Connect with us

អ្នកជំនាញ ៖ ពិភពលោក កប់ខ្លួនក្នុងសំណល់រឹងកាន់តែលឿនទៅៗ ក្នុងនោះរួមមានទាំងកម្ពុជា

ភ្នំពេញ ៖ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានក្រើនរំលឹកថា ពិភពលោក កំពុងកប់ខ្លួនក្នុងសំណល់រឹងកាន់តែលឿនទៅៗ ហើយ ផ្លាស្ទិក ធ្វើឲ្យកកស្ទះបណ្តាញផ្លូវទឹក ខណៈដែលទីលានចាក់សម្រាម កាន់តែឆាប់ពេញជាងពេលណាៗទាំងអស់ នៅតាមប្រទេសនានានៅលើពិភពលោកទាំងមូល ។ មិនតែប៉ុណ្ណោះ អ្នកជំនាញ ថែមទាំងបានរកឃើញថាសំណល់ផ្លាស្ទិក ជាប់លើផ្ទាំងទឹកកកនៅតំបន់អង់តាទិកថែមទៀតផង ។
ចំណែកឯនៅប្រទេសកម្ពុជាវិញ ក្រសួងបរិស្ថាន បានឲ្យដឹងថា ការចោលសំណល់រឹងនៅទីលានចាក់សម្រាមក្នុងទីក្រុងបានកើនឡើងយ៉ាងឆាប់រហ័សពី ៣១៨.០០០ តោន ក្នុងមួយឆ្នាំ ក្នុងឆ្នាំ២០០៤ ដល់ ១,៥ លានតោន ក្នុងមួយឆ្នាំ នាឆ្នាំ២០១៧ ។ ស្ថានភាពនេះកាន់តែគួរឲ្យព្រួយបារម្ភនៅតាមទីក្រុងធំៗ ដូចជាទីក្រុងភ្នំពេញជាដើម ដែលទំហំនៃសម្រាមមានប្រមាណជាជាង ២.៣០០ តោន ជារៀងរាល់ថ្ងៃ ។
លោក Nick Beresford នាយក UNDP ប្រចាំប្រទេសកម្ពុជា បានលើកឡើងពីរបាយការណ៍កាលពីពេលថ្មីៗ ដែលបានលើកឡើងថា សំណល់ផ្លាស្ទិក បានចូលទៅក្នុងទឹកដែលយើងគ្រប់គ្នាបរិភោគ គឺជារឿងគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។ លោក ក៏បានអំពាវនាវឲ្យមនុស្សទាំងអស់ចូលរួមចាត់វិធានការ ក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយសំណល់ និង ផ្លាស្ទិក។ នេះគឺជាកិច្ចការដែលសំខាន់បំផុត ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជួយសង្គ្រោះភពផែនដីរបស់យើង។


លោក ក៏បានលើកឡើងថា អាចមានដំណោះស្រាយមួយចំពោះបញ្ហាសំណល់រឹង។ នៅពេលដែលពិនិត្យមើលកាន់តែច្បាស់ ឃើញថា សំណល់ជាង ៩០% ក្នុងចំណោមសំណល់ទាំងអស់ មានសម្ភារៈដែលអាចយកទៅកៃច្នៃប្រើឡើងវិញបាន។ ហើយបរិមាណសម្ភារៈដែលអាចយកទៅកៃច្នៃឡើងវិញនេះ ក៏បន្តមានការកើនឡើងជារៀងរាល់ឆ្នាំផងដែរ។
កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានលើកឡើងថា មាគ៌ាមួយសម្រាប់ការអភិវឌ្ឍនៅ កម្ពុជា គឺប្រើប្រាស់អភិក្រមសេដ្ឋកិច្ចចក្រា។ ទស្សនទានដែលទើបតែលេចចេញជារូបរាងនេះ កំពុងទទួលបានការគាំទ្រនៅទូទាំងពិភពលោក ជាពិសេសដើម្បីឱ្យទីក្រុងកាន់តែមានភាពបៃតងប្រកបដោយនិរន្តរភាព។ សេដ្ឋកិច្ចចក្រា មានគោលបំណងកាត់បន្ថយកម្រិតឧស្ម័នមេតាន ជាឧស្ម័នមួយក្នុងចំណោមឧស្ម័នផ្ទះកញ្ចក់ សំខាន់ៗដែលបំភាយចេញពីវិស័យសំណល់ ។
សេដ្ឋកិច្ចចក្រា តម្រូវឱ្យមានការកាត់បន្ថយសកម្មភាពសេដ្ឋកិច្ចជាបណ្តើរៗ ពីការប្រើប្រាស់ធនធានដែលមានកំណត់ និងធ្វើឲ្យគ្មានសំណល់ក្នុងប្រព័ន្ធសេដ្ឋកិច្ច។ ជាមួយនឹងការធ្វើអន្តរកាលទៅរកប្រភពថាមពលកកើតឡើងវិញ គំរូសេដ្ឋកិច្ច ចក្រានេះ នឹងជួយកសាងនូវមូលដ្ឋានសេដ្ឋកិច្ច ធនធានធម្មជាតិ និងធនធានសង្គម ។ គំរូសេដ្ឋកិច្ចចក្រានេះ ផ្អែកតាមគោលការណ៍ចំនួនបី៖

  • កាត់បន្ថយ (reduce)៖ រៀបចំដើម្បីកាត់បន្ថយសំណល់ និងការបំពុល
  • ការប្រើប្រាស់ឡើងវិញ (reuse)៖ រក្សាផលិតផល និងវត្ថុធាតុដើមដែលកំពុងប្រើប្រាស់
  • និង ការកៃច្នៃឡើងវិញ (recycle)៖ បង្កើតប្រព័ន្ធធម្មជាតិឡើងវិញ

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ វេទិកាសេដ្ឋកិច្ចចក្រាពិភពលោកទីពីរ ត្រូវបានរៀបចំឡើងក្នុងប្រទេសជប៉ុន។ វេទិកានេះមានអ្នកចូលរួមជាង ១.០០០ នាក់ មកពីប្រទេសចំនួន ៨០ ក្នុងនោះមានប្រតិភូជាន់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ឯកឧត្តម ឯ វុទ្ធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ប្រកបដោយចីរភាព មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈយ៉ាងមុតមាំក្នុងកិច្ចខិតខំប្រឹងប្រែងជារួម ដើម្បីឈានទៅសម្រចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងឆ្នាំ ២០៣០។ ឯកឧត្តម សូមស្វាគមន៍វិធីសាស្រ្តថ្មីបែបនវានុវត្តន៍ ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមនៃការគ្រប់គ្រងសំណល់ ហើយកម្ពុជា ត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយនឹងដៃគូថ្មីៗ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម