Connect with us

ក្រុមហ៊ុនគ្រីសអេនើជី​ ផ្ដល់​កិច្ច​សន្យា​សម្រាប់​គម្រោង​ប្រេង​នៅកម្ពុជា​ (មានវិដេអូ)

សិង្ហបុរី – ក្រុមហ៊ុន​ គ្រីសអេនើជី អិលធីឌី ​ដែលជា​ក្រុមហ៊ុន​រុករក​ប្រេង ​និង​ឧស្ម័នឯករាជ្យ​ បានប្រកាសថា ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​​របស់ខ្លួន​ គឺ SJ Production Barge Ltd បាន​ផ្ដល់​កិច្ច​សន្យា​ដល់​ក្រុមហ៊ុន Keppel Shipyard Ltd សម្រាប់ការ​កែលម្អ និងធ្វើឱ្យប្រសើរឡើងនូវ​នាវា​ផលិតកម្ម​​របស់ខ្លួន ​ស​ម្រាប់ការ​ប្រើប្រាស់​​ក្នុងការ​អភិវឌ្ឍន៍អណ្ដូង​ប្រេង​កាត​អប្សរា​​នៅក្នុង​ប្លុក A ស្ថិត​ក្នុង​ដែន​សមុទ្រ​កម្ពុជា។ អណ្ដូង​ប្រេង​អប្សរា​​គឺជា​ការ​អភិវឌ្ឍន៍​ អ៊ីដ្រូកាបូន​​ដំបូង​គេ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​។

ទំហំការងារ​ទទួល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន Keppel Shipyard សម្រាប់នាវា​ផលិតកម្ម​រួមមាន ការ​ដំឡើង​ ម៉ូឌុលបង្កើតថាមពល ឈ្មោះ Electrical House ទីកន្លែង​ស្នាក់​នៅថ្មី និង​ការងារជួសជុល​ដំឡើង​ផ្សេងៗទៀត​។ នៅពេលបញ្ចប់ការងារសព្វ​គ្រប់ ក្នុង​អំឡុង​ត្រីមាសទី ៣ ឆ្នាំ ២០១៩ នាវា​ផលិតកម្ម​នឹង​មាន​សមត្ថភាព​ក្នុង ការ​ធ្វើប្រព្រឹត្តកម្មសន្ទនីយ៍​រហូត​ដល់ទៅ ៣០.០០០ បារ៉ែល​ក្នុង​មួយថ្ងៃ និង​មាន​បំពាក់​នូវ​ឋាបនៈភ័ណ្ឌ​ ដែលអាច​​ញែក​ឧស្ម័ន ប្រេង និងទឹក។

ទំហំទឹកប្រាក់​នៃកិច្ច​សន្យា​នេះគឺប្រមាណជា ២១,៧ លានដុល្លារអាមេរិក ដែលក្នុងនោះ ការទូទាត់​មួយភាគ​នឹង​ត្រូវ​ធ្វើឡើងទៅតាមលក្ខខណ្ឌពន្យារ​។ កិច្ចសន្យានេះ​ត្រូវ​បាន​ផ្ដល់​ ស្រប​ទៅតាម​កិច្ចព្រមព្រៀង​ សហប្រតិបត្តិការ​ ដែលធ្លាប់បានយល់ព្រម​ពីមុន​ជាមួយនឹងក្រុមហ៊ុន Keppel FELS Limited និង Keppel Shipyard ហើយគឺជា​ផ្នែកមួយ​នៃ​ប្រតិបត្តិការ​បុគ្គល​ភាគី ដែល​នឹង​អនុវត្ត​ក្រោម​អាណត្តិ​ប្រតិបត្តិការ​បុគ្គលភាគី ដែលយល់ព្រម និងអនុម័ត​ដោយ​ភាគហ៊ុនិក​របស់ក្រុមហ៊ុន​នៅ​ក្នុង​អង្គ​ប្រជុំវិសាមញ្ញ​កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៨។

លោក Brian Helyer នាយករង​ផ្នែក​ប្រតិបត្តិ​របស់​ក្រុមហុនគ្រីសអេនើជី បាន​ថ្លែងថា៖ “យើង​មាន​សេចក្តីរីករាយ​ក្នុងការ​រួមដៃគ្នា​ធ្វើការជាមួយ​នឹងក្រុមហ៊ុន Keppel Shipyard សម្រាប់​គម្រោងអភិវឌ្ឍន៍​ប្រេង​​ដ៏​ធំ​សម្រាប់​កម្ពុជា​នេះ។ តាមរយៈការ​ជួយគាំទ្រ​ពីដៃគូ​ដែលមាន​បទពិសោធន៍ និងមាន​សមត្ថភាព​បែបនេះ យើង​ជឿថា យើង​នឹង​អាច​អភិវឌ្ឍ​ប្រកប​ដោយ​ប្រសិទ្ធភាព​​នូវធនធានប្រេង​ក្នុង​ប្លុក A ដើម្បីជា​ប្រយោជន៍​​ដល់ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធ​របស់យើង”។ Keppel Shipyard គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន Keppel Offshore & Marine Ltd (“Keppel O&M”)។

លោក Chor How Jat នាយក​គ្រប់គ្រង (ផ្នែក​កែច្នៃ និងជួសជុល) របស់ Keppel O&M និង​ជា​នាយក​គ្រប់​គ្រង​​​របស់ Keppel Shipyard បាន​ថ្លែងថា៖ “ជាមួយនឹង​បទពិសោធន៍​ជាច្រើន​លើ​ការងារ​គម្រោង​​ជួសជុល កែច្នៃ និង​កែលម្អ​ Keppel Shipyard ពិត​ជា​មាន​សមត្ថភាព​​ក្នុង​ការ​រៀប​ចំផ្នែក​វិស្វកម្ម និង​ផ្ដល់​នូវ​ដំណោះ​ស្រាយ​យ៉ាងទូលំទូលាយ​​សម្រាប់​នាវា​ផ្សេងៗ។ កិច្ច​សន្យា​ថ្មី​ពីក្រុមហ៊ុនគ្រីសអេនើជីនេះ គឺជា​គម្រោង​ដំបូង​​របស់​យើង​ដែលធ្វើ​រួមគ្នា​ ចាប់តាំងពី​មានការ​តែ​ងតាំង​ក្រុមហ៊ុន Keppel O&M កាលពីដើម​ឆ្នាំនេះ ឲ្យ​ធ្វើ​ជា​ដៃគូ​សម្រាប់កញ្ចប់ការងារ​ផ្នែក​ដំណោះស្រាយ​ប្រេង​ និង​ឧស្ម័ន​ក្នុងដែន​សមុទ្រ”។

សូមបញ្ជាក់ថា ក្រុមហ៊ុន​គ្រីសអេនីជី​ គឺជា​ប្រតិបត្តិករ​​នៃប្លុក A របស់កម្ពុជា ដែល​គ្របដណ្ដប់​លើ​ផ្ទៃដីទំហំ ៣.០៨៣ គីឡូម៉ែត្រ​ការ៉េ​​ នៃ​អាង​សមុទ្រ​ខ្មែរ ក្នុងឈូងសមុទ្រថៃ ដែលនៅទីនោះ ជម្រៅទឹក​គឺមានចន្លោះពី ៥០ ទៅ ៨០ ម៉ែត្រ​។ ដំណាក់កាល 1A នៃ​ការ​អភិវឌ្ឍន៍អណ្ដូង​ប្រេង​អប្សរា រួមមានផ្លាត​ហ្វមក្បាលអណ្តូងផលិតកម្ម ដែលបញ្ជាពីចម្ងាយមួយ ទ្រទ្រង់ដល់អណ្តូងបូមប្រេងចំនួន ២៤ ដែលបញ្ជូនសន្ទនីយ៍ ទៅកាន់នាវាផលិតកម្ម ​មួយ ។ ប្រេងឆៅដែល​ផលិតបាន​ នឹង​ត្រូវ​បញ្ជូន​តាមបំពង់​បង្ហូរប្រេងប្រវែង ១,៥ គីឡូម៉ែត្រ ទៅកាន់នាវាបណ្តែត ផ្ទុក និងផ្ទេរប្រេងអចិន្រ្តៃយ៍មួយ៕


សូមទស្សនាវិដេអូ៖

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម