Connect with us

កុំភ្លេចចូលរួមគាំទ្រ មហោស្រពចាប៉ីដងវែង នៅក្រុងសៀមរាប ដែលមានរយៈពេល៣ថ្ងៃ

ភ្នំពេញ ៖ អង្គការសិល្បៈខ្មែរអមតៈ ក្រោមការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង អង្គការយូនីស្កូ នឹងរៀបចំនូវមហោស្រពចាប៉ីដងវែង ដែលមានរយៈពេល៣ថ្ងៃ ដើម្បីជាកិច្ចអបអរសាទរខួប២ឆ្នាំ នៃការបញ្ចូលចាប៉ីដងវែងខ្មែរ ឲ្យចូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ។
មហោស្រពចាប៉ីដងវែងនេះ នឹងធ្វើនៅទីតាំងមជ្ឈមណ្ឌលបេតិកភណ្ឌរបស់អង្គការសិល្បៈខ្មែរអមតៈ ក្នុងបរិវេណវត្តរាជបូណ៌ ក្រុងសៀមរាប ពីថ្ងៃទី ៣០ ខែ វិច្ឆិកា ដល់ថ្ងៃទី ២ ខែធ្នូ ។
ដកស្រង់សម្តីដោយសារព័ត៌មាន លោក សុង សេង នាយកនៃមជ្ឈមណ្ឌលបេតិកភណ្ឌនៃអង្គការសិល្បៈខ្មែរអមតៈឲ្យដឹងថា មហោស្រពចាប៉ីដងវែងនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា និងពិភពលោក ដោយមានការសហការពីមូលនិធិក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង ផ្នែកបេតិកភណ្ឌអរូបីនៃអង្គការយូណេស្កូ ។


ព្រឹត្តិការណ៍នេះ នឹងនាំមកជូននូវផ្ទាំងទស្សនីយភាពនៃចម្រៀង និង តន្ត្រីក្នុងទម្រង់សិល្បៈចាប៉ីដងវែង និង ការសម្ដែងសិល្បៈនានា ជាពិសេស គឺការសម្ដែងចម្រៀងចាប៉ីដងវែង ៥ នាក់ ដោយមានព្រឹទ្ធាចារ្យចាប៉ីដងវែង ដែលជាតំណាងឲ្យខេត្តនីមួយៗ និង ការសម្ដែងចាប៉ីទាំង ២ ជំនាន់ផងដែរ ។
លោក សុង សេង ក៏បានអំពាវនាវឲ្យមានទស្សនិកជនកាន់តែច្រើន មកចូលរួម និង បានស្វែងយល់អំពីតម្លៃទម្រង់សិល្បៈចាប៉ីដងវែង ក៏ដូចជាការចូលរួមជួយអភិរក្សផងដែរ ។
គួររំលឹកថា ចាប៉ីដងវែង ត្រូវបានដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិ ដោយអង្គការយូណេស្កូ កាលពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម