Connect with us

សហគមន៍ទេសចរណ៍នៅកម្ពុជា នឹងទទួលបានប្រយោជន៍ច្រើនពីគោលនយោបាយ ដែលរាជរដ្ឋាភិបាល កំពុងបង្កើត

ភ្នំពេញ៖ ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេស ចរណ៍ ដឹកនាំដោយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំ ជាលើកទី៣ ដោយផ្តោតជាសំខាន់លើការពិនិត្យគោលនយោបាយជាតិស្ដីពីការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ ។
បើតាម ឯកឧត្តម ថោង ខុន ក្រោយពីប្រជុំលើកទី៣នេះចប់ ក្រសួងស្ថាប័នពាក់ព័ន្ធ នឹងយកសេចក្ដីព្រាងគោលនយោបាយនេះ ទៅពិនិត្យបន្តនៅតាមក្រសួង-ស្ថាប័នរៀងៗខ្លួន និងបំពេញធាតុចូលនានាបន្ថែមទៀត ដើម្បីបន្តកិច្ចប្រជុំលើកក្រោយទៀត មុនដាក់សេចក្ដីព្រាងចុងក្រោយនេះជូនគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងសម្រេច ។
ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា គោលនយោបាយជាតិនេះ មានសារៈសំខាន់ និង ចាំបាច់សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍នៅកម្ពុជា ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ។ តួនាទីសំខាន់របស់វិស័យសាធារណៈ ក្នុងក្របខណ្ឌសហគមន៍ទេសចរណ៍នេះ គឺត្រូវជួយដល់សហគមន៍ ដូចជា ការធ្វើផ្លូវទៅកាន់សហគមន៍ ការរៀបចំគោលនយោបាយគ្រប់គ្រង និងអភិវឌ្ឍន៍ ការបណ្ដុះបណ្ដាលធនធានមនុស្ស គោលនយោបាយលើកទឹកចិត្ត ផ្នែកពន្ធដារ គោលនយោបាយក្នុងការប្រើប្រាស់អគ្គិសនី និងប្រព័ន្ធទូរស័ព្ទ អ៊ីនធឺរណេត ព្រមទាំងត្រូវបំពេញការងារជាច្រើនទៀត ។


ក្រៅពីនេះ កិច្ចប្រជុំ ក៏បានពិភាក្សាលើការងារអភិវឌ្ឍន៍នៅតាមសហគមន៍ ដូចជា ការអភិវឌ្ឍនៅសហគមន៍ទេសចរណ៍ជ្រាវ នៅខេត្តសៀមរាប ដែលជាសហគមន៍មួយដ៏សំខាន់ ក្នុងចំណោមសហគមន៍ទេសចរណ៍នៅកៀកនឹងគោលដៅទេសចរណ៍អង្គរ។
ឯកឧត្តម បានអោយដឹងថា ក្នុងចំណោមភ្ញៀវទេសចរដែលទៅទស្សនាប្រាសាទអង្គរវត្តប្រមាណ ៥០% គឺបានបន្តដំណើរទៅទស្សនានៅសហគមន៍ទេសចរណ៍នានា ដែលនៅជាប់តំបន់បឹងទន្លេសាបរៀងរាល់ថ្ងៃ ក្នុងនោះមាន៥សហគមន៍ រួមមាន៖ សហគមន៍ចុងឃ្នាស សហគមន៍កំពង់ភ្លុក សហគមន៍កំពង់ឃ្លាំង សហគមន៍ជ្រាវ និងសហគមន៍មេជ្រៃ ៕
គួររំលឹកថា ដោយសម្លឹងឃើញនូវផលប្រយោជន៍ដ៏សំខាន់ នៃវិស័យអេកូទេសចរណ៍ វិស័យទេសចរណ៍សហគមន៍ និងយល់ច្បាស់ពីនិន្នាការរបស់ភ្ញៀវទេសចរពិភពលោក នាពេលបច្ចុប្បន្នផងនោះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍។
ដោយហេតុនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយ មានឈ្មោះថា «ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍» ដែលមានឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ។បន្ទាប់ពីទទួលបានការសម្រេចបង្កើតក្រុមការងារអន្តរក្រសួង កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ រួចមក ក្រុមការងារអន្តរក្រសួងខាងលើ បានបើកកិច្ចប្រជុំបានចំនួនលើកទី៣ហើយ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម