Connect with us

មកដឹងពីបទពិសោធន៍អ្នកចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ម្នាក់នៅកម្ពុជាទាំងអស់គ្នា

ភ្នំពេញ៖ ដោយហេតុថា បងប្អូនខ្មែរមួយចំនួននៅមិនទាន់ទុកចិត្តវ៉ាក់សាំងបង្ការកូវីដ១៩ របស់ចិននៅឡើយ គណនីបណ្តាញសង្គមមួយមានឈ្មោះ Kim Sopha Nita (គឹម សុផានីតា) បានសរសេររៀបរាប់ពីបទពិសោធន៍ដែលខ្លួនបានចាក់ហើយដោយបានបញ្ជាក់ថា៖

ក្រោយចាក់វ៉ាក់សាំងហើយមិនមានប្រតិកម្មអ្វីកើតឡើងឡើយ ណាមួយមុនពេលចាក់គ្រូពេទ្យនឹងវាស់កម្តៅ វាស់សម្ពាធឈាម វាស់ចង្វាក់បេះដូង និងពិគ្រោះពិភាក្សាពីប្រវត្តិជំងឺប្រចាំកាយ ប្រវត្តិប្រតិកម្មជាមួយវ៉ាក់សាំង ឬ ថ្នាំ កំពុងមានផ្ទៃពោះ ឬ គម្រោងនឹងមានផ្ទៃពោះនៅរយៈពេល ៣ ខែខាងមុខមុនសម្រេចចាក់វ៉ាក់សាំងឱ្យ។

មុនពេលអនុញ្ញាតិឱ្យចូលបន្ទប់ចាក់វ៉ាក់សាំង គ្រប់គ្នាត្រូវធ្វើការចុះឈ្មោះជាមុនសិនដោយត្រូវភ្ជាប់អត្តសញ្ញាណប័ណ្ណច្បាប់ដើម ដើម្បីក្រុមការងារធ្វើកាតវ៉ាក់សាំងជូន ប៉ុន្តែក្នុងករណីអ្នកដែលបានចុះឈ្មោះតាមរយៈកម្មវិធី KhmerVacc រួចហើយវាអាចជួយពន្លើនមិនចាំបាច់រង់ចាំបំពេញព័ត៌មានយូរដោយគ្រាន់តែបង្ហាញព័ត៌មានដែលបានចុះឈ្មោះរួចភ្ជាប់ជាមួយអត្តសញ្ញណប័ណ្ណជាការស្រេច។

បន្ទាប់ពីចាក់វ៉ាក់សាំងរួច គ្រូពេទ្យនឹងឱ្យអ្នកមកទទួលវ៉ាក់សាំងទាំងអស់អង្គុយសម្រាករយៈពេល ៣០ នាទីមុនប្រគល់កាតអនុញ្ញាតិឱ្យត្រលប់ទៅផ្ទះ ធ្វើដូចនេះដើម្បីបង្ការក្រែងមានអាការៈមិនស្រួលខ្លួនដោយមានគ្រូពេទ្យអង្គុយប្រចាំការនៅទីនោះចាំសួរនាំ និងប្រាប់ពីអាហារដែលត្រូវតម ក៏ដូចជាប្រការគួរធ្វើ ឬ មិនគួរធ្វើក្រោយចាក់វ៉ាក់សាំងហើយ។

យ៉ាងណាមិញ ក្រោយចាក់វ៉ាក់សាំងរួចអាចមានផលរំខានខុសៗគ្នាអាស្រ័យលើសុខភាពរបស់យើងម្នាក់ៗ ដោយអ្នកខ្លះ ងងុយគេង អស់កម្លាំង ឃ្លានខុសធម្មតា ឬ ភ្លាវមាត់ជាដើម ប៉ុន្តែបុគ្គលខ្លះទៀតមិនមានផលរំខានសូម្បីតែបន្តិច។ ចុងក្រោយ គណនីបណ្តាញសង្គមខាងលើបានបញ្ចេញមតិថា ការចាក់វ៉ាក់សាំងនេះមានសុវត្ថិភាព មានផលរំខានតិចតួច និងហានិភ័យគ្រោះថ្នាក់ ឬ ប្រតិកម្មធ្ងន់ធ្ងរទាបបំផុត ដោយសារការចាក់វ៉ាក់សាំងមាននីតិវិធីត្រឹមត្រូវ ដោយមានគ្រូពេទ្យពិគ្រោះយោបល់មុនអនុញាតឱ្យចាក់។

ផ្ទុយទៅវិញ ការមិនចាក់វ៉ាក់សាំងអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរខ្លាំងជាងរហូតអាចប៉ះពាល់ដល់អាយុជីវិត និងអាចប្រឈមការបាត់បង់សិទ្ធមួយចំនួនដូចជា ពិបាកធ្វើដំណើរក្នុងប្រទេស ឬ ឆ្លងប្រទេស រហូតពិបាកធ្វើការក្នុងស្ថាប័នណាមួយ។ល។ ដូចនេះ អ្នកមិនទាន់បានចាក់វ៉ាក់សាំងការពារកូវីដ១៩ គួរពិចារណាទៅទទួលយកវ៉ាក់សាំងដោយឥតគិតថ្លៃដើម្បីជីវិតខ្លួនឯង ក្រុមគ្រួសារ និងជួយប្រទេសឱ្យត្រលប់ទៅដំណើរការប្រក្រតីឡើងវិញ៕

ប្រភព៖ Kim Sopha Nita

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម