Connect with us

ប្រទេស/ដែនដីណាខ្លះ ដែលបានហាមឃាត់ការធ្វើដំណើរមកពីប្រទេសឥណ្ឌា?

ក្រោយរលកទី២ នៃវីរុសកូវីដ១៩ កំពុងឆ្លងរាតត្បាតនៅប្រទេសឥណ្ឌា ប្រទេសមួយចំនួន បានប្រកាសពីការផ្អាកអ្នកដំណើរមកពីប្រទេសឥណ្ឌា។ ប្រទេសទាំងនោះមានដូចជា៖

សហរដ្ឋអាមេរិក៖ ចាប់ពីថ្ងៃទី៤ ខែឧសភា អ្នកដំណើរមកពីប្រទេសឥណ្ឌា មិនត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់សហរដ្ឋអាមេរិកឡើយ។ ជនបរទេសដែលមិនមែនជាជនជាតិឥណ្ឌា ដែលស្នាក់នៅក្នុងប្រទេសឥណ្ឌារយៈពេល ១៤ថ្ងៃចុងក្រោយ ត្រូវបានហាមឃាត់ផងដែរ។

ប្រទេសបារាំង៖
បារាំង បានហាមឃាត់ជើងហោះហើរទាំងអស់ មកពី ប្រទេសឥណ្ឌា ប្រេស៊ីល អាហ្សង់ទីន និង អាហ្វ្រិកខាងត្បូង។

ប្រទេសកាណដា៖
ប្រទេសកាណាដា បានផ្អាកជើងហោះហើរមកពីប្រទេសឥណ្ឌា និងប៉ាគីស្ថាន រយៈពេល៣០ថ្ងៃ។ ការផ្អាកនេះ អនុវត្តចាប់ពីថ្ងៃទី២៣ ខែមេសា រហូតដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។

ប្រទេសហ្វីលីពីន៖
អ្នកដំណើរមកពីប្រទេសឥណ្ឌា ឬអ្នកដំណើរដែលធ្លាប់ចូលទៅកាន់ប្រទេសឥណ្ឌា រយៈពេល១៤ថ្ងៃ ចុងក្រោយ មិនត្រូវអនុញ្ញាតឱ្យឡើងយន្តហោះដែលឆ្ពោះទៅប្រទេសហ្វីលីពីននោះទេ។

ប្រទេសកម្ពុជា៖ នៅថ្ងៃទី២៧ ខែមេសា កន្លងទៅ ក្រសួងសុខាភិបាលកម្ពុជា បានសម្រេចហាមឃាត់ការធ្វើដំណើរចូលមកប្រទេសកម្ពុជាមួយរយៈ រហូតដល់មានការជូនដំណឹងជាថ្មី ចំពោះជនជាតិឥណ្ឌា និងជនបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា រយៈពេល ៣សប្ដាហ៍មុនចូលមកប្រទេសកម្ពុជា តាមផ្លូវអាកាស ឬតាមផ្លូវគោក ដោយត្រូវចាប់អនុវត្តក្រោយ ៤៨ម៉ោង បន្ទាប់ពីចេញសេចក្ដីប្រកាសនេះ។

ប្រទេសអាល្លឺម៉ង់៖
អ្នកដំណើរទាំងអស់មកពីប្រទេសឥណ្ឌា ត្រូវបានហាមឃាត់ លើកលែងតែអ្នកដំណើរតែមានបណ្ណស្នាក់នៅក្នុងប្រទេសអាល្លឺម៉ង់តែប៉ុណ្ណោះ។ អ្នកដំណើរ ក៏ត្រូវមានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ មុនចេញដំណើរ និងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ។

ប្រទេសអ៊ីតាលី៖
ប្រទេសនេះ អនុវត្តវិធានការដូចប្រទេសអាល្លឺម៉ង់ដែរ។ ជនបរទេសទាំងអស់ ដែលធ្លាប់ទៅប្រទេសឥណ្ឌាមុន១៤ថ្ងៃ ត្រូវបានហាមឃាត់។

បង់ក្លាដេស៖
គ្មានអ្នកដំណើរណាម្នាក់មកពីប្រទេសឥណ្ឌា ត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ប្រទេសបង់ក្លាដេសឡើយ ចាប់ពីថ្ងៃទី២៦ ខែមេសា ដោយអនុវត្តវិធានការនេះរយៈពេល១៤ថ្ងៃ។

ចក្រភពអង់គ្លេស៖
ចក្រភពអង់គ្លេស បានហាមឃាត់ ការធ្វើដំណើរពីប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១មកម្ល៉េះ។ អ្នកដំណើរដែលបានស្នាក់នៅប្រទេសឥណ្ឌា រយៈពេល១០ថ្ងៃចុងក្រោយ មិនត្រូវបានអនុញ្ញាតឱ្យចូលឡើយ។

អូម៉ង់៖
អាជ្ញាធរប្រទេសអូម៉ង់ មិនអនុញ្ញាតឱ្យអ្នកដំណើរមកពីឥណ្ឌា ប៉ាគីស្ថាន និងបង់ក្លាដេស ចូលទៅកាន់ប្រទេសរបស់ខ្លួនឡើយ។

ក្រុងហុងកុង៖
ក្រោយអ្នកដំណើរ ៤៥នាក់ ត្រូវបានរកឃើញ វិជ្ជមានកូវីដ១៩ អាជ្ញាធរហុងកុង បានសម្រេចផ្អាកជើងហោះហើរទាំងឡាយណាដែលមកពីប្រទេសឥណ្ឌា។

សិង្ហបុរី៖
អ្នកដំណើរដែលឆ្លងកាត់ប្រទេសឥណ្ឌា ១៤ថ្ងៃចុងក្រោយ ឬប្ដូរជើងហោះហើរនៅប្រទេសឥណ្ឌា នឹងត្រូវអាជ្ញាធរសិង្ហបុរី ហាមឃាត់។

ប្រទេសអូស្ត្រាលី៖
ប្រទេសអូស្ត្រាលី បានចេញច្បាប់ហាមឃាត់សូម្បីតែជនជាតិអូស្ត្រាលី ដែលមកពីប្រទេសឥណ្ឌា ក៏មិនអាចវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនបានដែរ ហើយបើមក នឹងមានទោសជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ឬអាចពិន័យជាប្រាក់ចំនួន ៦៦០០០ ដុល្លារអូស្ត្រាលី។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ឬនៅថ្ងៃខាងមុខ ក៏អាចនឹងមានប្រទេសផ្សេងៗទៀត បាន ឬនឹងអនុវត្តវិធានការហាមឃាត់ការធ្វើដំណើរមកពីប្រទេសឥណ្ឌាផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម