Connect with us

ស្គាល់តែឈ្មោះថា ប្រាថ្នា ឬ ហ្វាហ្វា ចុះមានដែលបានស្គាល់ឈ្មោះពិតរបស់គាត់ទេ?

កម្សាន្ត៖ មួយរយៈចុងក្រោយនេះ បើតាមការសង្កេតនៅលើបណ្តាញសង្គមល្បីៗនៅកម្ពុជា ដូចជា Facebook Instagram Youtube និង TikTok ជាដើម គឺពិតជាមានការចែករំលែក និងគាំទ្រនូវការសម្តែងរបស់តួឯកស្រីសាច់សខ្ចីដូចបណ្តូលចេក គឺកញ្ញា ហ្វា ហ្វា ឬឈ្មោះដែលកំពុងល្បីគឺ ប្រាថ្នា ដែលជាតួអង្គឯកស្រីក្នុងរឿងភាគព្រេងនិទានខ្មែររបស់ស្ថានីយទូរទស្សន៍ CTN ដែលមានចំណងជើងថា «មាយាស្ត្រី» យ៉ាងខ្លាំង។

ក្រៅពីមានការគាំទ្រថាកញ្ញា ហ្វា ហ្វា សម្តែងពិតជាសម និងចូលតួល្អមែនទែន ក៏មាននូវចម្ងល់ជាច្រើនត្រូវបានចោទសួរពីទស្សនិកជនដូចជា តើឈ្មោះពិតគាត់មានឈ្មោះអ្វី? តើកញ្ញាមានអាយុប៉ុន្មាន? តើពេលទំនេរ កញ្ញាចូលចិត្តធ្វើអ្វីជាដើម និងសំណួរជាច្រើនទៀតផងដែរ។

បន្ទាប់ពីបានដឹងនូវរឿងខាងលើ MyTV Plus ក៏បានព្យាយាមសាកសួរកញ្ញាដោយផ្ទាល់ និងទទួលបាននូវចម្លើយយ៉ាងច្បាស់ ១០០ភាគរយ ជូនទស្សនិកជន។ ដូច្នេះពេលនេះ MyTV Plus នឹងរៀបរាប់ជូនទស្សនិកជនឱ្យបានដឹងថាកញ្ញា ហ្វា ហ្វា មានឈ្មោះពិតថា គៀត គឹមយី មានអាយុ ២៤ឆ្នាំ(មិនមែន ១៨ឆ្នាំដូចបងប្អូនទស្សន៍ទាយទេ) ជាកូនស្រីទី២ ក្នុងចំណោមកូន៣នាក់ និងមានស្រុកកំណើតនៅរាជធានីភ្នំពេញ។

ក្រៅពីមានការងារជាតារាសម្តែង កញ្ញា ហ្វា ហ្វា ក៏ជាតារាបង្ហាញម៉ូតមួយរូបផងដែរ ជាមួយនឹងកម្ពស់ ១,៦៥សង់ទីម៉ែត្រ ដែលពិតជាសក្តិសម មិនទាបហើយក៏មិនខ្ពស់ពេក សមល្មមជាមួយនឹងរាងដ៏ស្រឡូនរបស់កញ្ញា ជាក់ស្តែងកញ្ញាគឺបានធ្វើការហាត់ប្រាណជាប់ជារៀងរាល់ថ្ងៃ ដើម្បីរក្សាឱ្យបាននូវរូបរាងមួយនេះ។

នៅពេលទំនេរពីការងារសិល្បៈ កញ្ញាក៏ចូលចិត្តច្រៀងលេងផងដែរ ប៉ុន្តែបើសិនជាបងប្អូនចង់ស្តាប់នូវសំនៀងរបស់គាត់ គឺពិបាកបន្តិចហើយ ព្រោះបើច្រៀងជាសាធារណៈ កញ្ញាបញ្ជាក់ថា ចេះតែអៀន។ ក្រៅពីនេះ កញ្ញាក៏ជាអ្នកគាំទស្សនារឿងខ្មែរ រឿងកូរ៉េ និងហូលីវូដជាដើម ជាក់ស្តែងកញ្ញាក៏បានប្រាប់ MyTV Plus ដែរថា ក្រៅពីការទស្សនាកម្សាន្ត កញ្ញាគឺឆ្លៀតពេលនេះ តាមមើលបច្ចេកទេសនៃការសម្តែងរបស់រាមច្បង រួមជាមួយតួសម្តែងអន្តរជាតិល្បីៗក្នុងរឿង ដើម្បីសិក្សានិងអភិវឌ្ឍនូវជំនាញសិល្បៈរបស់ខ្លួនរាល់ថ្ងៃផងដែរ។

កំឡុងពេលនេះ កញ្ញាមានពេលទំនេរច្រើនពីការងារសិល្បៈ ពីព្រោះការផលិតនូវខ្សែភាពយន្តគឺត្រូវបានពន្យារពេល ដើម្បីចូលរួមក្នុងការទប់ស្កាត់នៃការរីករាលដាលនៃមេរោគកូវីដ១៩ ហើយកញ្ញាក៏សូមអំពាវនាវឱ្យបងប្អូនចូលរួមគោរពវិធានការ ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួន ដើម្បីខ្លួនឯងផ្ទាល់ គ្រួសារ និងសង្គមជាតិទាំងមូល។

ជាចុងក្រោយ កញ្ញា ហ្វា ហ្វា ក៏បានសូមអរគុណដល់ពុក ម៉ែ បងប្អូនទាំងអស់ដែលបានគាំទ្រការសម្តែងរបស់ខ្លួន ក៏ដូចជាភាពយន្តភាគព្រេងនិទានខ្មែររបស់ស្ថានីយទូរទស្សន៍ CTN ដែលមានចាក់ផ្សាយនៅរៀងរាល់ថ្ងៃសៅរ៍ – អាទិត្យ ម៉ោង ៧យប់ និងបានជូនពរទស្សនិកជនទាំងអស់មានសុខភាពល្អគ្រប់ៗគ្នាផងដែរ៕

អត្ថបទ៖ លីន រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម