Connect with us

ដើមខែវិច្ឆិកា កម្ពុជា បានអនុម័តគម្រោងវិនិយោគសង់សណ្ឋាគារ ៥កន្លែងនៅខេត្តព្រះសីហនុ

ភ្នំពេញ ៖ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា (CDC) បានអោយដឹងថា ត្រឹមរយៈពេលពីរសប្តាហ៍ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨នេះ គម្រោងវិនិយោគសាងសង់ និង អាជីវកម្ម សណ្ឋាគារប្រណិត ចំនួន ៥គ្រោងផ្សេងគ្នា ត្រូវបានស្ថាប័នមួយនេះ សម្រេចអនុម័តឲ្យវិនិយោគជាស្ថាពរ មានទីតាំងនៅខេត្តព្រះសីហនុ ដែលមានតម្លៃទុនវិនិយោគសរុប ៤២២លានដុល្លារ និងផ្តល់ការងារប្រមាណ ៣៦៧៩កន្លែង ។
មានការកត់សម្គាល់ថា ក្រុមហ៊ុនជាតិ និង អន្តរជាតិជាច្រើន កំពុងបោះទុនវិនិយោគលើគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារប្រណិតកាន់តែច្រើននៅខេត្តព្រះសីហនុ ខណៈដែលខេត្តទេសចរណ៍តំបន់ឆ្នេរសមុទ្រដ៏ទាក់ទាញមួយនេះ កំពុងប្រឈមនឹងកង្វះកន្លែងស្នាក់នៅ សម្រាប់ភ្ញៀវទេសចរ ស្របពេលចំនួនជនជាតិចិនទៅកម្សាន្ត និង រកស៊ី កាន់តែច្រើនឡើងៗ ។
ខេត្តព្រះសីហនុ ត្រូវបានចាត់ទុកជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលសំខាន់មួយរបស់កម្ពុជា ដែលបច្ចុប្បន្ននេះ មានការវិនិយោគពីសំណាក់សហគ្រិនចិន លើគម្រោងធំៗជាច្រើន ផ្តោតសំខាន់លើការអភិវឌ្ឍន៍អគារពាណិជ្ជកម្ម សណ្ឋគារទំនើបៗ ខុនដូរ ផ្សារទំនើបជាដើម ។
ក្នុងអំឡុងមួយរយៈពេលចុងក្រោយនេះ តម្លៃបន្ទប់ស្នាក់នៅផ្ទះសំណាក់ និងសណ្ឋាគារ នៅខេត្តព្រះសីហនុ បានហក់ឡើងយ៉ាងគំហុក ជាពិសេសនៅក្នុងឳកាសនៃពិធីបុណ្យជាតិធំៗ ដោយបង្កផលប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋក្នុងស្រុក ដែលមានបំណងទៅកម្សាន្តនៅខេត្តតំបន់ឆ្នេរដ៏សំខាន់មួយនេះ។


តាមការព្យាកររបស់ក្រសួងទេសចរណ៍ ដើម្បីឆ្លើយតបនឹង កំណើនភ្ញៀវទេសចរ កម្ពុជាត្រូវការសណ្ឋាគារប្រមាណជាង ១០ម៉ឺនបន្ទប់ (សណ្ឋាគារប្រណិត លំដាប់ផ្កាយ ៤ និងផ្កាយ៥ ប្រមាណ៦០% ស្មើប្រមាណ ៦ម៉ឺនបន្ទប់) នៅទូទាំងប្រទេស ក្នុងនោះសម្រាប់ខេត្តព្រះសីហនុ ត្រូវការបន្ទប់សណ្ឋាគារជាង ៣ម៉ឺនបន្ទប់បន្ថែមទៀត (សណ្ឋាគារប្រណិតជាង ២ម៉ឺនបន្ទប់) ដើម្បីឆ្លើយតបនឹងតម្រូវការកំណើនភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ និងទេសចរជាតិប្រមាណ ១៣លាននាក់នៅឆ្នាំ២០៣០។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការគាំទ្រចំពោះគម្រោងវិនិយោគលើវិស័យទេសចរណ៍ និងអំពាវនាវឲ្យមានការវិនិយោគបន្ថែមទៀតប្រកបដោយគំនិតច្នៃប្រឌិត និងទទួលខុសត្រូវខ្ពស់ គោរពតាមបទដ្នានបរិស្ថាន និងគោលការណ៍ការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង តំបន់ឆ្នេរសមុទ្រដើម្បីឆ្លើយតបនឹងកំណើនទេសចរ និងនិរន្តរភាពទេសចរណ៍នាពេលបច្ចុប្បន្ន និងពេលអនាគត។
សូមជម្រាបថា បច្ចុប្បន្ននេះ កម្ពុជាមានសណ្ឋាគារប្រមាណជាង ៨០០កន្លែង ស្មើនឹង ៤៦ពាន់ បន្ទប់ (ក្នុងនោះសណ្ឋាគារប្រណិតមានប្រមាណជាង ២ម៉ឺនបន្ទប់) ដោយឡែក្នុងនោះខេត្តព្រះសីហនុមាន សណ្ឋាគារ ៦៩កន្លែង ស្មើនឹងជាង ៤ពាន់បន្ទប់ (សណ្ឋាគារប្រណិតមានទើបមានប្រមាណជាង ១០០០បន្ទប់) ៕   

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម