Connect with us

កម្ពុជា គាំទ្រប្រទេសជប៉ុន ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៌ពិភពលោកនា ឆ្នាំ២០២៥

ភ្នំពេញ ៖ ប្រទេសកម្ពុជា គាំទ្រប្រទេសជប៉ុន ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៌ពិភពលោកនា ឆ្នាំ២០២៥ តាមរយៈការសន្យានឹងបោះឆ្នោតគាំទ្រនៅក្នុងមហាសន្និបាតលើកទី១៦៤ នៃការិយាល័យពិព័រណ៍អន្តរជាតិ (BIE) ដែលគ្រោងនឹងរៀបចំឡើង នៅទីក្រុងប៉ារីស នៃប្រទេសបារាំង នៅថ្ងៃទី២២ និង២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ។
ការសន្យានេះ បានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយលោក ហូរីនូឈិ ហ៊ិដេហិសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូនឯកអគ្គរាជទូតជប៉ុន អំពីលទ្ធផលនៃការចូលរួមរបស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិន នាទីក្រុងសៀងហៃ និងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រទីក្រុងអូសាកា និងទីក្រុងកេនសៃ នៃប្រទេសជប៉ុន ធ្វើជាទីតាំងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក នៅក្នុងឆ្នាំ២០២៥ ។


ឯកឧត្តម ក៏បានលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងជប៉ុន លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលតែងតែផ្តល់ហិរញ្ញប្បទាន និងជំនួយឥតសំណងយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជា ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នាពេលកន្លងមក ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហការជាមួយជប៉ុន លើវិស័យអទិភាពសំ ខាន់ៗ រួមទាំង ការគាំទ្រគ្នាទៅវិញទៅមក នៅគ្រប់វេទិកាអន្តរជាតិ ផងដែរ។
លោក ហូរីនូឈិ ហ៊ិដេហិសា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រទីក្រុងអូសាកា និងកេនសៃ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោក ឆ្នាំ២០២៥ ហើយលោក នឹងខិតខំកៀរគរវិនិយោគិនជប៉ុន ឱ្យចូលមកបណ្តាក់ទុនកាន់តែច្រើនថែមទៀតនៅកម្ពុជា ដើម្បីចូលរួមធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាល។
លោកឯកអគ្គរាជទូត ក៏បានសន្យា នឹងបន្តជួយដល់កម្ពុជា លើគ្រប់វិស័យអទិភាព ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការកសាងធនធានមនុស្ស ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដោយសារប្រទេសទាំងពីរ គឺជាមិត្តល្អនឹងគ្នា ហើយជានិច្ចជាកាល មានប្រវត្តិ គាំទ្រគ្នាទៅវិញទៅមក៕ 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម