Connect with us

អង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល​ ដែលបាន និងកំពុងសម្រេចដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

រាជធានីភ្នំពេញ​ ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ ឯកឧត្តមកិត្តិនីតិ​កោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី និងប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលទទួលបន្ទុកដំណើរការតុលាការខ្មែរក្រហម បានជួបជាមួយលោក Miguel de Serpa Soares អគ្គលេខា​ធិការរងទទួល​បន្ទុក​កិច្ចការច្បាប់​ និងជាទីប្រឹក្សា​ច្បាប់​របស់​អង្គការសហប្រជា​ជាតិ​ ដើម្បីពិភាក្សាការងារស្តីពីវឌ្ឍនភាពការងារ និងសមិទ្ធិផលសម្រេចបានរបស់តុលាការខ្មែរក្រហម ចាប់តាំងពីឆ្នាំ២០០៦ រហូតមកទល់ពេលបច្ចុប្បន្ននេះ​ ។

ឯកឧត្តម​ ប៊ិន ឈិន បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក​ អគ្គលេខាធិការង ដែលត្រូវបានលោក Antonio Guterres អគ្គលេខាធិការ អ.ស.ប ចាត់តាំងឱ្យធ្វើជាតំណាងមកចូលរួមពិធីប្រកាសសាលក្រមសំណុំរឿង០០២ ដំណាក់ទី២ ដែល អ.ស.ប តែងតែផ្តល់ការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះដំណើរការកាត់សេចក្តីរបស់តុលាការខ្មែរក្រហម ។

ឯកឧត្តម​ ក៏បានលើកឡើងផងដែរថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងការគាំទ្រពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រហូតមកទល់ពេលនេះ តុលាការកូនកាត់នេះ បាន និងកំពុងសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើនទាំងផ្នែកយុត្តាធិការ និងមិនមែនផ្នែកយុត្តាធិការ​ ។ ជាងនេះទៅទៀត តុលាការ​ ក៏បាន និងកំពុងបន្សល់ទុកកេរដំណែលដ៏ល្អ​នៅក្នុងសង្គមកម្ពុជា ហើយក៏បានផ្ទេរចំណេះដឹង និងបទពិសោធន៍​ ទៅតុលាការជាតិ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតផងដែរ។ ជាពិសេស ការ​ប្រកាស​សាល​ក្រមនៅក្នុងសំណុំ​រឿង០០២/០២ ដែល​គ្រោងនឹងធ្វើ​នៅ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នឹងបង្ហាញ​ពី​សមិទ្ធិផល​ដ៏សំខាន់​មួយ​ទៀត ​នៃ​ការងារ​របស់​ អ.វ.ត.ក ហើយដំណើរ​ការនេះ ​នឹង​ត្រូវ​កត់ត្រា​ជា​តម្លៃប្រវត្តិសាស្រ្តសម្រាប់​ប្រជាជន​កម្ពុជា។

ជាការឆ្លើយតប លោក Miguel de Serpa Soares សូមគាំទ្រទាំងស្រុងចំពោះសមិទ្ធផលទាំងផ្នែកយុត្តាធិការ និងមិនមែនផ្នែកយុត្តាធិការយ៉ាងច្រើន ដែលកំពុងសម្រេចបានដោយតុលាការខ្មែរក្រហម និងសូមវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តយ៉ាងមោះមុត និងការរួមចំណែកជាថវិកា និងជាសម្ភាររបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ទ្រទ្រង់ដល់ដំណើរការរបស់សាលាក្តី ។ ជាមួយគ្នានោះដែរ លោក អគ្គលេខា​ធិការរង ក៏បានលើកឡើងអំពីលិខិតរបស់ អគ្គលេខា​ធិការ អ.ស.ប ដែលបានផ្ញើជូនសម្តេចនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ និង​ បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ចំនួនពីរចំណុច រួមមានៈ ទី១-ស្នើសុំបោះឆ្នោតគាំទ្រសំណើឧបត្ថម្ភធនដល់ភាគីអន្តរជាតិ និងទី២-បន្តផ្តល់ថវិកាដល់ភាគីជាតិនៃអ.វ.ត.កនៅឆ្នាំ២០១៩។

ឯកឧត្តម ប៊ិន ឈិន បានជម្រាបជូនថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឆ្លើយតបជាវិជ្ជមានទៅនឹងសំណើស្នើសុំរបស់អគ្គលេខាធិការ អ.ស.ប ដូចដែលរាជរដ្ឋាភិបាលធ្លាប់បានអនុវត្តក្នុងរយះពេល៤ឆ្នាំកន្លងមក រួមមាន៖ ទី១- រាជរដ្ឋាភិបាល បន្តគាំទ្រសំណើឧបត្ថម្ភធនដល់ភាគីអន្តរជាតិនៃ អ.វ.ត.ក និង ទី២-រក្សាការរ៉ាប់រងលើចំណាយប្រតិបត្តិការទូទៅ និងផ្តល់ប្រាក់បៀវត្សយ៉ាងតិចចំនួន៦ខែដំបូង សម្រាប់ចៅក្រម មន្ត្រីច្បាប់ និងបុគ្គលិកជាតិ នៅឆ្នាំ២០១៩ ដែលមានទឹកប្រាក់សរុបចំនួន៣,៩០លានដុល្លារអាមេរិក​ (២,៣០ លានដុល្លារអាមេរិក សមា្រប់ប្រាក់បៀវត្ស និង ១,៦០លាន ដុល្លារអាមេរិក សម្រាប់ចំណាយប្រតិបត្តិការទូទៅ)។ គោលការណ៍នេះ នឹងយកទៅប្រកាសដោយតំណាងអចិន្រ្តៃយ៍របស់កម្ពុជានៅ អ.ស.ប ចំពោះមុខគណៈកម្មាធិការទី៥ ដែលគ្រោងនឹងប្រជុំពិភាក្សា និងសម្រេចនៅចុងឆ្នាំ២០១៨នេះ។

ឯកឧត្តម​ ប៊ិន ឈិន និងលោក Miguel de Serpa Soares យល់ឃើញពីភាពចាំបាច់ក្នុងការថែរក្សាកេរដំណែលរបស់ តុលាការខ្មែរក្រហម ដើម្បីឱ្យសាធារណៈជន និងអ្នកស្រាវជ្រាវបានយល់ដឹង​អំពីដំណើរការកាត់សេចក្តី និងសមិទ្ធផលទាំងអស់ និងបានស្នើសុំឱ្យបណ្តាប្រទេសផ្តល់ជំនួយទាំងអស់ បន្តផ្តល់ថវិកាដើម្បីបញ្ចប់បេសកកម្ម និងការងាររបស់ខ្លួន ទៅដោយរលូន ជោគជ័យ និងប្រកបដោយកិត្តិយស។

ឯកឧត្តម ប៊ិន ឈិន និងលោក Miguel de Serpa Soares ឯកភាពគ្នាថា​ នឹងទៅចូលរួមធ្វើជាសាក្សីនៅក្នុងពិធីប្រកាសសាលក្រមនៅក្នុងសំណុំ​រឿង០០២/០២ ដែលមានអ្នកចូលរួមប្រមាណ១ ០០០នាក់ពីគ្រប់មជ្ឈដ្ឋានទាំងអស់ និងមានការផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជា (TVK) និងទូរទស្សន៍ឯកជនដ៏ទៃទៀត ព្រមទាំងមានបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិមកធ្វើការផ្សព្វផ្សាយផ្ទាល់ពី អ.វ.ត.ក ផងដែរ។ ជាពិសេស ភាគីទាំងពីរ ក៏បានឯកភាពគ្នាលើសេចក្តីប្រកាសរួម៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម