Connect with us

មូលហេតុអ្វីទើបក្មេងនិយាយកុហក? ប៉ាម៉ាក់គួរធ្វើបែបណា?

ពិតណាស់ នៅពេលកូនចាប់ផ្ដើមចេះនិយាយកុហក ប៉ាម៉ាក់ច្បាស់ជាពិបាកចិត្តមិនខាន ហើយប្រសិនបើប៉ាម៉ាក់មិនប្រញាប់អប់រំកូនតាំងពីក្មេងទេនោះ ពួកគេអាចនឹងបន្តទម្លាប់មិនល្អមួយនេះ រហូតដល់ពេលដែលខ្លួនពេញវ័យទៀតផង។

ហេតុអ្វីទើបក្មេងចេះនិយាយកុហក?
ក្មេងៗអាចកុហក ក្រោមលក្ខខណ្ឌដូចខាងក្រោម៖

បិទបាំងរឿងរ៉ាវមួយចំនួន ដើម្បីជៀសផុតពីបញ្ហា
ចង់ដឹងថាប៉ាម៉ាក់នឹងឆ្លើយតបបែបណា
បង្កើតរឿងឱ្យកាន់តែរំភើប
ទទួលបទពិសោធន៍ ដោយធ្វើពើថារឿងដែលកើតឡើងគឺជាការពិត
ទទួលបានចំណាប់អារម្មណ៍
ដើម្បីទទួលបានអ្វីដែលខ្លួនចង់បាន
ដើម្បីកុំឱ្យអ្នកណាម្នាក់ឈឺចាប់ ជាការកុហកក្នុងគោលបំណងល្អ

នៅពេលណាក្មេងចាប់ផ្ដើមចេះកុហក?

ជាទូទៅ កុមារចាប់ផ្ដើមចេះនិយាយកុហកតាំងពីនៅវ័យក្មេង គឺប្រហែលនៅអាយុ៣ឆ្នាំ។ នៅវ័យនេះ ក្មេងចាប់ផ្ដើមដឹងថាប៉ាម៉ាក់មិនអាចទាយចិត្តកូនត្រូវឡើយ ដូច្នេះហើយ ពួកគេអាចនិយាយរឿងរ៉ាវដែលមិនពិត ដោយយើងមិនអាចដឹងបាន។
ជាមួយគ្នានេះដែរ កុមារចាប់ផ្ដើមកុហកកាន់តែច្រើននៅអាយុ៤ទៅ៦ឆ្នាំ។ ពួកគេអាចនិយាយកុហកកាន់តែឈ្លាសវៃជាងមុន ដោយការបង្ហាញទឹកមុខ និងបញ្ចេញសំឡេងបានល្អ។ ប្រសិនបើប៉ាម៉ាក់ឱ្យកូនពន្យល់ពីអ្វីដែលពួកគេនិយាយ ពួកគេនឹងសារភាពកំហុស។

នៅពេលដែលកុមារកាន់តែធំទៅ ពួកគេអាចនិយាយកុហកដោយជោគជ័យ ដែលប៉ាម៉ាក់មិនអាចដឹងបាន ហើយការកុហកនេះនឹងកាន់តែស្មុគស្មាញជាងមុន ពីព្រោះកូនមានពាក្យកាន់តែច្រើន ក៏ដូចជាយល់ដឹងបានប្រសើរជាងមុន អំពីអ្វីដែលអ្នកដទៃគិត។

លើកទឹកចិត្តឱ្យកូននិយាយការពិត
នៅពេលដែលក្មេងមានវ័យសមល្មមដែលអាចយល់ដឹងពីភាពខុសគ្នារវាងការពិត និងមិនពិត វាគឺជាពេលវេលាដ៏សក្ដិសមក្នុងការលើកទឹកចិត្ត និងគាំទ្រឱ្យពួកគេនិយាយការពិត។

ប៉ាម៉ាក់អាចលើកទឹកចិត្តកូន ដោយការសង្កត់ធ្ងន់ទៅលើសារសំខាន់នៃភាពស្មោះត្រង់នៅក្នុងគ្រួសារ និងជួយកូនឱ្យយល់ដឹងថានឹងមានរឿងអ្វីកើតឡើង ប្រសិនបើពួកគេនិយាយកុហក។

តិចនិកមួយចំនួនដែលប៉ាម៉ាក់អាចអនុវត្តបាន៖

ជជែកជាមួយកូនអំពីការនិយាយកុហក និងការពិត ក៏ដូចជាលើកយកឧទាហរណ៍ ដើម្បីឱ្យកូនបានយល់ច្បាស់ ដូចជា ប្រសិនបើកូនកុហកអ្នកគ្រូ តើនឹងមានរឿងអ្វីកើតឡើង?
ជួយកូនឱ្យជៀសវាងពីស្ថានភាពដែលពួកគេមានអារម្មណ៍ថាចាំបាច់ត្រូវនិយាយកុហក។
ឧទាហរណ៍៖ ប្រសិនបើយើងសួរកូន ថាតើពួកគេមានធ្វើឱ្យកំពប់ទឹកដោះគោឬអត់? ពួកគេអាចនឹងមានអារម្មណ៍ថាត្រូវនិយាយកុហក។
សរសើរកូន នៅពេលដែលពួកគេចេះសារភាពកំហុស។
ធ្វើជាគំរូដល់កូនក្នុងការនិយាយការពិត។

ប៉ាម៉ាក់គួរធ្វើបែបណា នៅពេលកូនមានចេតនានិយាយកុហក?

ប្រសិនបើកុមារនិយាយកុហកដោយចេតនា ជំហានដំបូងគឺធ្វើឱ្យពួកគេដឹងថា ការនិយាយកុហកគឺជាទង្វើមិនល្អឡើយ។ យ៉ាងណាមិញ កូនក៏ចាំបាច់ដឹងថា ហេតុអ្វីបានជាការនិយាយកុហកគឺជារឿងមិនល្អ។ ដូចនេះ ជំហានបន្ទាប់ ប៉ាម៉ាក់ចាំបាច់ត្រូវលើកឡើងពីផលវិបាកដែលអាចកើតឡើងពីការកុហកនេះ។គន្លឹះមួយចំនួនក្នុងការដោះស្រាយការកុហករបស់កូន៖

ចូរនិយាយជាមួយកូនដោយស្ងប់អារម្មណ៍ និងពន្យល់ពួកគេឱ្យយល់ដឹងពីអារម្មណ៍យើង។ បន្ថែមពីនេះ យើងគប្បីណែនាំកូនថា ការកុហកអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងប៉ាម៉ាក់ និងកូន ហើយគ្រួសារ ក៏ដូចជាមិត្តភ័ក្ដិអាចនឹងឈប់ទុកចិត្តពួកគេតទៅទៀត។

ចូរប្រាប់កូនជានិច្ច នៅពេលដែលយើងដឹងថាពួកគេនិយាយកុហក។ ប៉ុន្តែប៉ាម៉ាក់គប្បីជៀសវាងសួរកូនគ្រប់ពេល ថាតើពួកគេនិយាយជាការពិតដែរឬយ៉ាងណា។ លើសពីនេះ ជៀសវាងថាឱ្យកូនជាមនុស្សកុហក ពីព្រោះវាអាចនឹងធ្វើឱ្យក្មេងជឿថាពួកគេពិតជាមនុស្សកុហក ដែលនាំឱ្យកើតមានការកុហកកាន់តែច្រើនឡើង។
ប្រសិនបើកូនកុហក ដើម្បីការពារអ្នកណាម្នាក់ ឬខ្លួនឯង ប៉ាម៉ាក់ត្រូវធានាថា ពួកគេនឹងមានសុវត្ថិភាព នៅពេលដែលពួកគេនិយាយការពិត៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម