Connect with us

រដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ក្រុងព្រះសីហនុ រយៈពេល១សប្ដាហ៍បន្តទៀត

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នឹងអនុវត្តសេចក្ដីសម្រេចតំបន់បិទខ្ទប់ និងតំបន់ក្រហម ក្នុងក្រុងព្រះសីហនុ រយៈពេល ១សប្តាហ៍បន្ថែមទៀត ដោយសារមូលហេតុលទ្ធផលនៃការយកសំណាកពីសមាជិកក្រុមគ្រួសាររបស់ប្រជាពលរដ្ឋលើកទី២ និងប្រជាពលរដ្ឋ ដែលរស់នៅតំបន់ក្រហម នៅតែបន្តរកឃើញមានវិជ្ជមានកូវីដ១៩ នៅឡើយ។

ការសម្រេចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាបន្តបិទខ្ទប់ភូមិសាស្ត្រក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដឹកនាំដោយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ។

ក្នុងតំបន់បិទខ្ទប់ អាជ្ញាធរបានអនុញ្ញាតឱ្យប្រជាពលរដ្ឋលក់ដូរនៅតាមផ្ទះ ដូចជាគ្រឿងឧបភោគបរិភោគ សម្រាប់ប្រជាពលរដ្ឋដែលបានធ្វើតេស្តរកមេរោគកូវីដ១៩ អវិជ្ជមាន២ដង និងមានលិខិតបញ្ជាក់ពីមន្ទីរសុខាភិបាលខេត្ត។

ដោយឡែក ក្រៅតំបន់បិទខ្ទប់ ប្រជាពលរដ្ឋអាចលក់ដូរបានតែត្រូវគោរពតាមស្តង់ដា វិធានសុវត្ថិភាពជាចម្បង ដូចជា ការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាព។ល។ បន្តរឹតបន្ដឹងអ្នកដែលមិនពាក់ម៉ាស និងរក្សាគម្លាត ដោយធ្វើការផាកពិន័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។

គួររំឭកថា អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចបិទខ្ទប់ក្រុងព្រះសីហនុទាំងស្រុង ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ខណៈភូមិចំនួន៥ រួមមាន ភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ នៃសង្កាត់លេខ៤ ត្រូវបានដាក់ជា តំបន់ក្រហម ដែលជាតំបន់មានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម