Connect with us

ក្រសួងទេសចរណ៍ រៀបចំយន្តការទាក់ទាញទេសចរអន្តរជាតិ អោយស្នាក់នៅយូរ និងចាយលុយច្រើននៅកម្ពុជា

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានកោះប្រជុំជាមួយភាគីរដ្ឋ និង ឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីជំរុញលើកទឹកចិត្តឲ្យមានការពង្រឹង និង ពង្រីកផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញទេសចរឱ្យធ្វើការស្នាក់នៅបានយូរ និង ចាយលុយច្រើននៅកម្ពុជា។
ក្នុងជំនួបនោះ ឯកឧត្តម បានថ្លែងថា ដើម្បីឱ្យភ្ញៀវទេសចរមកទស្សនាកម្ពុជាកាន់តែច្រើន ស្នាក់នៅកាន់តែយូរ និងចំណាយកាន់តែច្រើនថែមទៀត ភាគីពាក់ព័ន្ធទាំងផ្នែករដ្ឋ ឯកជន ប្រជាពលរដ្ឋ និងដៃគូពាក់ព័ន្ធនានា (4P) ត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជា ពោរពេញទៅដោយភាពស្អាត និងបៃតង ។ ជាមួយនេះ ភោជនីយដ្ឋាន-អាហារដ្ឋាន ត្រូវគ្មានសំរាមក្រោមតុ បង្គន់អនា ម័យសាធារណៈស្អាត ក៏ជាកត្តាចាំបាច់ផងដែរ។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានជំរុញឱ្យមានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ ឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវៈម្ហូបអាហារ និងពង្រឹងគុណភាពសេវាកម្មម្ហូបអាហារ សេវាកម្មស្នាក់នៅ សេវាកម្មលក់កញ្ចប់ទស្សនកិច្ចជូនភ្ញៀវទេសចរជាដើម។


ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជានៅតែស្វាគមន៍ទេសចរចិន ព្រោះទេសចរចិនជាទេសចរដែលមានចំនួនច្រើនជាងគេលើពិភពលោក ហើយចាយច្រើនជាងគេ ។ កម្ពុជា ខិតខំត្រៀមខ្លួនជានិច្ច ដើម្បីទទួលភ្ញៀវទេសចរចិន តាមរយៈយុទ្ធសាស្ត្រ «China Ready» ធ្វើយ៉ាងណាផ្តល់បដិសណ្ឋារកិច្ចដល់ទីផ្សារទេសចរចិនឱ្យបានកាន់តែល្អ ដើម្បីស្ថិរភាព កំណើន ទាំងបរិមាណ និងគុណភាព។
ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្ននៅលើពិភពលោកគ្មានប្រទេសណាមួយមិនចាប់យកឱកាសក្នុងការត្រៀមទទួលទេសចរចិននោះទេ សូម្បីតែនៅក្នុងអាស៊ាន ប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី វៀតណាម ក៏ជាប្រទេសទទួលទេសចរចិនច្រើនជាងកម្ពុជាដែរ ។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៦លាននាក់ ក្នុងអត្រាកំណើន ១១,៨%ធៀបនឹងឆ្នាំ២០១៦។ សម្រាប់៨ខែដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៣,៩៤លាននាក់ កើនឡើងចំនួន ១១,៧% ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម