Connect with us

កាលពីជាង១០ឆ្នាំមុន លោក ហួរ ឡាវី បានច្រៀងរៀបរាប់ក្នុងឣត្ថន័យបទចំរៀង “បាត់ឣូន” តែពេលនេះពាក្យបាត់ឣូន បានកើតឡើងក្នុងជីវិតពិតរបស់លោកគ្មានថ្ងៃត្រឡប់វិញ!

ភ្នំពេញ៖ អំឡុងពេលវីរុសកូវីដ-១៩ ចាប់ផ្តើមវាយលុកខ្លាំងចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅក្នុងប្រទេសកម្ពុជា ហើយមកទល់ពេលនេះ បានបណ្តាលឱ្យមានអ្នកស្លាប់កើនឡើងរហូតដល់១៦នាក់ រីឯអ្នកកំពុងសម្រាកព្យាបាលមានរហូតដល់ជាង១ពាន់នាក់។

ទស្សនិកជនពិតជាស្គាល់លោក ហួរ ឡាវី ដែលជាម្ចាស់បទ «បាត់អូន» បទ«សែនអាល័យ» និងបទចម្រៀងជាច្រើនទៀត ហើយរូបគាត់ត្រូវបានគេទទួលស្គាល់ថា ជាតារាចម្រៀងជើងចាស់មានកិត្តិស័ព្ទល្បីល្បាញមួយរូប ប្រចាំប្រទេសកម្ពុជាយើងផងដែរ។

ថ្មីៗនេះ វិបត្តិមួយបានកើតឡើងចំពោះគ្រួសាររបស់លោក ហួរ ឡាវី ដែលបន្សល់នូវភាពសោកសង្រេងមិនអាចបំភ្លេចបាន។ សមាជិកក្រុមគ្រួសាររបស់លោក ហួរ ឡាវី បានឆ្លងជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងនោះរូមមាន៖ ទី១.កញ្ញា វី ឌីណែត, ទី២.កូនស្រីម្នាក់ទៀតមានឈ្មោះ វី ឌីណា ដែលកំពុងពពោះជិត៨ខែ ទី៣ កូនស្រីពៅ វី ឌីនូ ដែលកំពង់សម្រាកព្យាបាលនៅមន្ទីរពេទ្យ និងទី៤. គឺភរិយាជាទីស្រឡាញ់របស់លោក ហួរ ឡាវី ដែលបានស្លាប់បាត់បង់ជីវិតដោយជំងឺឆ្លងដ៏កាចសាហាវមួយនេះ។

ក្រឡេកមើលអនុស្សាវរីយ៍ ជាអ្វីដែលធ្វើឱ្យលោក ហួរ ឡាវី ចងចាំក្នុងចិត្ត ពិសេសភាពតស៊ូជាមួយនិងឧត្តមភរិយាអស់រយៈពេលជាង៣០ឆ្នាំកន្លងមក ចុងក្រោយបានត្រឹមសម្រក់ទឹកភ្នែក នឹកដល់អ្វីៗដែលធ្លាប់បានសាងជាមួយភរិយាប៉ុណ្ណោះ។ ក្រោយភរិយាត្រូវបានបញ្ចូនទៅសម្រាកព្យាបាលជំងឺកូវីដ-១៩ លោក ហួរ ឡាវី ធ្លាប់បានសន្យានូវពាក្យថា៖ «បងចាំអូនមកផ្ទះវិញ យើងជុំគ្រួសារយើងវិញណាប្រពន្ធសម្លាញ់» ចុងក្រោយពាក្យទាំងអស់នេះ បានប្រែក្លាយទៅជាភាពសោកសៅសម្រាប់ជីវិត បន្សល់នូវដំបៅដួងចិត្តរួបរិតកាយា ក្រោយគ្រូពេទ្យបញ្ជាក់ថា ភរិយារបស់លោកលែងនៅលើលោកនេះទៀតហើយ។

ការសោកស្តាយដ៏ធំធេងមួយនេះ ធ្វើឱ្យតារាចម្រៀងជើងចាស់ លោក ហួរ ឡាវី និងកូនៗ ចងចាំមិនភ្លេច ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យគ្រួសាររបស់លោកត្រូវបាត់បង់ភរិយាជាទីស្រឡាញ់ បាត់បង់ម្តាយជាទីគោរព ជាទីកក់ក្តៅនៅក្នុងគ្រួសារ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ៕

ចង់ដឹងកាន់តែច្បាស់អំពីរឿងរ៉ាវនៃព្រឹត្តិការណ៍ជីវិតរបស់លោក ហួរ ឡាវី និងក្រុមគ្រួសារ ពិសេសរសជាតិជីវិតក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលនឹងត្រូវលើកយកមកបកស្រាយនៅក្នុងកម្មវិធី «ដំណើរជីវិត My Covid-19 Story» តាមរយៈបណ្ដាញទូរទស្សន៍របស់ CBS (CTN, MyTV, CNC, Digital) ទាំង៤ស្ថានីយ៍ ក្នុងពេលដំណាលគ្នាតែម្តង ឆាប់ៗនេះ!៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម