Connect with us

តិចនិកថែទាំ អ្នកសង្ស័យ និងព្យាបាលកូវីដ-១៩ នៅផ្ទះ ចៀសវាងឆ្លងសមាជិកគ្រួសារ

ចាប់តាំងពីសប្ដាហ៍មុនមក យើងសង្កេតឃើញថា ករណីកូវីដ-១៩ កើនឡើងរាប់រយនាក់។ ទន្ទឹមនេះដែរ រដ្ឋាភិបាលក៏បានសម្រេចឱ្យមានការព្យាបាលនៅផ្ទះ សម្រាប់អ្នកជំងឺកូវីដ-១៩ ករណីស្រាល។ ទោះជាករណីស្រាល ត្រូវព្យាបាលនៅផ្ទះក៏ដោយ ទាំងអ្នកជំងឺ អ្នកថែទាំ និងសមាជិកគ្រួសារដទៃ ត្រូវការពារឱ្យបានខ្ពស់ ចៀសវាងចម្លងជំងឺនោះដល់អ្នករស់នៅក្នុងផ្ទះជាមួយ។ ខាងក្រោមនេះ ជាការណែនាំពីក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកដូចជា៖

តិចនិកថែទាំ និងការពារខ្លួនសម្រាប់សមាជិកគ្រួសារ អ្នកថែទាំអ្នកជំងឺ និងអ្នកជំងឺ

អ្នកថែទាំអ្នកជំងឺ

• ត្រូវធានាអ្នកជំងឺសម្រាក ញ៉ាំអាហារមានជីវជាតិ និងផឹកទឹកឱ្យបានគ្រប់គ្រាន់
• ត្រូវពាក់ម៉ាស់ពេទ្យជាប់ជានិច្ចពេលនៅបន្ទប់ជាមួយអ្នកជំងឺ
• មិនត្រូវយកដៃប៉ះម៉ាស់ ឬមុខ និងត្រូវបោះម៉ាស់ចោលភ្លាមក្រោយប្រើរួច
• ត្រូវសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនឹងទឹក ឬទឹកអាល់កុលដៃសម្លាប់មេរោគ ពិសេសក្រោយប៉ះពាល់អ្នកជំងឺ ឬរបស់របរនៅជុំវិញអ្នកជំងឺ មុនពេល និងបន្ទាប់ពីរៀបចំចម្អិនអាហារ មុនពេលញ៉ាំអាហារ និងក្រោយពេលប្រើបន្ទប់ទឹករួច
• ត្រូវឱ្យអ្នកជំងឺប្រើចាន កែវ សម ឬស្លាបព្រា និងសម្ភារដទៃ ដាច់ដោយឡែកពីសមាជិកផ្សេង
• ត្រូវលាងសម្អាត សម្ភារអ្នកជំងឺជាមួយសាប៊ូ នឹងទឹកស្អាត
• កត់សម្គាល់ទីតាំងនានាដែលអ្នកជំងឺប៉ះញឹកញាប់ និងត្រូវជូតសម្អាតសម្លាប់មេរោគលើផ្ទៃទាំងនោះជាប្រចាំ
• បើអ្នកជំងឺមានអាការៈធ្ងន់ធ្ងរ ទូរស័ព្ទទៅមន្ទីរពេទ្យជាបន្ទាន់

អ្នកជំងឺ

• ត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹក ឬទឹកអាល់កុលលាងដៃសម្លាប់មេរោគឱ្យញឹកញាប់
• សម្រាកនៅផ្ទះ មិនត្រូវទៅធ្វើការ សាលា ឬទីសាធារណៈឡើយ
• សម្រាកឱ្យបានគ្រប់គ្រាន់ ញ៉ាំទឹកឱ្យបានច្រើន និងញ៉ាំអាហារមានជីវជាតិឱ្យបានគ្រប់គ្រាន់
• នៅបន្ទប់ដាច់ដោយឡែកពីសមាជិកគ្រួសារផ្សេង
• ត្រូវពាក់ម៉ាស់ពេទ្យ និងរក្សាគម្លាតយ៉ាងហោចណាស់ ២ម៉ែត្រ ពីសមាជិកគ្រួសារ

• បើកទ្វារបង្អួចឱ្យខ្យល់ចេញចូលល្អ ហើយបើអាច ប្រើបន្ទប់ទឹកដាច់ដោយឡែកពីអ្នកផ្សេង
• ក្អក ឬកណ្ដាស់ ខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាសជូតមាត់ ហើយបោះចោលក្រដាសជូតមាត់នោះភ្លាម ក្រោយប្រើរួចក្នុងធុងសម្រាមបិទជិត
• បើមានអាការៈពិបាកដកដង្ហើម គួរប្រាប់អ្នកថែទាំ ឬទូរស័ព្ទទៅមន្ទីរពេទ្យភ្លាម
សមាជិកគ្រួសារទាំងអស់
• ត្រូវលាងសម្អាតដៃជាមួយសាប៊ូ នឹងទឹកស្អាតញឹកញាប់ ពិសេស ក្រោយក្អក ឬកណ្ដាស់ មុនពេល អំឡុងពេល និងក្រោយរៀបចំចម្អិនអាហារ មុនពេលញ៉ាំបាយ ក្រោយប្រើបង្គន់រួច ពេលដៃកខ្វក់ ឬប្រឡាក់
• ត្រូវពាក់ម៉ាស់ជាប់ជាប្រចាំក្នុងផ្ទះ
• ចៀសវាងការប៉ះពាល់មិនចាំបាច់ជាមួយអ្នកជំងឺ
• មិនត្រូវប្រើរបស់រួមគ្នាជាមួយអ្នកជំងឺដូចស្លាបព្រា កន្សែង។ល។
• តាមដានសុខភាពសមាជិកគ្រប់គ្នា ដើម្បីរករោគសញ្ញាដូចជា ក្ដៅខ្លួន ក្អក
• បើអាការៈពិបាកដកដង្ហើម ត្រូវទូរស័ព្ទទៅមន្ទីរពេទ្យជាបន្ទាន់៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម