Connect with us

ចិន នឹងខិតខំជំរុញការទិញអង្ករពីកម្ពុជាទៅតាមកូតា ៣០ម៉ឺនតោននៅឆ្នាំនេះ

អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនអះអាងថា នឹងខិតខំជំរុញការនាំចូលអង្ករពីប្រទេសកម្ពុជា ឲ្យសម្រេចទៅតាមកូតាដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីកន្លងទៅចំនួន ៣០ម៉ឺនតោន សម្រាប់ឆ្នាំ ២០១៨នេះ។
ការលើកឡើងយ៉ាងដូច្នេះរបស់មន្ត្រីជាន់ខ្ពស់ចិន បន្ទាប់ពីមានការស្នើពីរដ្ឋមន្ត្រីក្រសួងពាណិ ជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ នៅក្នុងជំនួបទ្វេភាគី ជាមួយលោក Wang Shouwen អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃច័ន្ទ នៅប្រទេសសឹង្ហបុរី ជាទីដែលភាគីទាំងពីរនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៣។
ក្នុងជំនួបនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏ពិភាក្សាជាមួយសមភាគីចិនដើម្បីធ្វើយ៉ាងណាជំរុញឱ្យអង្ករកម្ពុជាអាចនាំចេញទៅចិន ៣០ម៉ឺនតោនក្នុង១ឆ្នាំ ដូចដែលបានឯកភាពគ្នា និងបង្កើនបន្ថែមទៀតនាពេលអនាគត។
ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានស្នើឱ្យភាគីចិនមកវិនិយោគនៅកម្ពុជា និងនាំចេញទៅចិនវិញដែលជាគោលនយោបាយឈ្នះ-ឈ្នះ សម្រាប់ភាគីទាំងពីរ។


ជាការឆ្លើយតប លោក Wang Shouwen អនុរដ្ឋមន្រ្តីចិន បានថ្លែងថា ចិនតែងតែលើកទឹកចិត្ត និងគាំទ្រដល់វិនិយោគិនចិនមកវិនិយោគនៅកម្ពុជា។ ចំពោះករណីអង្ករ ភាគីចិននឹងឆ្លើយតបក្រោយពីពិភាក្សាផ្ទៃក្នុងរួច តែជាទូទៅនឹងខិតខំនាំចូលឱ្យដល់ ៣០ម៉ឺនតោន ដែលជាកូតាឆ្នាំ២០១៨។
ក្រៅពីនេះរដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ក៏បានចែករំលែកពីស្ថានភាពវិវត្តន៍នៃសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាវឌ្ឍនភាពកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP ផងដែរ។
យោងតាមរបាយការណ៍ផ្លូវការ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានបញ្ជាក់ថា នៅរយៈពេល១០ខែ (មករា ដល់ តុលា) ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញអង្ករប្រមាណជាង ១១ម៉ឺន ទៅកាន់ទីផ្សារប្រទេសចិនតែប៉ុណ្ណោះ។
របាយការណ៍ដដែលបង្ហាញទៀតថា ក្នុងរយៈពេល ១០ខែឆ្នាំនេះ កម្ពុជា នាំចេញអង្ករសរុបប្រមាណ ៤៣ម៉ឺនតោន ធ្លាក់ចុះ ១៣,២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៧ ដែលមានចំនួន ៤៩ម៉ឺនតោន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម