Connect with us

មន្ត្រីរាជការកម្ពុជា ទទួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពីភាពជាដៃគូរវាងរដ្ឋ និង វិស័យឯកជន ដោយផ្អែកលើបទពិសោធន៍ប្រទេសចិន

ភ្នំពេញ ៖ បទពិសោធន៍ប្រទេសចិន លើភាពជាដៃគូររវាងរដ្ឋ និងវិស័យឯកជន ត្រូវបានលើកយកមក ធ្វើការបណ្តុះបណ្តាលដល់មន្រ្តីរាជការនៅតាមក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ។

លោក បណ្ឌិត Liu Qin អនុប្រធានវិទ្យាស្ថានជាតិគណនេយ្យសៀងហៃ បានអោយដឹងថា ការបណ្តុះបណ្តាលនេះ គឺ សំដៅចែករំលែកនិងផ្លាស់ប្តូរចំណេះដឹង និង បទពិសោធន៍រវាងកម្ពុជានិងចិន ក្នុងក្របខណ្ឌនៃភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ។

បើតាមលោក បណ្ឌិត Liu Qin បានលើកឡើងថា ការរីកចម្រើនរបស់ទីក្រុងសៀងហៃសព្វថ្ងៃនេះ គឺមានការចូលរួមចំណែកដ៏សំខាន់ពីទំនាក់ទំនងភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន ដែលតាមរយៈយន្តការនេះ គឺបានបង្កើតឱ្យមានប្រភពមូលនិធិសម្រាប់អភិវឌ្ឍទីក្រុងខ្នាតធំ, មានស្ថាប័នវិនិយោគ អភិវឌ្ឍ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ, មានការប្រកួតប្រជែងក្នុងវិស័យថាមពលនៅតំបន់ទីក្រុង, មានយន្តការកិច្ចលទ្ធកម្មសាធារណៈដ៏មានប្រសិទ្ធភាពក្នុងសេវាសាធារណៈ, មានយន្តការកែសម្រួលតម្លៃក្នុងការផ្តល់សេវាសាធារណៈ និង យន្តការគ្រប់គ្រងជំនាញប្រកបដោយវិជ្ជាជីវៈនិងបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីបង្កើនគុណភាពសេវាសាធារណៈ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ការរៀបចំការបណ្តុះបណ្តាលនេះ គឺមានសារសំខាន់ណាស់ សម្រាប់មន្ត្រីរាជការកម្ពុជា ។ ទន្ទឹមនេះរាជរដ្ឋាភិបាលកម្ពុជា បានអនុម័តដាក់ឱ្យប្រើប្រាស់ឯកសារគោលនយោបាយស្តីពី “ការអភិវឌ្ឍបន្តយន្តការភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន (PPP) សម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ២០១៦-២០២០ ” ហើយបានបង្កើត “អង្គភាពនៃភាពជាដៃគូរវាងរដ្ឋនិងឯកជនថ្នាក់កណ្តាល ” នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួចហើយ សម្រាប់សម្របសម្រួលការអនុវត្តគម្រោងវិនិយោគក្នុងក្របខណ្ឌភាពជាដៃគូរវាងរដ្ឋនិងឯកជន ។

គោលនយោបាយនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សំដៅជំរុញការចូលរួមការវិនិយោគពីវិស័យឯកជន និង ការចូលរួមស្ថាប័នហិរញ្ញវត្ថុ ដើម្បីរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលវែង និង បង្កើនសមត្ថភាពប្រកួតប្រជែងកម្ពុជា ទាំងក្នុងតំបន់ និង អន្តរជាតិ ។
ឯកឧត្តម ហ៊ាន សាហ៊ីប បានបញ្ជាក់ថា កម្ពុជាត្រូវការស្វែងយល់បន្ថែមទៀត នូវបទពិសោធន៍ និង ឧត្តមានុវត្តន៍អន្តរជាតិ ពាក់ព័ន្ធនឹងភាពជាដៃគូរវាងរដ្ឋ និងឯកជននេះ ។ ឯកឧត្តម ក៏រំពឹងផងដែរថា ក្រោយទទួលការបណ្តុះបណ្តាលហើយ មន្រ្តីរាជការកម្ពុជា នឹងអនុវត្តការងារឱ្យមានប្រសិទ្ធភាព តាមភារកិច្ចរៀងៗខ្លួន និង ឈានទៅចូលរួមសម្រេចគោលដៅយុទ្ធសាស្ត្រ ចតុកោណ- ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព និង កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ២០៥០ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម