Connect with us

២ថ្ងៃទៀត នឹងដឹង ថាតើម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈចំនួន១៤ នៅខេត្តតាកែវ នឹងរងការពិន័យ ឬ យ៉ាងណា ក្រោយរកឃើញលក់សាំងមិនគ្រប់លីត្រ

ខេត្តតាកែវ ៖ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានអះអាងថា នឹងមិនមានការលើកឡើងចំពោះស្ថានីយ៍ប្រេងសាំងដែលលក់មិនមានគុណភាព និង មិនគ្រប់លីត្រនោះទេ បន្ទាប់ពីមន្រ្តី ជំនាញបានចុះរកឃើញ រយៈពេល២ថ្ងៃកន្លងមកនេះ ។
ថ្លែងប្រាប់ស៊ីធីអ៊ិន លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានថ្លែងបញ្ជាក់ថា ចំពោះស្ថានីយ៍ប្រេងសាំងលក់មិនមានគុណភាព មន្រ្តីជំនាញ បានដកហូតយកគំរូទៅវិភាគ នៅអគ្គនាយកដ្ឋានកាំកុងត្រូល ។ លោក ថា ប្រសិនបើរកឃើញថា ប្រេងសាំងទាំងអស់នេះ ពិតជាលក់មិនគ្រប់លីត្រ និង មិនមានគុណភាព ដូចអ្វីដែលមន្រ្តីជំនាញាពិនិត្យ នៅរថយន្តពិសោធន៍មែន នោះ កាំកុងត្រូល នឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ ស្ដីពីការគ្រប់គ្រងទំនិញ និង សេវា ។
ការថ្លែងបញ្ជាក់នេះ គឺបន្ទាប់ពីមានការរិះគន់ថា អគ្គនាយកដ្ឋានកាំកុងត្រូល មិនបានចាត់វិធានការណ៍អោយបានតឹងរឹង ក្រោយរកឃើញស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួន ក្នុងខេត្តតាកែវ បាន លក់សាំងអោយអតិថិជន ដោយមិនគ្រប់លីត្រ បែជាត្រឹមតែអោយធ្វើកិច្ចសន្យាប៉ុណ្ណោះ ។
លោក ប្រធានសាខាកាំកុងត្រូល បានលើកឡើងថា ក្នុងរយៈពេល ២ ទៅ ៣ថ្ងៃទៀត នឹងទទួល បានរបាយការណ៍ពីមន្ទីរពិសោធន៍ធំរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ។ ប្រសិនបើរបាយការណ៍ បញ្ជាក់ថា ពិតជាមិនមានគុណភាព និងគ្រប់លីត្រមែន អគ្គនាយកដ្ឋានកាំកុងត្រូល នឹងចាត់វិធានការណ៍ភ្លាមៗ តាមផ្លូវច្បាប់ ។


លោកបានសង្កត់ធ្ងន់ថា នេះជាការអនុវត្តន៍ច្បាប់ ដោយមិនមានការអប់រំតទៅទៀតនោះទេ ។ ស្ថានីយ៍ណាមួយដែលលក់ប្រេងសាំងមិនគ្រប់លីត្រ ឬ មិនមានគុណភាព ត្រូវតែទទួលការពិន័យទៅតាមច្បាប់កំណត់ ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រេង ឥន្ធនៈនៃអគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយសាខាកាំកុងត្រូលខេត្តតាកែវ បានចុះធ្វើការត្រួតពិនិត្យគុណភាព បរិមាណ និង ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ/ដេប៉ូ នៅខេត្តតាកែវ បានចំនួន ១៩ទីតាំង ។ បន្ទាប់ពីបានធ្វើការត្រួតពិនិត្យចប់សព្វគ្រប់ហើយ ជាលទ្ធផល មន្រ្តីជំនាញ បានរកឃើញថាមានស្ថានីយ/ដេប៉ូចំនួន០៤ ទីតាំង មានអនុលោមភាពទាំងផ្នែកគុណភាព និង បរិមាណ (មានគុណភាព និងគ្រប់លីត្រ) , ១១ ទីតាំង មិនមានអនុលោមភាពផ្នែកបរិមាណ(មិនគ្រប់លីត្រ), ៣ ទីតាំង មិនមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ (មិនមានគុណភាព និងមិនគ្រប់លីត្រ) និង ១ ទីតាំង មិនសហការ។ ដោយឡែក សម្រាប់ថ្លៃលក់រាយ ស្ថានីយ/ដេប៉ូ ចំនួនទាំង ១៩ទីតាំងបានអនុវត្តត្រឹមត្រូវតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម