Connect with us

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅក្នុងតំបន់ក្រហម ដរាបណាមិនទាន់បានចាក់វ៉ាក់សាំងជូនប្រជាជនឲ្យអស់ គឺយើងមិនដើរចេញចោលពលរដ្ឋណាម្នាក់នោះទេ

ភ្នំពេញ៖ យោងតាមសារសំឡេងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ០៥ខែឧសភាឆ្នាំ ២០២១នេះ បានលើកឡើងថា កន្លងទៅ នៅក្នុងតំបន់ក្រហម គណៈកម្មការចំពោះកិច្ច បានបញ្ជូនវ៉ាក់សាំងបានចំនួន ៩០ម៉ឺនដូស ជូនទៅកម្លាំងយោធាដែលបានចាក់នៅក្នុងតំបន់ក្រហមជូនប្រជាពលរដ្ឋ ប៉ុន្តែចំនួនប្រជាពលរដ្ឋជាក់ស្ដែងនៅក្នុងតំបន់ក្រហមមានចំនួនប្រមាណជា ៥២ ម៉ឺននាក់។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេសកើនឡើងរហូតដល់ ១លាន ៥សែននាក់ ដែលស្មើនឹង ១៥ ភាគរយនៃចំនួនប្រជាជនដែលត្រូវចាក់។
ចំណែកតំបន់ក្រហម សម្ដេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា ដរាបណាមិនទាន់បានចាក់វ៉ាក់សាំងជូនប្រជាជនឲ្យអស់ គឺយើងមិនដើរចេញចោលប្រជាពលរដ្ឋណាម្នាក់នោះទេ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា វ៉ាក់សាំងដែលបានបញ្ជូនកន្លងទៅប្រមាណជា ៩០ ម៉ឺនដូស គឺអាចចាក់ជូនប្រជាពលរដ្ឋបានប្រមាណជា ៤៤ម៉ឺន នាក់តែប៉ុណ្ណោះក្នុងតំបន់ក្រហម។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមប្រមាណជា ៥២ម៉ឺននាក់គឺយើងមិនខ្វះវ៉ាក់សាំងចាក់នោះទេ។
ក្នុងនោះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅថ្ងៃទី ១១ ខែឧសភាខាងមុខនេះ វ៉ាក់សាំងនឹងមកដល់ប្រទេសកម្ពុជាប្រមាណជា ៥០ម៉ឺនដូស ហើយនៅថ្ងៃទី ១៥ ខែឧសភា វ៉ាក់សាំងនឹងមកដល់បន្ថែមចំនួន ៥០ម៉ឺនដូសទៀត ដូច្នេះសរុបមួយលានដូសនៅក្នុងដៃ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅសម្ដេចពិជ័យសេនា ទៀ បាញ់ ឱ្យណែនាំបន្តទៅខាងកម្លាំងយោធាដែលកំពុងធ្វើប្រតិបត្តិការនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមនៅតែបន្តប្រតិបត្តិការបន្តទៀត ទាំងចាក់ដូសទី១ និងចាក់ដូសទី២ មិនដកថយឡើយ។

នៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមត្រូវបានបិទខ្ទប់ ដូច្នេះបងប្អូនប្រជាពលរដ្ឋរបស់យើងលំបាកហើយ ដូច្នេះយើងត្រូវផ្ដល់ផលប្រយោជន៍ជូនពួកគាត់មុនគេក្នុងការចាក់វ៉ាក់សាំង៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម