Connect with us

លោកស្រី អង់ សានស៊ូជី កោតសសើរអ្នកឧកញ៉ា គិត ម៉េង ក្នុងនាមជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន

សឹង្ហបុរី ៖ ថ្លែងក្នងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន (ABIS) នៅប្រទេសសឹង្ហបុរី លោកស្រី អង់ សានស៊ូជី រដ្ឋមន្ត្រីការបរទេស និងទីប្រឹក្សារដ្ឋប្រទេសមីយ៉ាន់ម៉ា បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន ក្នុងការរៀបចំកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកព័ត៌មានអំពីនិន្នាការថ្មីៗក្នុងវិស័យសេដ្ឋកិច្ច ដើម្បីចងក្រងជាអនុសាសន៍ ដើម្បីដាក់ជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អាស៊ាន សម្រាប់ដោះស្រាយក្នុងកិច្ចប្រជុំកំពូលអាស៊ាន ។
សូមបញ្ជាក់ថា បណ្តាក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច និងវិនិយោគអាស៊ាន បានបើកកិច្ចប្រជុំ របស់ខ្លួនមុនពេល កិច្ចប្រជុំកំពូលអាស៊ាន ចាប់ផ្តើមនៅថ្ងៃនេះ ក្នុងគោលដៅ ដើម្បីប្រមូលយក អានុសាសន៍ និង សំណូមពរ ពីបណ្តាធុរកិច្ចនានា ដើម្បីដាក់ជូនមេដឹកនាំអាស៊ាន ដោះស្រាយ និង សម្រេច ។
កិច្ចពិគ្រោះយោបល់ បានធ្វើឡើងក្រោមវត្តមានរបស់លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសឹង្ហបុរី ព្រមទាំងមានការចូលរួមពីបណ្តាក្រុមធុរកិច្ចអាស៊ាន ក្នុងនោះក៏មានវត្តមានថ្នាក់ដឹកនាំរបស់សភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមផងដែរ។
សម្រាប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១៨នេះ ប្រទេសសឹង្ហបុរី ជាម្ចាស់ផ្ទះរៀបចំ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ជិកា ដោយក្នុងនោះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ក៏បានចាកចេញពីកម្ពុជា ក្នុងដំណើរទៅចូលរួមកិច្ចប្រជុំនេះផងដែរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម