Connect with us

ហានិភ័យអាហារប្រៃ ផ្អែម ខ្លាញ់ គំរាមកំហែងដល់សុខភាពបេះដូង

ម្ហូបអាហារខ្មែរយើង ជាទូទៅ មានដាក់គ្រឿងផ្សំច្រើន ដើម្បីឱ្យមានរសជាតិមុតឆ្ងាញ់ពេលញ៉ាំទៅ ហើយគ្នាយើងមួយចំនួនចូលចិត្តញ៉ាំអាហារផ្អែម ប្រៃខ្លាំង ឬមានខ្លាញ់ច្រើន។ យើងគួរដឹងថា អាហារផ្អែមពេក ប្រៃពេក និងអាហារខ្លាញ់ច្រើនមិនមែនជាមិត្តល្អសម្រាប់សុខភាពយើង ពិសេសសុខភាពបេះដូងនោះទេ។

គ្រោះថ្នាក់នៃអាហារផ្អែមចំពោះបេះដូង
ការបន្ថែមស្ករច្រើនពេកទៅក្នុងអាហារអាចជាការគំរាមកំហែងដ៏ធំបំផុតមួយចំពោះសុខភាពយើង។ ស្ករទាំងអស់ ជាផ្នែកមួយនៃគ្រួសារកាបូអ៊ីដ្រាត និងផ្តល់ថាមពល ៤ កាឡូរី/ក្រាម។ ស្ករមិនមានសារធាតុចិញ្ចឹមអ្វីទេ បើយើងញ៉ាំវាតែឯង។ នៅពេលដែលយើងញ៉ាំស្ករច្រើនពេក ថ្លើមនឹងត្រូវផលិតអាំងស៊ុយលីន នាំជាតិស្ករលើសត្រូវចូលក្នុងកោសិការាងកាយ ដើម្បីប្រើប្រាស់ជាថាមពលវិញ។ ចំពោះគ្នាយើងធន់នឹងអាំងស៊ុយលីន ជាតិស្ករដែលលើសនោះមិនត្រូវបានចូលក្នុងកោសិការាងកាយទេ ហេតុនេះកម្រិតជាតិស្ករក្នុងឈាមកើនឡើង អាចក្លាយជាហានិភ័យដល់សុខភាពបេះដូង។

វិធីបញ្ចុះជាតិស្ករក្នុងឈាម៖ ញ៉ាំស្ករតិចជាង៦ស្លាបព្រាកាហ្វេ/ថ្ងៃ ចៀសវាងផឹកភេសជ្ជៈមានជាតិស្ករលើស៥% ញ៉ាំផ្លែឈើមានជាតិស្ករទាបដូចត្របែក ល្ហុង ប៉ោមបៃតង។ល។
គ្រោះថ្នាក់នៃអាហារប្រៃចំពោះបេះដូង
ខ្មែរយើងនិយមប្រើទឹកត្រី ឬអំបិលពេលចម្អិនអាហារប្រចាំថ្ងៃ។ តែការញ៉ាំអាហារមានផ្ទុកជាតិប្រៃខ្លាំងពេក អាចធ្វើឱ្យយើងប្រឈមនឹងលើសសម្ពាធឈាម ជំងឺតម្រងនោម និងកើតជំងឺបេះដូង។ ត្បិតនៅក្នុងអំបិលផ្ទុកសូដ្យូមដែលចាំបាច់សម្រាប់រាងកាយមនុស្សយើង តែអ្នកជំនាញណែនាំឱ្យយើងកាត់បន្ថយកម្រិតសូដ្យូមដែលយើងញ៉ាំជាប្រចាំ។ កាលណាយើងញ៉ាំសូដ្យូមច្រើនពេកអាចបង្កើនសម្ពាធឈាម និងបណ្តាលឱ្យរាងកាយទប់ទល់នឹងសារធាតុរាវ។ ជំងឺលើសសម្ពាធឈាម ជាកត្តាហានិភ័យចម្បងសម្រាប់ជំងឺគាំងបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល និងបញ្ហាសរសៃឈាមបេះដូងដទៃទៀត។

វិធីកាត់បន្ថយការញ៉ាំសូដ្យូម៖ ញ៉ាំជាតិសូដ្យូម (អំបិល) តិចជាង១ស្លាបព្រាកាហ្វេ/ថ្ងៃ ចៀសវាងថែមទឹកត្រី ឬអំបិលក្នុងអាហារ បន្ថយការញ៉ាំអាហារផ្អាប់ នំកញ្ចប់ និងអាហារកែច្នៃ។ល។

គ្រោះថ្នាក់នៃអាហារខ្លាញ់ច្រើនចំពោះបេះដូង
ជាតិខ្លាញ់ ក៏សំខាន់មួយនៃរបបអាហាររបស់យើង។ ក្នុងអាហារយើងញ៉ាំរាល់ថ្ងៃចាំបាច់ត្រូវមានជាតិខ្លាញ់ខ្លះ ប៉ុន្តែបើយើងញ៉ាំច្រើនពេកក៏មិនល្អសម្រាប់សុខភាពដែរ។ អាហារដែលមានជាតិខ្លាញ់ឆ្អែតជាប់ទាក់ទងនឹងសុខភាពបេះដូងខ្សោយ បង្កើនជាតិកូឡេស្ដេរ៉ូលខ្ពស់ បង្កើនខ្លាញ់អាក្រក់ LDL និង បន្ថយខ្លាញ់ល្អ HDLក្នុងរាងកាយ។

វិធីកាត់បន្ថយការញ៉ាំជាតិខ្លាញ់៖ ញ៉ាំអាហារខ្លាញ់តិចជាង ២០ក្រាម/ថ្ងៃ ចៀសវាងអាហារបំពង ចៀន ឬអាហារផ្ទុកខ្លាញ់ឆ្អែត ចៀសវាងអាហារប្រើខ្លាញ់ចាស់ (ខ្លាញ់ធ្លាប់ប្រើម្ដងហើយ យកមកប្រើម្ដងទៀត)។ល៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម