Connect with us

ល្បែងទាញព្រ័ត្រនេះហើយដែលខ្មែរយើងនិយមជុំគ្នាលេងសប្បាយនារដូវកាលចូលឆ្នាំខ្មែរ

កម្សាន្ត៖ ល្បែងទាញព្រ័ត្រ ជាល្បែងលេងកម្សាន្តសប្បាយរបស់យុវជនខ្មែរទាំងបុរស ទាំងស្រ្ដីដោយប្រើកម្លាំងហើយគេលេងតែក្នុងរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខប៉ុណ្ណោះ។ គេច្រើននិយមលេងក្នុងវត្ដអារាម ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្ដមានទីវាលធំទូលាយ ងាយដល់ការលេងល្បែងនេះ តែអាច លេងនៅតាមភូមិក៏បាន ប្រសិនជាភូមិនោះមានមនុស្សនៅផ្ដុំគ្នាច្រើន ហើយមានទីវាលល្មមលេងកើត។

ល្បែងនេះគេច្រើនលេងនៅពេលថ្ងៃ តែប្រសិនជាមានចង្កៀងបំភ្លឺ ឬ ពន្លឺព្រះចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន។ ល្បែងនេះ គេចែកមនុស្សជា ២ ក្រុម ម្ខាងៗយ៉ាងតិចត្រឹម៥នាក់ ឬ ១០នាក់ឡើងទៅតាមដែលគេរកគ្នាបានប៉ុន្មាន ក៏លេងប៉ុណ្ណោះ តែតាមទម្លាប់អ្នកស្រុក បើមានមនុស្សស្រីចូលលេងផង គេឱ្យស្រីៗនៅម្ខាង ប្រុសៗនៅម្ខាង ហើយគេយល់ថា ភេទស្រីតែងមានកំលាំងខ្សោយជាងបុរស គេតែងដាក់ខាងស្រីអោយមានចំនួនច្រើនលើសបុរសយ៉ាងតិចត្រឹម ២ នាក់។

ល្បែងនេះគេយកខ្សែព្រ័ត្រធ្វើពីស្បែកគោស្បែកក្របីយកមកធ្វើព្រ័ត្រ ឬគេយកខ្សែពួរធ្វើពីជក់ដូងជាព្រ័ ត្រសម្រាប់ទាញ ប្រវែងយ៉ាងខ្លីពី ២០ហត្ថឡើងទៅ ទំហំប៉ុនកដៃក្មេង ហើយនឹងយកសំភោររឺគងម៉ង់ រឺរគាំង១ សម្រាប់ទះ ឬ សម្រាប់វាយនៅពេលដែលទាញដំបូង។ របៀបលេង មុនដំបូងគេរើសរកប្រុសម្នាក់ ស្រីម្នាក់ មានមាឌធំមាំ កម្លាំងច្រើនឱ្យជាអ្នកឈរកាន់ចុងព្រ័ត្រគឺប្រុសកាន់ចុងម្ខាង ស្រីកាន់ចុងម្ខាង ហើយឱ្យប្រុសម្នាក់ ស្រីម្នាក់ទៀតមានមាឌធំមានកម្លាំងឈរកណ្ដាលព្រ័ត្រ ត្រង់កន្លែងដែលពួកទាំងពីរឈរសម្រាប់នាំពួកខ្លួនឱ្យខំទាញរៀងខ្លួន។

រីឯមនុស្សដែលមានមាឌតូចៗស្គមៗ កម្លាំងខ្សោយៗ គេឱ្យឈរកណ្ដាលគេ លុះរៀបចំរួចហើយ គេឱ្យមនុស្សប្រុសម្នាក់កាន់សំភោរ ឬ គងម៉ង់ ឬ រគាំងឈរត្រង់កណ្ដាលទីជិតអ្នកទាំងពីរដែលកាន់ខ្សែឈរប្រទល់មុខគ្នានោះ ផ្ដើមស្រែកឡើងព្រមគ្នា ចំណែកឯអ្នកប្រុងទាញព្រ័ត្រទាំងប៉ុន្មានជួយស្រែកទទួលឡើងព្រមគ្នាថាទើបនាំគ្នាទាញប្រុងយកជ័យជំនះតែរៀងខ្លួន។

ក្នុងពេលពួកអ្នកទាញព្រ័ត្រ កំពុងតែខំប្រឹងទាញ អ្នកកាន់សំភោរ ឬ គងម៉ង់ ឬ រគាំង គេចេះតែបញ្ជើតសំភោរ ឬ គងម៉ង់ ឬ ក៏រគាំងរឿងៗ លឺសូរតាក់ទីងៗ រឺម៉ូងៗ ម៉ឹងៗ ជាដរាប ទាល់តែឃើញចាញ់ឃើញឈ្នះម្ខាងៗ ទើបឈប់បញ្ឆើត ហើយល្បែងនេះចាត់ទុកជាការហាត់កម្លាំង ហាត់ប្រាណដើម្បីឱ្យរាងកាយឱ្យមានសុខភាពល្អដែលមានតាំងពីបុរាណមក៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម