Connect with us

១០ ខែ អគ្គនាយកពន្ធដារ ប្រមូលចំណូលពន្ធ-អាករ បានជាង ១ ៨៧៣ លានដុល្លារ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា រយៈពេល ១០ ខែ នាឆ្នាំ២០១៨នេះ ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានសរុបប្រមាណ ១ ៨៧៣ លានដុល្លារអាមេរិក ស្មើ ៩៧,៤២% នៃផែនការ ។
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ប្រសិនបើប្រៀបធៀបនឹងឆ្នាំ ២០១៧ ឃើញថា ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់រយៈពេល ១០ខែ ឆ្នាំ២០១៨នេះ មានការកើនឡើងចំនួន ១៨,៨៣% ។ អគ្គនាយកដ្ឋានពន្ធដារ រំពឹងថា ចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៨ អាចប្រមូលបានគ្រប់ផែនការកំណត់ដោយច្បាប់ ។


ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តការប្រមូលចំណូលពន្ធបានគ្រប់តាមផែនការច្បាប់ចំនួន ១៩២៣,៣៨លានដុល្លារ ។ អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។
ទន្ទឹមនឹងនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានណែនាំបន្ថែមដល់គ្រប់អង្គភាព ឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ សំដៅឱ្យពួកគាត់រីករាយទទួលយក និងស្ម័គ្រចិត្តបង់ពន្ធគ្រប់ៗគ្នា ធ្វើយ៉ាងណាកាត់បន្ថយជាអតិបរមានូវការរអ៊ូរទាំរបស់អ្នកជាប់ពន្ធ និងផ្តល់កិច្ចសហការល្អក្នុងការបង់ពន្ធជូនប្រជាពលរដ្ឋ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម