Connect with us

ធនាគារអភិវឌ្ឍន៍អាស៊ី នឹងជួយដំឡើងប្រព័ន្ធព្យាករណ៍អាកាសធាតុ Doppler Radar តេជោសែនទី២ ថ្មីមួយទៀត នៅខេត្តកំពង់ធំ

ភ្នំពេញ ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែ វិច្ឆិកា បានទទួលជួបជាមួយនឹងប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលដឹកនាំដោយលោក Jiangfang Zhang នាយកផ្នែកកិច្ចការបរិស្ថាន ធនធានធម្មជាតិ និងកសិកម្ម ប្រចាំតំបន់អាស៊ី អាគ្នេយ៍ ដើម្បីពិភាក្សាការងារ និងរាយការណ៍ជូនលើផែនការការងារយុទ្ធសាស្រ្តថ្មីរបស់ ADB លើវិស័យទឹករបស់ប្រទេសកម្ពុជា ។
បើតាមការចេញផ្សាយលើបណ្តាញទំនាក់ទំនងរបស់ក្រសួង បានអោយដឹងថា ទីស្នាក់ការ កណ្តាល របស់ធនាគារ ADB HQ និង ក្រសួងធនធានទឹក និងឧតុនិយម នឹងអនុវត្តគម្រោងការ ធ្វើអោយប្រសើរឡើងនូវប្រព័ន្ធធារាសាស្រ្តកសិកម្ម (IAIP) ក្នុងខេត្តចំនួន ៥ រួមមាន ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តកំពត ដោយធ្វើទំនើបកម្ម និង ធ្វើការកែលម្អលើប្រព័ន្ធធារាសាស្ត្រទាំងនោះ ឲ្យទៅជាប្រព័ន្ធធារាសាស្រ្តមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលប្រើបានសម្រាប់ស្រោចស្រព បានទាំងរដូវប្រាំង និងរដូវវស្សា។


គម្រោងនេះ នឹងវិនិយោគទៅលើការងារសាងសង់ប្រព័ន្ធប្រឡាយជាបេតុង ប្រវែងជាង ៣៨១ គីឡូម៉ែត្រ ធ្វើទំនប់អាងទឹកជាបេតុង ប្រវែង ៦.៥ គម ធ្វើទំនប់បង្ហៀរខ្នាតធំ រួមនឹង បំពាក់ស្ថា នីយបូមទឹកដើរដោយថាមពលព្រះអាទិត្យខ្នាតធំ ចំនួន ០២ កន្លែង ជាប្រភេទ Smart Pumping Systems។
ក្រៅពីនេះ ក៏មានសាងសង់សំណង់សិល្បការធំតូចដ៏ច្រើន ដើម្បីធានាឲ្យប្រព័ន្ធធារាសាស្ត្រទាំងនោះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ធ្វើការប្រើប្រាស់បានគ្រប់គ្រាន់ក្នុងការស្រោចស្រពវដំណាំស្រូវបាន ៣ ដង ក្នុង១ឆ្នាំ។
ទន្ទឹមនេះ ក៏មានការសាងសង់ប្រព័ន្ធដើម្បីធានាបានលើរបបទឹក ឲ្យនៅតែជាទឹករស់ ទាំងរដូវវស្សា និង រដូវប្រាំង សម្រាប់ប្រព័ន្ធធារាសាស្រ្តទាំងអស់ក្នុងខេត្តទាំង ៥ ។


គម្រោង IAIP ក៏នឹងចំណាយទៅលើការសាងសង់មជ្ឈមណ្ឌលទិន្នន័យទឹកដ៏ទំនើប ដើម្បីធ្វើការគ្រប់គ្រង បញ្ជា ផ្សព្វផ្សាយ ព្យាករណ៍ សំយោគ និងយុទ្ធសាស្ត្រ ដាក់ផែនការដំណោះស្រាយ និងរក្សាទុកលើទិន្នន័យទឹក។ មជ្ឈមណ្ឌលនេហ នឹងបំពាក់សម្ភារៈទំនើបគ្រប់យ៉ាងទាំងអស់ ដែលបំរើឲ្យការបញ្ជា គ្រប់គ្រង និងដាក់យុទ្ធសាស្ត្រទឹក ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងលក្ខណៈ Real Time Forcasting។
IAIP នឹងវិនិយោគទៅលើការងារដំឡើងប្រព័ន្ធ Doppler Radar តេជោសែនទី២ ថ្មី ០១ ទៀត នៅខេត្តកំពង់ធំ ដើម្បីជួយដល់ការព្យាករណ៍ គ្រប់គ្រង ផ្សព្វផ្សាយ និងសំយោគទិន្នន័យទឹក ក្នុង លក្ខណៈត្រឹមត្រូវតាមពេលវេលា Real Times ។
គម្រោងការ ធ្វើអោយប្រសើរឡើងនូវប្រព័ន្ធធារាសាស្រ្តកសិកម្ម (IAIP)នេះ នឹងចំណាយថវិកា សរុបប្រមាណ ១៣៥លានដុល្លាអាមេរិក ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម