Connect with us

ខេត្តសៀមរាបរកឃើញអ្នកវិជ្ជមានជំងឺកូវីដ ថ្មី៤នាក់បន្ថែមទៀត

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបានប្រកាសឱ្យដឹងកាលពីយប់ថ្ងៃទី០៤ ខែឧសភា ថា អ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មីចំនួន៤នាក់ ត្រូវបានរកឃើញជាបន្តបន្ទាប់ និងបានដាក់ឱ្យទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងការគ្រប់គ្រងរបស់ក្រុមការងារនិងសមត្ថកិច្ចជំនាញ នៃព្រឹត្តិការណ៍ការសហគមន៍២០កុម្ភៈ ខេត្តសៀមរាបបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មី ចំនួន៤នាក់ ក្នុងនោះ៖

ទី១- ឈ្មោះ ក្រៀល ហឿត ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរជាបុគ្គលិកផ្នែកលក់ឆ្នោតមហាសំណាង អាសយដ្ឋាននៅភូមិក្រសាំង សង្កាត់ក្របីរៀល ក្រុងសៀមរាប ធ្វើដំណើរមកពីភូមិសន្សំកុសល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គាត់បានមកដល់ភូមិសាស្ត្រខេត្តសៀមរាបនៅវេលាម៉ោង១៨:៥៨នាទី នៅព្រំប្រទល់ខេត្តសៀមរាប-ខេត្តកំពង់ធំ (ស្រុកជីក្រែង-ស្រុកស្ទោង)។ អនុវត្តតាមការណែនាំរបស់ក្រុមការងារនៅព្រំប្រទល់នោះ គាត់បានទៅមណ្ឌលចត្តាឡីស័កគរុកោសល្យ ដើម្បីយកសំណាក។

២- ឈ្មោះ លីស ជី ភេទស្រី អាយុ៣១ឆ្នាំ អាសយដ្ឋាននៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប បម្រើការងារនៅមន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II ដោយបានធ្វើចត្តាឡីស័កនៅផ្ទះ បន្ទាប់ពីរដ្ឋបាលខេត្តសម្រេចបិទមន្ទីរសម្រាកព្យាបាលមួយនេះ និងបានធ្វើវិភាគសំណាកនៅមណ្ឌលចត្តាឡីស័កគរុកោសល្យ។

៣- ឈ្មោះ ហឿល សុភាព ភេទប្រុស អាយុ៤០ឆ្នាំ អាសយដ្ឋាននៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលគាត់បានជូនប្រពន្ធទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II កាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីមានការសង្ស័យ គាត់បានធ្វើចត្តាឡីស័កនៅផ្ទះ និងបានទៅធ្វើវិភាគសំណាកនៅមណ្ឌលចត្តាឡីស័ក។

៤- ឈ្មោះ ពៅ សុគន្ធ ភេទប្រុស អាយុ២ឆ្នាំ អាសយដ្ឋាននៅភូមិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី មកពីខេត្តកោះកុងជាមួយឪពុក និងម្តាយ។ ឪពុកជាបុគ្គលិកក្រុមហ៊ុនសំណង់នៅខេត្តកោះកុង មកដល់ខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ តាមរយៈរថយន្តក្រុងក្រុមហ៊ុនអូឡាំពិច។ អ្នកបើកបរ និងអ្នកដំណើរក្នុងរថយន្តក្រុងនោះ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កគរុកោសល្យ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័កពេលមកដល់ខេត្តសៀមរាប លើកលែងអ្នកដំណើរ៤នាក់បានបន្តដំណើរទៅខេត្តព្រះវិហារ។

អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង៤នាក់ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

គិតត្រឹមថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៥១នាក់ បានព្យាបាលជាសះស្បើយចំនួន១៦នាក់ ស្លាប់១នាក់ដោយអ្នកជំងឺខូចតម្រងនោមធ្ងន់ និង៣៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម