Connect with us

អ្នកគាំទ្រ Arsenal ផ្លូវការនៅស្រុកខ្មែរមើលការប្រកួតជុំគ្នាតាម Zoom លើកទី១ ចំពេលក្រុមកាំភ្លើងធំ Arsenal ឈ្នះទៀត

នៅប្រទេសកម្ពុជាមានក្រុមអ្នកគាំទ្របាល់ទាត់ Premier League របស់អង់គ្លេសច្រើនលើសលុប។ ហើយយើងអាចសង្គេតឃើញថាក្នុងនោះមានអ្នកគាំទ្រក្រុមធំចំនួនបួន ដែលរួមមានក្រុមមេឃខៀវ Manchester City, ក្រុមតោខៀវ Chelsea, ក្រុមបិសាចក្រហម Manchester United និងក្រុមកាំភ្លើងធំ Arsenal។

យ៉ាងណាក្តីចំពោះការគាំទ្រជាផ្លូវការហើយមានការទទួលស្គាល់ពីក្រុមនៅអង់គ្លេសនោះ គឺមានតែក្រុមអ្នកគាំទ្រក្រុមកាំភ្លើងធំ Arsenal តែប៉ុណ្ណោះដែលបានបង្ហាញខ្លួនលើសារព័ត៌មាន វេបសាយ ក៏ដូចតាមបណ្តាញសង្គមនានាផងដែរ។ ហើយថ្មីៗនេះអ្នកគាំទ្រ Arsenal ផ្លូវការនៅស្រុកខ្មែរបានមើលការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League ជុំគ្នាតាម Zoom លើកទី១ ចំពេលក្រុមកាំភ្លើងធំ Arsenal ឈ្នះទៀត។

ក្រុមការងារកីឡារបស់ CBS SPORT បានសម្ភាសន៍ផ្តាច់មុខជាមួយនឹងតំណាងអ្នកគាំទ្រ Arsenal ផ្លូវការនៅស្រុកខ្មែរ គឺលោក ជា រិទ្ធធេង ជុំវិញរឿងរ៉ាវទាំងអស់នេះ ដូចដែលបានបង្ហាញនៅខាងក្រោមនេះ៖

សំណួរ១៖ ដំបូង តើអ្វីនាំចិត្តឱ្យជុំគ្នាមើលបាល់តាម Zoom នេះជាចំណុចទីមួយ?
ចម្លើយ៖ ចំណុចទី១ ពួកយើងប្រមូលគ្នាមើលបាល់តាម Zoom ហ្នឹង ដោយសារការពីមុនធ្លាប់មានបទពិសោធន៍ Arsenal ទម្លាក់ link Zoom ឱ្យយើង។! link Zoom នៅ Secret Bar ហ្នឹងគឺយើងមើលជុំវិញពិភពលោក fans ជុំវិញពិភពលោកមើល Arsenal លេង ហើយពេល Arsenal ទាត់ចូលចឹង យើងហ៊ោ យើងសប្បាយ បានជុំគ្នា! ម្យ៉ាងការប្រកួតយប់មិញលេងម៉ោងល្អ ម៉ោង៨ ចឹងម្នាក់ៗសុទ្ធតែអត់រវល់ សុទ្ធតែទំនេរ ចឹងយើងអាចមើលបាល់គ្នា ហើយមានបទពិសោធន៍ពីមុនមក ក៏យើងទម្លាក់ link ក្នុងក្រុមប្រហែលជាមួយម៉ោង ឬមួយម៉ោងកន្លះទេ យើងទម្លាក់ព័ត៌មានថាយើងមើលបាល់ជុំគ្នា ក៏មានអ្នកចូលរួមច្រើនដែរ!

សំណួរទី២៖ តើមានផលវិបាកឬភាពងាយស្រួលទេ ព្រោះតាមធម្មតាប្រមូលគ្នាមកមើលបាល់បែបនេះអាចនឹងពិបាក ហើយចំនួនសរុបជុំគ្នាមើលបាល់នឹងបានប៉ុន្មានដែរ?
ចម្លើយ៖ ចំពោះផលវិបាកការមើលបាល់ជុំគ្នាណុង គឺពិបាកត្រង់ថាកម្មវិធីដែលយើងមើល Zoom ហ្នឹងវាដាច់រាល់៤០នាទីម្ដង ចឹងយើងត្រូវដូរ links រហូត ហើយចំនួនមនុស្សចេញចូល ដំបូងចូលប្រហែល១៦នាក់ ដល់តែប្រកួតចាប់ផ្តើមលេងមានគ្នារហូតដល់២២នាក់ (មាននៅប្រទេសអូស្រ្តាលី និងទូទាំងប្រទសកម្ពុជា ខេត្តព្រះវិហារ ខេត្តកំពង់សោម ខេត្តប៉ោយប៉ែត រាជធានីភ្នំពេញ)! មិនមានការលំបាកទេក្នុងការប្រមូលដោយយើងមានក្រុមដែលមានចំនួនមនុស្សដល់ជាង៥០នាក់ ចឹងជិតដល់ម៉ោងយើងទម្លាក់ links ចូលទៅ។

សំណួរទី៣៖ អារម្មណ៍យ៉ាងណាដែរ ពេលបានមើលបាល់ជុំគ្នា ហើយរឿងសំខាន់ទៀតនោះ ក្រុមកាំភ្លើងធំ Arsenal ឈ្នះទៀត តើអ្នកទាំងអស់មានអារម្មណ៍យ៉ាងណាដែរ ហើយមានគម្រោងមើលបាល់ជុំគ្នាតទៅទៀតទេ?
ចម្លើយ៖ ចំពោះអារម្មណ៍មើលបាល់ជុំគ្នា គឺសប្បាយ ជិតស្និទ្ធិ ដូចយើងដឹងស្រាប់សម័យកូវីដ ចឹងយើងអត់អាចមើលបាល់ជុំគ្នានៅតាមហាង ភោជនីយដ្ឋានជុំគ្នាទេ មើលបាល់កន្លងមកគឺមើលបាល់រៀងៗខ្លួន ចឹងមើលកន្លងមកមានហ៊ោមានអីគឺម្នាក់ឯង គឺលក្ខណៈសោះកក្រោះ តែមើលបាល់យប់មិញគឺសប្បាយ ដូចមិត្តភ័ក្តិ បងប្អូនយើងចឹង យើងអង្គុយមើល មានទឹកម្នាក់មួយកែវ មានម្ហូបហូបចុកតិចទៀត ជជែកគ្នាលេងពីទម្រង់លេងក្រុម! ហើយយប់មិញ ក្រុមយើងទទួលបានជ័យជម្នះពីរសូន្យ ចឹងវាសប្បាយរីករាយណាស់ ព្រោះជាការមើលបាល់តាម Zoom លើកទី១ហើយ ក្រុមឈ្នះទៀត ចឹងទាំងអស់គ្នាគឺសប្បាយ ដូចបានឃើញក្នុងវីដេអូនឹងចឹង គឺសប្បាយ! ចំពោះការប្រកួតក្រោយ យើងនឹងមាន បើសិនជាប៉ះម៉ោងល្អ fans នឹងចូលរួមច្រើន ដូចយប់មិញម៉ោង៨ល្អមែនទែន ប្រកួតបន្ទាប់ជាមួយនឹង Villareal នៅទឹកដី Arsenal នឹងទាត់ម៉ោងពីរយប់ ក៏មានការជួបជុំដែរ ប៉ុន្តែមានប្រហែលជា៥ ទៅ៦នាក់ទេ ដោយសារកណ្ដាលអធ្រាត្រ យើងមិនអាចហ៊ោអីទេ ព្រោះអីខ្លាចភ្ញាក់អ្នកផ្ទះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម