Connect with us

អ្នកជំនាញ ៖ សេដ្ឋកិច្ចចក្រា គឺជាដំណោះស្រាយថ្មី សម្រាប់ការគ្រប់គ្រងសំណល់រឹងនៅកម្ពុជា

ភ្នំពេញ ៖ រាជរដ្ឋាភិបាល និង អង្គការអន្តរជាតិធំចំនួន២ រួមនឹងដៃគូរវិស័យឯកជន នឹងជួបប្រជុំគ្នានៅថ្ងៃទី ១៤ ខែវិច្ឆិកា ខាងមុខនេះ ដើម្បីធ្វើការបង្ហាញនិងពិភាក្សាគ្នា ពីទស្សនៈទានសេដ្ឋកិច្ចចក្រ ដែលគេ រំពឹងថា ជាដំណោះស្រាយថ្មី សម្រាប់ការគ្រប់គ្រងសំណល់រឹង នៅកម្ពុជា ។
កិច្ចពិភាក្សាគ្នានេះ រៀបចំឡើងដោយ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) រាជរដ្ឋាភិបាលកម្ពុជា និង ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិនៃប្រទេស៊ុយអែត (SIDA) ដែលនឹង មានការចូលរួមពីអ្នកតំណាងជាន់ខ្ពស់ចំនួន ៥០ នាក់ មកពីក្រសួង និងទីភ្នាក់ងាររាជរដ្ឋាភិបាល ភ្នាក់ងារអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ។

បើតាមសេចក្តីជូនដំណឹងរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានអោយដឹងថា សេដ្ឋកិច្ចចក្រា (circular economy) សំដៅលើប្រព័ន្ធមួយ ដែលសម្ភារៈផលិតរួច (ជាជាងយកទៅចោល) ត្រូវបានយកមកប្រើប្រាស់ និងកៃច្នៃឡើងវិញ ធ្វើជាធនធានដ៏មានតម្លៃក្នុងប្រព័ន្ធរង្វិលជុំដ៏បិទជិតមួយ។
ប្រសិនបើទស្សនៈទាននេះ ត្រូវបានយកមកប្រើប្រាស់សម្រាប់ការគ្រប់គ្រងសំណល់នៅកម្ពុជាជាជាងយកសំណល់ដែលប្រើរួចទៅបោះចោល សំណល់ទាំងនេះនឹងត្រូវចាត់ទុកថាជា “ផលិតផលថ្មី ឬ ថាមពល” ដែលនឹងត្រូវយកទៅប្រើប្រាស់សាជាថ្មី និងកៃច្នៃសម្រាប់ប្រើប្រាស់ម្តងទៀត ដើម្បីបន្ថែមតម្លៃថ្មីដល់សេដ្ឋកិច្ច ។

អ្នកជំនាញរំពឹងថា សេដ្ឋកិច្ចចក្រា មិនត្រឹមតែកាត់បន្ថយបរិមាណសំណល់សរុបប៉ុណ្ណោះទេ ក៏ប៉ុន្តែ ក៏នឹងនាំឱ្យមានការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងមុខសញ្ញាគ្រោះថ្នាក់បរិស្ថាន និងសុខភាព សាធារណៈផ្សេងទៀតផងដែរ។ ការអនុវត្តសេដ្ឋកិច្ចចក្រា ផ្តល់នូវប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជាច្រើន ដែលនឹងរួមចំណែកយ៉ាងធំធេង ដល់ការសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពមុនឆ្នាំ ២០៣០៕

 

    Loading...

    ពេញនិយម