Connect with us

ត្រពាំងសេស នឹងត្រូវលើកមុខមាត់ដើម្បីបង្កើនសោភ័ណភាពបរិវេណខាងមុខប្រាសាទអង្គរវត្ត

សៀមរាប៖ អាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយ សិក្សាពីលទ្ធភាពស្ដារ និងលើកតម្លៃត្រពាំងសេស ដែលស្ថិតនៅបរិវេណមុខប្រាសាទអង្គរវត្ត ក្រោយពេលដែលអាជ្ញាធរជាតិអប្សរា សម្របសម្រួលឱ្យមានការផ្លាស់ទីតូបលក់ដូរ ចេញពីបរិវេណត្រពាំងនេះ នៅចុងឆ្នាំ២០២០។

បច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍ និងកែលម្អត្រពាំងសេស កំពុងដំណើរការ ហើយអ្នកបុរាណវិទ្យាកំពុងធ្វើកំណាយស្រាវជ្រាវ ដើម្បីសិក្សាពីលទ្ធភាពបន្ថែមទៀតក្នុងការស្ដារ និងលើកតម្លៃត្រពាំងបុរាណនេះឡើងវិញ។

លោក ធឿន សុខុន មន្រ្តីបុរាណវិទ្យានៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ឱ្យដឹងថា ក្រុមការងារកំណាយរបស់លោក បានរកឃើញសណ្ឋាននៃទំនប់ត្រពាំងសេស ដូចជាមានស្រទាប់ច្រើនថ្នាក់ដែលរៀបចំក្នុងរចនាសម្ពន្ធរបស់ទំនប់។ ក្រុមការងាររបស់លោក សុខុន បានបើករណ្ដៅកំណាយចំនួន១១ទីតាំង និងបានប្រទះឃើញកុលាលភាជន៍មួយចំនួន ក៏ដូចជាបានឃើញនូវរចនាសម្ពន្ធទំនប់ជុំវិញត្រពាំងកាន់តែច្បាស់។

លោករៀបរាប់ថា ទំនប់នេះត្រូវបានគេលើកដីព័ទ្ធជុំវិញ បន្ទាប់មកយកដីឥដ្ឋចេញ រួចចាក់ដីខ្សាច់លាយគ្រួសបាយក្រៀម បន្ទាប់មកប្រើដីឥដ្ឋជាស្នួលដើម្បីឱ្យទំនប់នៅយូរអង្វែង ហើយក្រោយមកទៀតប្រើខ្សាច់មួយស្រទាប់ និងបុកបង្ហាប់ដោយប្រើកម្ទេចកថ្មបាយកក្រៀមលាយដីឥដ្ឋ។

តាមការបញ្ជាក់របស់លោក ធឿន សុខុន អាជ្ញាធរជាតិអប្សរាមានគម្រោងស្ដារត្រពាំងសេសឡើងវិញនាពេលឆាប់ៗខាងមុខនេះ ដើម្បីស្ដុកទឹកបានច្រើនជាងពេលមុន ទុកជាប្រយោជន៍ទាំងការងារអភិរក្សប្រាសាទ និងប្រយោជន៍ប្រជាពលរដ្ឋជុំវិញតំបន់។
លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និយាយថា ក្រុមការងាររបស់លោកកំពុងមមាញឹករៀបចំដាំស្មៅ និងដើមឈើជាបណ្ដើរៗជុំវិញត្រពាំងសេសនេះ ដែលតាមគម្រោងគឺរៀបចំលើផ្ទៃដីសរុបជាង៣ម៉ឺនម៉ែត្រការ៉េ។ បច្ចុប្បន្ននេះ ការងារបានដំណើរការបានប្រមាណ៤០ភាគរយហើយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម