Connect with us

ផ្លូវជាតិលេខ៤៨ គ្រោងនឹងបញ្ចប់ជួសជុលបឋមនៅពាក់ កណ្ដាលខែធ្នូ ឆ្នាំ២០១៨ មុនពិធីបុណ្យសមុទ្រ

កោះកុង ÷ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក​ជញ្ជូន បានដឹកនាំគណប្រតិភូចុះពិនិត្យការដ្ឋានជួសជុល​ ថែទាំផ្លូវជាតិលេខ៤៨ ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ផ្លូវនេះ​ មានប្រវែង១៥០គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកស្រែអំបិលទៅដល់ទីរួមខេត្តកោះកុង​ ។ ក្នុងចម្ងាយផ្លូវ ១៥០គីឡូម៉ែត្រនេះ ផ្លូវប្រវែង៦៣គីឡូម៉ែត្រ ត្រូវទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ និងកត្តាធម្មជាតិផ្សេងៗទៀត។

ឯកឧត្តម​ ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កំណាត់ផ្លូវដែលរងការខូចខាតប្រវែង ៦៣ គីឡូម៉ែត្រនេះ ត្រូវបានចែកចេញ ជា​៩១កំណាត់ដើម្បីជួសជុលដោយអង្គភាពធំៗចំនួនបីរួមមាន៖ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ នាយកដ្ឋានជួសជុលនិងថែទាំផ្លូវថ្នល់ និងនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ ដោយប្រើប្រាស់គ្រឿងចក្រសម្រាប់ជួសជុលប្រមាណ​៤០០គ្រឿង និងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១២លានដុល្លារអាមេរិក​ សម្រាប់ធានាការជួសជុល និងថែទាំផ្លូវនេះ រហូតដល់ការចាប់ផ្តើមអនុវត្តគម្រោង ស្តារ និងធ្វើឱ្យប្រសើរឡើង ក្រោមឥណទានប្រាក់កម្ចីរបស់សាធារណរដ្ឋកូរ៉េ(EDCF)។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ផ្លូវនេះនឹងត្រូវបានជួសជុលចប់សព្វគ្រប់ទាំងស្រុងនៅពាក់ កណ្ដាលខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីឱ្យប្រជាពលរដ្ឋអាចធ្វើចរាចរណ៍ និងដឹកទំនិញទៅកាន់ទីផ្សារ បានឆាប់រហ័ស និងមានបរិមាណកើនឡើង ជាពិសេសដើម្បីអបអរសាទរពិធីបុណ្យសមុទ្រដែលនឹងត្រូវ ប្រារព្ធឡើងនៅលើទឹកដីខេត្តកោះកុង នាចុងខែធ្នូខាងមុខ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី​ បានបន្តថា មានផ្លូវមានក្តីសង្ឃឹម ផ្លូវល្អនាំមកនូវភ្ញៀវទេសចរ វិនិយោគិន និង ការដឹកជញ្ជូនកើនឡើង ដែលជាកត្តាជំរុញដល់ការបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងការរីកចម្រើន សេដ្ឋកិច្ចជាតិ សំដៅកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា។

ជាមួយគ្នានេះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី​ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ជាក្រុមហ៊ុនដឹកជញ្ជូនចូល រួមថែរក្សាក្នុងស្មារតីភាពជាម្ចាស់ការ ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋ និងបានក្រើនរំលឹកដល់ មន្ត្រីតាមស្ថានីយជញ្ជីងទាំងអស់ត្រូវគោរព និងអនុវត្តតាមច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ជៀសវាងការប្រព្រឹត្ត អំពើខុសប្រក្រតីដែលជាហេតុនាំឱ្យបំផ្លាញខ្លួនឯង ដោយហេតុថារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរក ថវិកាកសាងដោយលំបាក៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម