រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមដំណាក់កាលថ្មីនៃកម្មវិធីអប់រំពិសេស
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសចាប់ផ្តើមអនុវត្តដំណាក់កាលថ្មី និង ជាដំណាក់កាលចុងក្រោយ នៃកម្មវិធីភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ ចាប់ពីឆ្នាំ (២០១៨ ដល់ ២០២១) ដែលជាកម្មវិធីអនុវត្តរួមគ្នា ដោយស្ថាប័នជាច្រើនក្នុងរយៈពេលច្រើនឆ្នាំ ក្នុងគោលបំណងពង្រឹងវិស័យអប់រំក្នុងប្រទេសកម្ពុជា ។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានអោយដឹងថា មូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ (CDPF) បានចាប់ផ្តើមនៅក្នុងឆ្នាំ២០១១ ហើយបានឈានដល់ដំណាក់កាលទីបីក្នុងឆ្នាំ២០១៨ នេះ ដោយមានថវិកាសុរបចំនួន ២៧លានដុល្លារ សម្រាប់អនុវត្តក្នុងរយៈពេលបួនឆ្នាំខាងមុខ ។
ឯកឧត្តម បណ្ឌិត ហង់ ជួន ណារ៉ុន មានប្រសាសន៍ថា ក្រសួង សូមស្វាគមន៍ភាពជាដៃគូសកលសម្រាប់ការអប់រំ និង USAID ក្នុងការចូលរួមជាដៃគូក្នុងកម្មវិធី CDPF ព្រមទាំង រំពឹងនូវកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាងគ្រប់ដៃគូទាំងអស់ នៅក្នុងដំណាក់កាលចុងក្រោយនៃកម្មវិធីនេះ។
បើតាមឯកឧត្តម រដ្ឋមន្រ្តី សកម្មភាពដែលអនុវត្តក្រោមកម្មវិធី CDPF ផ្តោតលើការបង្កើនសមត្ថភាពរបស់ក្រសួង ក្នុងការផ្តល់សេវាអប់រំប្រកបដោយបរិយាបន្ន និងសមធម៌ដល់កុមារគ្រប់រូប និងធានាប្រសិទ្ធភាពនៃការដឹកនាំ និង ការគ្រប់គ្រងបុគ្គលិកអប់រំនៅគ្រប់ជាន់ថ្នាក់ ។ ក្រសួង អប់រំ នឹងបន្តពង្រឹងសមត្ថភាពអ្នកជំនាញអប់រំក្នុងប្រទេសកម្ពុជា ដើម្បីឱ្យកុមារគ្រប់រូបក្នុងប្រទេសនេះ អាចទទួលបានការអប់រំប្រកបដោយបរិយាបន្ន និងគុណភាព ។
កម្មវិធី CDPF ក្នុងដំណាក់កាលថ្មីនេះ នឹងបន្តបំពេញបន្ថែមលើថវិកាអប់រំរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព ក្នុងការផ្តល់សេវាអប់រំឱ្យបានកាន់តែប្រសើរដល់កុមារកម្ពុជាគ្រប់រូប ។
លោក George Edgar ឯកអគ្គរាជទូតសហភាពអឺរ៉ុប បានមានប្រសាសន៍ថា សហភាពអឺរ៉ុប រួមគ្នាជាមួយនឹង SIDA និងយូនីសេហ្វ បានចូលរួមក្នុងកម្មវិធី CDPF ចាប់តាំងពីកម្មវិធីនេះចាប់ផ្តើមដំបូង ។ លោក ជឿជាក់យ៉ាងមុតមាំលើវិធីសាស្រ្ត ដែលក្រសួងអប់រំ យុវជន និងកីឡា និងដៃគូអភិវឌ្ឍន៍ សម្រេចប្រើប្រាស់ក្នុងការអភិវឌ្ឍសមត្ថភាព។ CDPF ផ្តល់លទ្ធភាពឱ្យមានការរៀបចំយុទ្ធសាស្រ្តដែលមានរចនាសម្ព័ន្ធ និងការសម្របសម្រួលល្អ និងមានភាពស៊ីសង្វាក់គ្នា ដោយផ្តោតលើការអភិវឌ្ឍសមត្ថភាព និងការអនុវត្តកំណែទម្រង់នានា ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់មន្ត្រីគ្រប់ជាន់ថ្នាក់របស់ក្រសួងអប់រំ យុវជន និងកីឡា រាប់បញ្ចូលទាំងសាលារៀនផងដែរ។
ដំណាក់កាលទីបីនៃកម្មវិធីនេះ នឹងកសាងបន្ថែមលើជោគជ័យ ដែលសម្រេចបានក្នុងដំណាក់កាលមុនៗ ដើម្បីផ្តល់សេវាអប់រំប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធ ដល់កុមារក្នុងវ័យចូលរៀននៅក្នុងប្រទេសនេះ ដោយផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើការអភិវឌ្ឍចំនួនបីសំខាន់ៗ៖
- ពង្រឹងសមត្ថភាពក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំផែនការ ពិនិត្យតាមដាន គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អនុវត្តលនយោបាយ និងគ្រប់គ្រងកំណែទម្រង់វិស័យអប់រំ ដើម្បីឱ្យលទ្ធផលដែលសម្រេចបានដោយវិស័យនេះ កាន់តែមានភាពប្រសើរជាងមុន
- បង្កើនសមត្ថភាពនៅថ្នាក់ខេត្ត និងស្រុក ក្នុងការរៀបចំផែនការគ្រប់គ្រងពិនិត្យតាមដាន និងធានាឱ្យមានការអនុវត្តគោលនយោបាយនានា ប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យការផ្តល់សេវាអប់រំកាន់តែប្រសើរ
- ពង្រឹងសមត្ថភាព និងគណនេយ្យភាពនៅកម្រិតសាលារៀន ដូចជាសមត្ថភាពគ្រូបង្រៀន និងនាយកសាលាក្នុងការរៀបចំផែនការ បែងចែកថវិកា និងការគ្រប់គ្រង ដើម្បីបង្កើនការចូលរួម និងលើកកម្ពស់ការសិក្សា
កម្មវិធី CDPF (២០១៨-២០២១) ដំណាក់កាលទីបី នឹងកសាងបន្ថែមលើជោគជ័យ ដើម្បីពង្រីកវិសាលភាព និងធានាបាននូវនិរន្តរភាពនៃលទ្ធផលដែលសម្រេចបានក្នុងវិស័យអប់រំក្នុងប្រទេសកម្ពុជាកន្លងមក៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍