Connect with us

ក្រសួងរ៉ែ និងថាមពល កំពុងរៀបចំច្បាប់ស្តីពីការគ្រប់គ្រងហ្គាស

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល អំពាវនាវឲ្យម្ចាស់ស្ថានីយ៍ហ្គាស ឬអ្នកបញ្ចូលហ្គាសលក់ នៅតាមផ្ទះនៅទូទាំងប្រទេស ត្រូវគោរពតាមបទដ្ឋានស្តង់ដារច្បាប់របស់ក្រសួង ឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការរងទោសទណ្ឌទៅតាមផ្លូវច្បាប់ជាធរមាន ក្រោយពីច្បាប់ស្តី ពីការគ្រប់គ្រងហ្គាសប្រកាសដាក់ឲ្យប្រើប្រាស់នាពេលខាងមុខ។
ថ្លែនៅក្នុងសន្និសីទស្តីពី ពីឧស្ម័ន អិល.ភី.ជី នៅកម្ពុជា ២០១៨ កាលពីម្សិលមិញ ឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា កម្ពុជាបច្ចុប្បន្នក្រៅពីការ នាំចូលប្រេងឥន្ធនៈ ការនាំចូលហ្គាសកំពុងមានសកម្មភាពកាន់តែច្រើនផងដែរ ខណៈដែលកម្ពុជាមានការប្រើប្រាស់ហ្គាសជាច្រើនដូចជានៅតាមគេហដ្ឋាន ភោជ្ជនីយដ្ឋាន និងប្រើប្រាស់សម្រាប់យានយន្តជាដើម។ ក្នុងនោះក្រសួងនឹងរៀបចំបញ្ហានេះឲ្យមានច្បាប់ទម្លាប់ ដើម្បីងាយគ្រប់គ្រង និងការទប់ស្កាត់ការកើតមានជាឧបទ្ទវហេតុផ្សេងៗ ឲ្យបានជាអតិបរិមា។


ឯកឧត្តមបញ្ជាក់ថា ក្រោយពីក្រសួងមានច្បាប់ទម្លាប់សម្រាប់គ្រប់គ្រងនៅលើវិស័យនេះហើយ ចំពោះស្ថានីយ៍ហ្គាស ឬកន្លែងច្រកហ្គាសលក់នៅតាមផ្ទះជាសាធារណៈផ្សេងៗ ក្រ សួងនឹងមានគោលការណ៍ចុះអនុវត្តន៍ជាប្រចាំ ដូចជាការពិនិត្យមើលគុណភាព សុវត្ថិភាព ស្តង់ដារស្ថានីយ៍និមួយៗ ជាពិសេសការច្រកហ្គាសលក់នៅតាមផ្ទះ និងការចែកចាយហ្គាស ជាដើម ហើយចំពោះ អ្នកដែលប្រព្រឹត្តខុសច្បាប់ អាចនឹងជាប់ទោសទណ្ឌផ្សេងៗផងដែរ។
ឯកឧត្តមបានលើកឡើងទៀតថា ពាក់ព័ន្ធនឹងច្បាប់ស្តីពីការគ្រប់គ្រងហ្គាសនេះ កន្លងមកក្រសួងបានបើកកិច្ចប្រជុំពិគ្រោះយោបល់ជាអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធរួចរាល់ និងកំពុងរៀបចំដាក់ជូនក្រសួងយុត្តិធម៌ ស្តីពីដាក់ទោសទណ្ឌ បន្ទាប់មកក្រសួងនឹងបញ្ជូនទៅគណៈរដ្ឋមន្ត្រី មុននឹងដាក់ជូនទៅសភាដើម្បីអនុម័ត៕ 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម