Connect with us

ជំងឺរលាកសួតលើកុមារ គ្រោះថ្នាក់ណាស់! ចុះធ្វើម៉េចអាចដឹងកូនកំពុងរលាក?

យោងតាមអង្គការសុខភាពពិភពលោក ជារៀងរាល់ ២០នាទី មានក្មេងម្នាក់ស្លា ប់ដោយសារជំងឺរលាកសួត។ រោគសញ្ញាជំងឺរលាកសួតលើកុមារ គឺខុសគ្នាពីក្មេងម្នាក់ទៅម្នាក់។ ខ្លះអាចនឹងក្អកតិចតួច មិនក្តៅខ្លួន ឬគ្មានសញ្ញាបង្ករោគច្បាស់លាស់ទេ ជាហេតុនាំឱ្យពិបាកព្យាបាលឱ្យបានទាន់ពេល។ មូលហេតុនេះហើយ បានជា “Hello គ្រូពេទ្យ” នឹងលើកឡើងពីជំងឺរលាកសួតលើកុមារ ឱ្យគ្នាយើងបានដឹង ដើម្បីអាចបង្ការគ្រោះថ្នាក់បាន។

១- ជំងឺរលាកសួតលើកុមារកម្រិតស្រាល

ជំងឺរលាកសួតលើកុមារ គឺបង្កដោយពពួកបាក់តេរី ដូចជា Mycoplasma pneumoniae និង Chlamydophila pneumoniae ធ្វើឱ្យមានរោគសញ្ញាកម្រិតស្រាលប៉ុណ្ណោះ។ ជំងឺនេះ ឧស្សាហ៍កើតញឹកញាប់លើក្មេងៗ អាយុថ្នាក់បឋមសិក្សា ក៏មិនសូវជាមានសភាពធ្ងន់ធ្ងរនោះដែរ តែវាអាចធ្វើឱ្យមានអាការៈក្អកស្ងួត ក្តៅខ្លួនស្ទីងៗ ឈឺក្បាល និងអស់កម្លាំង។

២- ជំងឺរលាកសួតលើកុមារកម្រិតមធ្យម

ច្រើនកើតលើក្មេងអាយុ ៥-៦ ឆ្នាំ ដែលបណ្តាលមកពីពពួកមេរោគ ខណៈរោគសញ្ញាកើតមានញឹកញាប់ ដូចជា ឈឺក ក្អក ក្តៅខ្លួនតិចៗ តឹងច្រមុះ រាករូស មិនសូវចង់ញ៉ាំចំណី និងអស់កម្លាំង។

៣- រលាកសួតលើកុមារកម្រិតធ្ងន់

ច្រើនកើតលើក្មេងស្ថិតក្នុងវ័យបឋមសិក្សា និងក្មេងជំទង់ ហើយបណ្តាលមកពីពួកបាក់តេរី និងមានរោគសញ្ញាធ្ងន់ធ្ងរ ដូចជា ក្តៅខ្លួនខ្លាំង បែកញើស រងាញាក់ ស្បែកឡើងក្រហម បបូរមាត់ និងក្រចកឡើងខៀវ ដកដង្ហើមឮសំឡេង និងពិបាកដកដង្ហើម។

៤- រលាកសួតលើទារក

ពេលទារកមានជំងឺនេះ មិនមានរោគសញ្ញាឱ្យច្បាស់លាស់ឡើយ បង្កជាផលវិបាកដឹងពីស្ថានភាពជំងឺទាន់ពេល ព្រោះដោយសារទារកមិនអាចប្រាប់ពីអាការៈបានឡើយ។ យ៉ាងណា យើងអាចសង្កេតឃើញមានស្ថានភាព ស្លេកស្លាំង ខ្សោយល្ហិតល្ហៃ យំខុសធម្មតា មិនសូវបៅ ឬញ៉ាំ ឡេះឡះ និងក្អួត។

៥- ពេលណាគួរទៅជួបគ្រូពេទ្យ?

គួរទៅជួបគ្រូពេទ្យពេលសង្កេតឃើញថា ក្មេងមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ ហើយត្រូវទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យភ្លាមៗពេលដែលទារកមានអាការៈដូចខាងក្រោម៖

– ពិបាកដកដង្ហើម ឬដកដង្ហើមញាប់
– ប្តូរពណ៌ស្បែក (ខៀវ ឬប្រផេះ)
– ក្តៅខ្លួនខ្លាំង (ចាប់ពី ៣៨អង្សារសេ ចំពោះទារកក្រោម ៦ខែ)។

៦- វិធីព្យាបាល

គ្រូពេទ្យនឹងពិនិត្យអាការៈកូនយើង ចង្វាក់ដង្ហើម សញ្ញាជីវិត និងស្តាប់សំឡេងសួត។ គ្រូពេទ្យ ក៏អាចនឹងសុំធ្វើតេស្តមួយចំនួន ដូចជា ថតសួត ពិនិត្យឈាម អាចនឹងបណ្តុះមេរោគពីកំហាកទៀតផង។

ជំងឺរលាកសួតលើកុមារ ភាគច្រើនអាចព្យាបាលបានដោយថ្នាំផ្សះ និងការសម្រាកនៅផ្ទះប៉ុណ្ណោះ។ មិនគួរឱ្យថ្នាំបញ្ឈប់ក្អកទៅក្មេងឡើយ ព្រោះនឹងរំខានដល់ការបញ្ចេញស្លេសពីផ្លូវដង្ហើម។ គួរពិគ្រោះជាមួយគ្រូពេទ្យសិន មុននឹងឱ្យថ្នាំទៅក្មេង ហើយ ក្នុងករណីខ្លះ សមាជិកគ្រួសារ ក៏ត្រូវលេបថ្នាំដើម្បីការពារករណីឆ្លងផងដែរ។ ក្មេងអាចនឹងត្រូវសម្រាកពេទ្យ បើសិនជា៖

– រលាកសួតដោយក្អកមាន់
– មានក្តៅខ្លួនខ្លាំង និងពិបាកដកដង្ហើម
– ត្រូវដាក់អុកស៊ីសែន
– រលាកសួតពេញច្រើនកន្លែង
– មានជំងឺប្រព័ន្ធការពារប្រឆាំងខ្លួនឯង
– ក្អួតខ្លាំង
– រលាកសួត ម្តងហើយម្តងទៀត
ក្មេងមានជំងឺរលាកសួតធ្ងន់ធ្ងរ អាចនឹងត្រូវសម្រាកនៅផ្នែកសង្គ្រោះ និងថែទាំពិសេស (ICU)៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម