Connect with us

តោះមកស្វែងយល់ពីទូក «ង» កម្ពុជា ដែលបំបែកកំណត់ត្រា ជាទូកវែងជាងគេនៅលើពិភពលោក

ភ្នំពេញ៖ ដូចការគ្រោងទុក នៅថ្ងៃនេះ កម្ពុជា បានរៀបចំនូវពិធីបំបែកកំណត់ត្រាឯតទគ្គកម្ម ទូក «ង» វែងជាងគេលើពិភពលោក នៅតំបន់អ្នកលឿងត្រើយខាងកើត ។ ទូក «ង» របស់កម្ពុជាដែលត្រៀមបំបែកឯតទគ្គកម្មនេះ ត្រូវបានប្រសិទ្ធនាមថា «កម្ពោជិកបុត្តាខេមរាតរី» ដែលមានអត្ថន័យថា «ទូកងរបស់កូនខ្មែរ រស់នៅក្នុងដែនដីកម្ពុជា»។
បើតាមគណកម្មការកសាង បានអោយដឹងថា ទូកនេះ មានប្រវែងរហូតដល់៨៧.៣ម៉ែត្រ, ទទឹង១.៩៤ម៉ែត្រ និងជម្រៅ០.៨ម៉ែត្រ ត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត ដែលផ្ទុកបានចំណុះ រហូតដល់១៧៩នាក់ ឯណោះ ដោយ១០០នាក់មកពីទាហានជើងទឹក និង៧៩នាក់ មកពីនគរបាលជើងទឹក។
គិតចាប់តាំងពីដំណើរការសាងសង់ រហូតមកដល់លេចចេញជារូបរាងទូកជាស្ថាពរនេះ គឺមាន រយៈពេល១៩២ថ្ងៃ ដោយមានទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទៅ ដែលរស់នៅជុំវិញខេត្តព្រៃវែង សមាជិក ស.ស.យ.ក សរុបចំនួន១៤,០០០នាក់ បានចូលរួមកសាង ខណៈខ្ទង់ចំណាយអស់ថវិកាប្រមាណជាង ៥ម៉ឺនដុល្លារអាមេរិក ដោយមិនទាន់បូកបញ្ចូល លើការចំណាយផ្សេងៗ ។ ទូក ង នេះ ធ្វើចេញពីដើមគគីរចំនួន៦ដើម ដែលមាន៥ដំណរ ដោយ៣ដំណរ នៅតួទូក និង ២ដំណរទៀត នៅក្បាលទូក និងកន្សៃ ខណៈដែលច្រវាត្រូវបានធ្វើឡើងពីឈើស្រឡៅ ។
ការធ្វើទូកងនេះ មិនមែនចង់ត្រឹមតែឲ្យវែងជាងគេ ហើយបំបែកកំណត់ត្រាពិភពលោកនោះទេ ពោល គឺចង់ឲ្យទង់ជាតិរបស់ប្រទេសកម្ពុជា ត្រូវបានដាក់បង្ហាញ នៅក្នុងសៀវភៅ World Guinness Record ជាសាធារណៈ ។


បើតាមគណកម្មការកសាង ក៏បានអោយដឹងថា គោលបំណងផ្សេងទៀត ក្នុងការកសាងទូកនេះ គឺ ដើម្បីទាកទាញផ្នែកទេសចរណ៍ ក៏ដូចជាបង្ហាញនូវសមិទ្ធផលផ្សេងៗទៀតផងដែរ ។
ជាក់ស្ដែងទូកងវែងជាងគេនេះ នឹងត្រូវយកមកដាក់បង្ហាញឲ្យមហាជន បានទស្សនានៅក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់មកនឹងយកទៅដាក់តាំង នៅមុខវាលព្រះមេនរុ រយៈពេល១០ថ្ងៃ ទើបយកត្រឡប់ទៅខេត្តព្រៃវែងវិញ។

សូមបញ្ជាក់ថា សម្រាប់ការបំបែកកំណត់ត្រា World Guinness Record នេះ បានកំណត់នូវគោលការណ៍សំខាន់ៗចំនួន៣ ដើម្បីឲ្យគណៈកម្មការបំពេញ ។ ដោយលក្ខខណ្ឌទី១៖ សម្រាប់ទូកនាគដែលវែងជាងគេ ផ្ដោតទៅលើការរចនា របៀបផលិត និងវត្ថុធាតុដើម ដែលប្រើប្រាស់សម្រាប់ការផលិត ត្រូវទទួលបានការឯកភាពពីសហព័ន្ធទូកនាគអន្ដរជាតិ, លក្ខខណ្ឌទី២៖ គឺជាលិខិតផ្លូវការមួយពីសហព័ន្ធទូកនាគអន្ដរជាតិ ដើម្បីបញ្ជាក់ថា ទូករបស់កម្ពុជាជាទូកនាគ និងលក្ខខណ្ឌទី៣៖ ការបរិយាយលម្អិតអំពីការផលិតទូក ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម