Connect with us

ផ្លាស់ប្តូរតំណែងអភិបាលខេត្តឧត្តរមានជ័យ និង ខេត្តត្បូងឃ្មុំ

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ចំនួន២រូប ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តឧត្តរមានជ័យ និង ខេត្តត្បូងឃ្មុំ នៅក្នុងសប្តាហ៍នេះ ។
បើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ដែលបានចេញនៅថ្ងៃទី ១៤ ខែវិច្ឆិកានេះ បានត្រាស់បង្គាប់តែងតាំង ឯកឧត្តម ប៉ែន កុសល្យ អតីតអភិបាលរងខេត្តត្បូងឃ្មុំ ជាអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ជំនួសឯកឧត្តម ស ថាវី។ ពិធីប្រកាសផ្ទេរតំណែងអភិបាលខេត្តឧត្តរមានជ័យនេះ នឹងប្រព្រឹត្តនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ក្រោមអធិបតីភាពសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងមហាផ្ទៃ។ បើតាម អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអោយអ្នកសារព័ត៌មានដឹងថា ឯកឧត្តម ស ថាវី នឹងមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ ជាអនុរដ្ឋលេខាធិការ ។

គួររំលឹកថា ឯកឧត្តម ស ថាវី ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលឧត្តរមានជ័យ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ជំនួសឯកឧត្តម ប៉ិច សុខិន ដែលត្រូវចូលនិវត្តន៍។
ដោយឡែក កាលពីថ្ងៃម្សិលម៉ិញនេះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ ក៏ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជំនួសឯកឧត្តម លី ឡេង ដែលត្រូវបានតែងតាំងមុខតំណែងថ្មី ។ ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ ពីមុនជាអតីតអភិបាលរងខេត្តបាត់ដំបង និងក្រោយមក បានផ្លាស់ទៅជាអភិបាលរងខេត្តត្បូងឃ្មុំ ។
ចំណែកឯកឧត្តម លី ឡេង អតីតៈអភិបាលខេត្តត្បូងឃ្មុំ នឹងត្រូវទៅកាន់តំណែងថ្មី ជានាយកខុទ្ទកាល័យឯកឧត្តម ស៊ីម កា អនុប្រធានទី១ ព្រឹទ្ធសភា ។ ឯកឧត្តម លី ឡេង បានចូលកាន់តំណែងអភិបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ ដែលមានរយៈពេលជាង មួយឆ្នាំ ៕

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យថ្មី

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំថ្មី

ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យចាស់

ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ ចាស់

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម