអាមេ រិក សម្រាប់ជួសជុលបណ្តាញផ្លូវថ្នល់ នៅទូទាំងខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ប្រវត្តិសាស្រ្តដ៏សំខាន់របស់កម្ពុជា ។
ថ្លែងនៅក្នុងកិច្ចប្រជុំអន្តរក្រសួង នាខេត្តសៀមរាប ឯកឧត្តម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យមន្ទីរ និងភាគីពាក់ព័ន្ធ កែសម្រួលនីតិវិធីជួសជុលផ្លូវ ដើម្បីស្តារ កសាង និង ជួសជុលថែទាំ បណ្តាញផ្លូវថ្នល់នានា ឲ្យបានល្អជាងមុន ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តម ក៏បានសំណូមពរឲ្យធ្វើរបាយការណ៍រួមមួយ ដាក់ជូនរាជរដ្ឋាភិបាលស្នើសុំថវិកា ប្រមាណ១៥លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវខ្នែងចំនួន៥២ខ្សែ តភ្ជាប់ផ្លូវជាតិលេខ៦ និងផ្លូវ១១ខ្សែទៀត ក្នុងខេត្តសៀមរាប ឲ្យបានឆាប់តាមដែលធ្វើទៅបាន។
ជាមួយគ្នានេះ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ឲ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្តម បានឯកភាពដាក់បញ្ចូល ក្រសួងអភិវឌ្ឍន៍ជនបទ ជាសមាជិកគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និង បានផ្តល់ជញ្ជីងចល័តចំនួនពីរគ្រឿង ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ផងដែរ ។


ទន្ទឹមនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជំរុញលើកទឹកចិត្តឲ្យវិស័យឯកជន ចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់នៅខេត្តសៀមរាប ឲ្យមានការរីកចម្រើនផងដែរ ដើម្បីផ្លាស់ប្តូរមុខមាត់ខេត្តនេះ ឲ្យស័ក្តិសមជាខេត្តទាក់ទាញទេសចរណ៍មួយយ៉ាងសំខាន់។
សូមបញ្ជាក់ថា កិច្ចប្រជុំអន្តរក្រសយង បានរៀបចំឡើងដើម្បីពិភាក្សារកនីតិវិធី ក្នុងការស្តារផ្លូវថ្នល់ដែលខូចខាតទ្រុឌទ្រោមដោយកត្តាផ្សេងៗ ពិសេស ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សំដៅធានាឲ្យការគ្រប់គ្រងផ្លូវថ្នល់មាន ប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទៅនឹងកំណើនប្រជាជន កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅក្នុងខេត្តនេះ៕ 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម