Connect with us

ឥណ្ឌា អាចនឹងចាប់ផ្តើមនាំចេញវ៉ាក់សាំងកូវីដ១៩ឡើងវិញ នៅខែមិថុនា ប្រសិនបើការឆ្លងក្នុងស្រុកថយចុះ

ឥណ្ឌា៖ នាយកប្រតិបត្តិវិទ្យាស្ថានសេរុម (Serum) របស់ប្រទេសឥណ្ឌាដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំបំផុតនៅលើពិភពលោកបាននិយាយថា ការនាំចេញវ៉ាក់សាំងកូវីដ១៩ COVISHIELD ដែលទទួលអាជ្ញាបណ្ណពីក្រុមហ៊ុន AstraZeneca អាចនឹងចាប់ផ្តើមឡើងវិញនៅខែមិថុនា ប្រសិនបើការឆ្លងនៅក្នុងប្រទេសឥណ្ឌា មានការថយចុះ។

លោក អាដា ពូណាវ៉ាឡា (Adar Poonawalla) នាយកប្រតិបត្តិវិទ្យាស្ថានសេរុម បានព្រមាននៅក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានមួយថា ការឆ្លងដែលកំពុងបន្តកើនឡើងអាចបណ្តាលឱ្យមានការពន្យារពេលថែមទៀត ព្រោះវិទ្យាស្ថាននេះចាំបាច់ត្រូវបំពេញតម្រូវការក្នុងស្រុក។

វិទ្យាស្ថានសេរុម គឺជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងដ៏សំខាន់មួយសម្រាប់យន្តការកូវ៉ាក់ (COVAX) នៃអង្គការសុខភាពពិភពលោក ដែលគ្រោងនឹងចែកចាយវ៉ាក់សាំងដោយស្មើភាពគ្នានៅទូទាំងពិភពលោក។

កាលពីថ្ងៃទី២៥ ខែមីនា កូវ៉ាក់ (COVAX) បានប្រកាសពីបញ្ហាដ៏ធំនៅក្នុងកម្មវិធីចែកចាយវ៉ាក់សាំងរបស់ខ្លួនដោយសារការកើនឡើងនៃការឆ្លងជំងឺកូវីដ១៩នៅឥណ្ឌាបានធ្វើឱ្យវិទ្យាស្ថានសេរុម នៅឥណ្ឌា ផ្អាកនាំចេញវ៉ាក់សាំង ដើម្បីបំពេញតម្រូវការក្នុងស្រុកដែលជាហេតុធ្វើឱ្យមានការពន្យារពេលចែកចាយវ៉ាក់សាំងរហូតដល់៩០លានដូសនៅទូទាំងពិភពលោក។

ចាប់តាំងពីពេលនោះមក ករណីឆ្លងថ្មីប្រចាំថ្ងៃនៅក្នុងប្រទេសឥណ្ឌា បានកើនឡើងស្ទើរគុណនឹងពីរ ដោយកាលពីថ្ងៃចន្ទបានឡើងដល់ជាង១០ម៉ឺននាក់ក្នុងមួយថ្ងៃជាលើកដំបូង។ ការឆ្លងវីរុសកូវីដ១៩នៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេរាយការណ៍ថាលឿនជាងទីណាទាំងអស់នៅក្នុងពិភពលោកដោយជំរុញឱ្យមានការអនុវត្តវិធានការយ៉ាងតឹងរ៉ឹងនៅក្នុងរដ្ឋធានីញូដេលី និងទីក្រុងមុមបៃ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម