Connect with us

គម្រោងអភិវឌ្ឍន៍កោះត្រេះ នៅខេត្តព្រះសីហនុ ទទួលបានការគាំទ្រពីក្រុមការងារអន្តរក្រសួង

ខេត្តព្រះសីហនុ ៖ ក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ បានបង្ហាញពីការគាំទ្រគម្រោងអភិវឌ្ឍន៍កោះត្រេះរបស់ក្រុមហ៊ុន TWIN GOLDEN LION CO., LTD ដែលមន្ត្រីជំនាញអះអាងថា ជាគម្រោងអភិវឌ្ឍន៍ដែលផ្តល់ផលប្រយោជន៍ច្រើនដល់ប្រជាជនក្នុងខេត្តព្រះសីហនុ ។
ការគាំទ្រឲ្យក្រុមហ៊ុនឯកជនវិនិយោគនៅលើកោះត្រេះនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និង ផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) លើគម្រោងអភិវឌ្ឍន៍កោះត្រេះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តភូមិលេខ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន TWIN GOLDEN LION CO., LTD. (ម្ចាស់គម្រោង) ដែលសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) ដោយក្រុមហ៊ុនទីប្រឹក្សា RCBCC CO., Ltd.។


តាមរយៈកិច្ចប្រជុំ ក្រុមការងារអន្តរក្រសួង គាំទ្រគម្រោងអភិវឌ្ឍន៍កោះត្រេះនេះ ដែលជាគម្រោងអភិវឌ្ឍន៍ដែលផ្តល់ផលប្រយោជន៍ច្រើនដល់ប្រជាជនក្នុងខេត្តព្រះសីហនុ តែក្រុមហ៊ុនត្រូវរក្សាផ្ទៃដីបៃតងឱ្យបានយ៉ាងតិច ៧០% នៃផ្ទៃដីសរុបសម្រាប់អភិវឌ្ឍន៍ ។ ក្រុមហ៊ុនទីប្រឹក្សា ត្រូវពិ ភាក្សាជាមួយក្រុមហ៊ុនម្ចាស់គម្រោងលើការជួលដីរយៈពេលវែងពី៩៩ឆ្នាំ មក៥០ឆ្នាំ ដោយដាក់ក្នុងរបាយការណ៍ឱ្យបានត្រឹមត្រូវ ។
ក្រុមការងារ ក៏បានតម្រូវអោយក្រុមហ៊ុន ត្រូវធ្វើការផ្លាស់ប្ដូរទីតាំងអាងប្រព្រឹត្តិកម្មសំណល់រាវពីកន្លែងដែលមានជម្រាលខ្លាំងទៅ តំបន់២ ឬ តំបន់៣ ដែលមានជម្រាលទាបវិញ និង ត្រូវធ្វើការគ្រប់គ្រងសំណល់សំណល់រឹង-រាវ និងប្រេងឱ្យបានត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេស ដើម្បីកុំប៉ះពាល់ដល់គុណភាពទឹកសមុទ្រ និងសោភ័ណភាពនៅលើកោះ ។ ក្រៅពីនេះ ក្រុមហ៊ុន ត្រូវអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលចតទូកនេសាទនៅពេលមានភ្លៀង ឬ ព្យុះ ។
ក្រុមការងារអន្តរក្រសួង ក៏បានស្នើរសូមឱ្យរដ្ឋបាលខេត្តព្រះសីហនុ ជួយតាមដាននូវរាល់បញ្ហាទាំងអស់ដែលកើតឡើងនៅលើកោះត្រេះនេះ ជាពិសេសចំពោះការប៉ះពាល់ការនេសាទរបស់ប្រជាជននៅក្បែរទីតាំងគម្រោង ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម