Connect with us

តំបន់ដីសើមស្ទឹងសែន នាខេត្តកំពង់ធំ ក្លាយជា«តំបន់រ៉ាមសារទី ៥» នៃប្រទេសកម្ពុជា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់បញ្ចូលតំបន់ដីសើមស្ទឹងសែន ដែលស្ថិតនៅភាគអាគ្នេយ៍នៃបឹងទន្លេសាប ស្ថិតក្នុងខេត្តកំពង់ធំ ទៅជា «តំបន់រ៉ាមសារទី ៥» នៃប្រទេសកម្ពុជា ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ។ តំបន់នោះ គឺជាប្រភេទតំបន់ដីសើមទឹកសាបសម្បូរទៅដោយធនធានព្រៃលិចទឹក និង ជាទីជម្រកដ៏សំខាន់សម្រាប់ជីវៈចម្រុះគ្រប់ប្រភេទ ។
យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាល តំបន់រ៉ាមសារស្ទឹងសែន មានផ្ទៃក្រឡាសរុប ៩២៩៣ ហិកតា មានតួនាទីរក្សាលំនឹងទឹកក្រោមដី បន្សុទ្ធទឹកតាមរយៈរុក្ខជាតិក្នុងទឹកនិងព្រៃលិចទឹក និងជាប្រភពទឹកសាបដ៏សំខាន់សម្រាប់ស្រោចស្រពដំណាំ និង ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុង និងជុំវិញតំបន់នេះ ។ ជាពិសេស តំបន់នេះ ជាជង្រុកចំណីអាហារដ៏សម្បូរបែបរបស់ពពួកថនិកសត្វ សត្វស្លាបទឹក មច្ឆជាតិ និងជីវៈចម្រុះជាច្រើនទៀត។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា មានផ្ទៃដីគ្របដណ្ដប់ប្រមាណ ៣០ ភាគរយជាតំបន់ដីសើម ហើយតំបន់ទាំងនោះ ភាគច្រើនមានសារៈសំខាន់ជាអន្តរជាតិ ដោយសារតំបន់ទាំងនោះបានផ្ដល់នូវសេវាកម្មប្រព័ន្ធអេកូឡូស៊ី និង ទ្រទ្រង់ដល់ពពួកសត្វ ដែលជិតផុតពូជជាច្រើនប្រភេទ។


ប្រទេសកម្ពុជា បានចូលជាសមាជិកនៃអនុសញ្ញារ៉ាមសារថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩៩ មកម្ល៉េះ និង បានដាក់បញ្ចូលតំបន់ដីសើមចំនួន ៤ ជាតំបន់រ៉ាមសារ រួចហើយ រួមមាន តំបន់រ៉ាមសារបឹងឆ្មារ ដែលមានលេខរៀងតំបន់ ៩៩៧ តំបន់រ៉ាមសារកោះកាពិ លេខរៀងតំបន់ ៩៩៨ តំបន់រ៉ាមសារស្ទឹងត្រែង លេខរៀងតំបន់ ៩៩៩ និង តំបន់រ៉ាមសារព្រែកទាល់លេខរៀង ២២៤៥ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ក៏បានដកស្រង់សម្ដីរបស់លោក Masaru Horikami ប្រធាននាយកដ្ឋានសត្វព្រៃ នៃក្រសួងបរិស្ថានជប៉ុន ដែលបាន បង្ហាញពីក្តីរីករាយ និងចូលរួមគាំទ្រចំពោះការដាក់បញ្ចូលតំបន់ដីសើមស្ទឹងសែន ជាតំបន់រ៉ាមសារ ហើយសន្យាជួយបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់នាយតំបន់ និងមន្ត្រីឧទ្យានុរក្សឲ្យកាន់តែប្រសើរឡើងដើម្បីធានាបាននូវសេវាកម្មប្រព័ន្ធអេកូឡូស៊ីនៅតំបន់ស្នូលស្ទឹងសែនសម្រាប់ជាប្រយោជន៍នៃសហគមន៍មូលដ្ឋាន ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម