Connect with us

លោក ឆាយ បូរ៉ា បានប្រកាសលាឈប់ពីប្រធានសមាគមភាពយន្តកម្ពុជា

ភ្នំពេញ ៖ ដោយសារបរាជ័យក្នុងការចាក់បញ្ចាំងភាពយន្តរឿង «ឃ្លាតទៅសែនឆ្ងាយ» របស់ខ្លួន លោកឆាយ បូរ៉ា បានប្រកាសលាឈប់ពីប្រធានសមាគមភាពយន្តកម្ពុជា ។
លោក ឆាយ បូរ៉ា បានស្នើសុំសាលសន្និសីទចតុមុខ ដើម្បីចាក់បញ្ចាំងខ្សែភាពយន្តរឿង «ឃ្លាតទៅសែនឆ្ងាយ» នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ ការចាក់បញ្ចាំងនេះ ក្នុងបំណងរៃអង្គាសប្រាក់សម្រាប់ជួយទ្រទ្រង់សមាគមភាពយន្តកម្ពុជាដែលរូបលោកជាប្រធាន ។
លោកឆាយ បូរ៉ា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានធ្វើលិខិតជូនសមាគមភាពយន្តកម្ពុជាមានខ្លឹមសារ ជូនដំណឹងដល់សមាជិកសមាគមទាំងអស់ ឲ្យបានជ្រាបថា គាត់ បានសម្រេចចិត្តលាលែងពីប្រធានសមាគមហើយ ។ លោក ក៏បានជម្រាបលោកប្រធានក្រុមប្រឹក្សាភិបាល ដើម្បីធ្វើសន្និបាតបោះឆ្នោតរើសប្រធានថ្មីផងដែរ ។

មុនពេលប្រកាសលាចាកតំណែងប្រធានសមាគមភាពយន្តកម្ពុជានេះ លោកឆាយ បូរ៉ា បានប្រកាសចាក់បញ្ចាំងខ្សែភាពយន្តរឿង«ឃ្លាតទៅសែនឆ្ងាយ»នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលមហោស្រពចតុមុខ ដែលភាពយន្តនេះជាស្នាដៃផលិតរបស់លោក ។
ខ្សែភាពយន្តរឿង «ឃ្លាតទៅសែនឆ្ងាយ» បានទទួលពានរង្វាន់ចំនួន៧ពីមហោស្រពភាពយន្តកម្ពុជា ក្នុងឆ្នាំ២០១៥ ។ ខ្សែភាពយន្តនេះនិទានពីខ្សែជីវិតក្រុមគ្រួសារលោកឆាយ បូរ៉ា នៅក្នុងរបបខ្មែរក្រហម ។ តួឯកស្រីក្នុងរឿងលោកស្រី កូវ សុធារី សាស្ត្រាចារ្យនៅសាលាភូមិន្ទវិចិត្រសិល្បៈ និងជាភរិយាលោកឆាយ បូរ៉ា ។

ខ្សែភាពយន្តរឿង«ឃ្លាតទៅសែនឆ្ងាយ»ធ្លាប់យកទៅបញ្ចាំងនៅ៧ប្រទេស សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន អ៊ីតាលី អាល្លឺម៉ង់ សិង្ហបុរី និងថៃ ។ បន្ទាប់មកលោកឆាយ បូរ៉ា ចាក់បញ្ចាំងនៅតាមរោងភាពយន្តទំនើបក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
ស្របពេលនេះ លោកឆាយ បូរ៉ា បានជូនដំណឹងដល់ផលិតករភាពយន្ត ដែលជាសមាជិក សមាគមទាំងអស់ ពីកម្មវិធីសប្បុរសធម៌ដើម្បីរៃអង្គាសប្រាក់ជួយសមាគម ត្រូវបានលុបចោល ព្រោះតែមិនទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់សាលសន្និសីទចតុមុខឲ្យបានទាន់ពេលវេលា ។
គួររំលឹកថា លោកឆាយ បូរ៉ា បានជាប់ឆ្នោតជាប្រធានសមាគមភាពយន្តកម្ពុជា នៅអាណត្តិទី១ និង ជាប់ជាថ្មីនៅអាណត្តិទី២នេះ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម