Connect with us

តើការលែងលះរវាងលោក Bill Gates និងលោកស្រី Melinda នឹងប៉ះពាល់មូនិធិសប្បុរសធម៌របស់ពួកគាត់យ៉ាងណាខ្លះ?

អាមេរិក៖ ការប្រកាសពីការលែងលះគ្នារវាងលោក Bill Gates និងលោកស្រី Melinda Gates បានបង្កការភ្ញាក់ផ្អើលនៅទូទាំងពិភពលោក និងបានបង្កជាចម្ងល់ថា តើវាអាចមានផលប៉ះពាល់អ្វីខ្លះចំពោះមូលនិធិ Bill និង Melinda Gates ?

សារព័ត៌មាន AFP បានធ្វើសេចក្ដីរាយការណ៍ពីមូលនិធិសប្បុរសធម៌របស់អ្នកទាំងពីរ ចាប់ពីការដំណើរការ រហូតដល់គម្រោងដែលទទួលបានការគាំទ្រពីមូលនិធិនេះ និងផលប៉ះពាល់លើការប្រយុទ្ធនឹងជំងឺរាតត្បាតកូវីដ១៩។

បេសកកម្ម និងថវិកាដ៏ច្រើនសន្ធឹកសន្ធាប់៖

លោក Bill និងលោកស្រី Melinda បានបង្កើតមូលនិធិរបស់ពួកគាត់ឡើង បន្ទាប់ពីពួកគាត់ បានអានអត្ថបទមួយដែលសរសេរពីស្ថានភាពរបស់កុមាររាប់លាននាក់ នៅក្នុងប្រទេសក្រីក្រ ដែលបានស្លាប់ដោយសារតែជំងឺផ្សេងៗដែលអាចព្យាបាលបាន ដូចជា រាគរូស និងរលាកសួត ជាដើម។

FILE – In this April 27, 2018, file photo, a person walks by the headquarters of the Bill and Melinda Gates Foundation in Seattle. Marking another phase in his education agenda, Bill Gates is now taking a more targeted approach to help struggling U.S. schools. The Bill and Melinda Gates Foundation is now funding groups working directly with clusters of public schools in some of the most impoverished regions of the country. (AP Photo/Ted S. Warren, File)

នៅឆ្នាំ២០០០ មូលនិធិ Bill & Melinda Gates ត្រូវបានបង្កើតឡើង ដើម្បីប្រយុទ្ធនឹងជំងឺផ្សេងៗ និងភាពក្រីក្រ នៅលើពិភពលោក។ ជាមួយនឹងបុគ្គលិក ១៦០០នាក់ នៅទូទាំងសាកលលោក មូលនិធិនេះ បានចំណាយប្រហែល ៥ ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដើម្បីគាំទ្រផ្នែកសុខភាពសាធារណៈ និងការអភិវឌ្ឍ។ មូលនិធិនេះ ក៏បានចំណាយថវិកាអស់ ៥៤,៨ ពាន់លានដុល្លារ ចាប់តាំងពីបង្កើតឡើងមក។

ថវិកាជាង ២ពាន់លានដុល្លារ ត្រូវបានប្រើប្រាស់សម្រាប់ការលុបបំបាត់ជំងឺគ្រុនចាញ់។ ចំណែក ទឹកប្រាក់រាប់ពាន់លានដុល្លារទៀត បានរួមចំណែកក្នុងយុទ្ធនាការបញ្ចប់នូវជំងឺស្វិតដៃជើង លើកុមារ។ មូលនិធិរបស់លោក Bill និងលោកស្រី Melinda ក៏បានបរិច្ចាគជាង ៥០លានដុល្លារ អំឡុងពេលការផ្ទុះឡើងនៃជំងឺ អ៊ីបូឡា ក្នុងឆ្នាំ២០១៤។

ជំនួយផ្សេងៗទៀតរបស់មូលនិធិនេះ មានដូចជា៖ អាហារូបត្ថម្ភ អនាម័យ សុខភាពមាតានិងទារក និង ការអភិវឌ្ឍកសិកម្ម។ល។

ការប្រយុទ្ធនឹងជំងឺកូវីដ១៩៖

កាលពីឆ្នាំមុន មូលនិធិ Bill និង Melinda បានជួយ ២៥០ លានដុល្លារ ដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាតដ៏កាចសាហាវនេះ ក្នុងនោះ ថវិកាមួយចំនួន ត្រូវបានប្រើប្រាស់នៅក្នុងការទិញវ៉ាក់សាំងជួយដល់ប្រទេសនៅអនុតំបន់សាហារ៉ា នៃទ្វីបអាហ្វ្រិក និង តំបន់អាស៊ីខាងត្បូង។ ថវិកាខ្លះ ក៏ត្រូវបានផ្ដល់សម្រាប់ការបង្កើតនូវយន្តការ កូវ៉ាក់ (COVAX) ដែលមានគោលបំណងសំខាន់ គឺការផ្ដល់ជំនួយជាវ៉ាក់សាំងកូវីដ១៩ ដល់ប្រទេសកំពុងអភិវឌ្ឍ។ ជារួម មូលនិធិមួយនេះ បានចំណាយប្រមាណ ១,៧៥ ពាន់លានដុល្លារអាមេរិក ចាប់តាំងពីកូវីដ១៩ បានផ្ទុះឡើងជាលើកដំបូង។

FILE PHOTO: Bill and Melinda Gates attend a debate on the 2030 Sustainable Development Goals in Brussels January 22, 2015. REUTERS/Francois Lenoir/File Photo

 

តើថវិកា មានប្រភពពីណា?

គ្រួសារ Gates បានប្រើប្រាស់ថវិកា ២០ ពាន់លានដុល្លារ ពីភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft ដើម្បីផ្គត់ផ្គង់ប្រតិបត្តិការនៃមូលនិធិនេះ កាលពីការចាប់ផ្ដើមដំបូងបំផុត។ ក្រោយៗមក សប្បុរសជនជាងច្រើន បានចូលរួមប្រមាណ ៤៦ ពាន់លានដុល្លារ ជាមួយមូលនិធិរបស់លោក Bill និងលោកស្រី Melinda ។

តើការលែងលះរបស់អ្នកទាំងពីរ គំរាមកំហែងដល់មូលនិធិរបស់ពួកគាត់ដែរឬទេ?

បច្ចុប្បន្ន លោក Bill គឺជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទី៤ នៅលើពិភពលោក។ ទស្សនាវដ្តី Forbes បានរាយការណ៍ថា លោកមានទ្រព្យសម្បត្តិប្រហែល ១៣០ ពាន់លានដុល្លារអាមេរិក។

ការលែងលះនេះ នឹងអាចបង្កជាសំណួរទាក់ទងនឹងការបែងចែកទ្រព្យសម្បត្តិរបស់ពួកគាត់។ អនាគតរបស់មូលនិធិរបស់ពួកគាត់ ត្រូវពឹងផ្អែកលើលក្ខខណ្ឌហិរញ្ញវត្ថុនៃការលែងលះនេះ ដែលគេមិនទាន់បានដឹងនៅឡើយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម